សេដ្ឋកិច្ចវិទូបានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២នៃឆ្នាំនេះត្រូវបានគេរំពឹងថានឹងកើនឡើងលើសពីការព្យាករ៣,៤ភាគរយរបស់លោក Apisak Tantivorawong រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចថៃ។
លោក Tim Leelahaphan សេដ្ឋកិច្ចវិទូ នៅក្នុងធនាគារ Maybank Kim Eng Securi ties នៅប្រទេសថៃបានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចក្នុងត្រីមាសចាប់ពីខែមិថុនា ដល់ខែកក្កដាបានឈានដល់៣,៥ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយកើនឡើង១ភាគរយបើធៀបនឹងត្រី មាសមុនដោយសារតែការជំរុញដោយផ្នែក វិស័យទេសចរណ៍និងការចំណាយសាធា រណៈ។
ការចំណាយសាធារណៈបានកើនឡើង ១៨,២ ភាគរយនៅក្នុងត្រីមាសទី២ ពោល គឺកើនឡើងពី៨,៧ភាគរយកាលពីត្រីមាសទី១ ។ ការមកដល់នៃភ្ញៀវទេសចរមានចំនួន ៧,៦លាននាក់ក្នុងត្រីមាសទី២នេះ។
លោកបានបន្តទៀតថា ការងើបឡើងនៃការប្រើប្រាស់សេវាសាធារណៈការវិនិយោគឯកជននិងផលិតផលឧស្សាហកម្ម ក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី២ដែរ។
លោក Tim បានមានប្រសាសន៍ថា ការទិញទំនិញដែលទុកបានយូរធ្វើឱ្យមានការងើបឡើងចំពោះវិស័យប្រើប្រាស់ឯកជន ខណៈដែលកំណើនឧស្សាហកម្មត្រូវបានជំរុញដោយការនាំចេញទំនិញដូចជា គ្រឿងអគ្គិសនី រថយន្ត និងម៉ាស៊ីនត្រជាក់ ជាដើម។
លោកបានបញ្ជាក់ទៀតថាដោយសម្លឹងមើលពេលខាងមុខ រដ្ឋាភិបាលយោធានេះនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចហើយជួយពង្រឹងវិស័យកសិកម្មដែលទទួលរងដោយគ្រោះរាំងស្ងួត។ យើងនៅតែរក្សាបាននូវការព្យាករ កំណើនសេដ្ឋកិច្ចរបស់យើងក្នុងកម្រិត៤ ភាគរយដដែលក្នុងឆ្នាំនេះ។
លោក Apisak នាពេលថ្មីៗនេះបានព្យា ករថា កំណើនសេដ្ឋកិច្ចនឹងកើនឡើងក្នុង អត្រាប្រចាំឆ្នាំចំនួន៣,៤ភាគរយនៅក្នុងត្រីមាសទី២ពោលគឺកើនលើសអត្រា៣,២ ភាគរយក្នុងត្រីមាសទី១ ។
លោកស្រី Nalin Chutchotiham សេដ្ឋកិច្ចវិទូរបស់ធនាគារ HSBC នៅ ប្រទេសថៃបានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចពីមួយត្រីមាសទៅមួយត្រីមាស ត្រូវបានគេរំពឹងថានឹងកើនឡើងដល់០,៩ ភាគរយ។
លោកស្រីបានបន្តទៀតថា ចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ចនៅពាក់កណ្តាលទី២នៃឆ្នាំនេះត្រូវបានគេរំពឹងថាមិនសូវល្អទេ ដោយសារតែមានបញ្ហាលើការប្រើប្រាស់ឯកជន បំណុលផ្ទះកើនឡើង តម្លៃកសិផល ធ្លាក់ចុះ ពាណិជ្ជកម្មសាកលលោកធ្លាក់ចុះដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ថៃហើយនឹងការជះឥទ្ធិពលទៅលើចំណាយសាធារណៈជាដើម។
លោកស្រីក៏បានបន្ថែមទៀតថា វិស័យ ទេសចរណ៍ក៏នឹងមិនត្រូវបានគេរំពឹងថា នឹងកើនឡើង២ខ្ទង់ដែរនៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ។
ធនាគារ HSBC បានព្យាករថាកំណើនសេដ្ឋកិច្ចថៃនឹងកើន២,៨ភាគរយនៅក្នុងឆ្នាំ២០១៦៕
ដោយ៖ រ័ត្ន