ប្រលោមលោកប្រចាំថ្ងៃសៅរ៍÷រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

ចែករំលែក៖

អាកាសធាតុ ត្រជាក់ក្តៅ ក្តៅត្រជាក់ បានប្រែប្រួលនិងផ្លាស់ប្ដូរទៅតាមរដូវកាល ធ្វើឱ្យមនុស្សលោកមួយចំនួនធុញទ្រាន់ នឹងការរស់នៅ ដោយខ្លះរិះគន់ថាក្តៅពេក ឯខ្លះទៀតថា ត្រជាក់ពេក ។ គិតទៅធម្មជាតិមិនអាចផ្គាប់ផ្គន់ចិត្តមនុស្សបានឡើយ។

យ៉ាងណាមិញស្នេហារវាងវិសាល និង ភាវី ហាក់ប្រែប្រួលដូចខ្យល់បោកបក់លើចុងស្រល់ និងប្រៀបបានបេះដូងដើរមិនស្មើសង្វាក់ដូចពីមុនឡើយ។ ថ្ងៃនេះវិសាល តប់ប្រមល់យ៉ាងខ្លាំង គេរៀនមិនចូលទេ ហើយបានកាន់សៀវភៅទៅអង្គុយលើបង់មួយក្រោមដើមជម្ពូនៃសាលាកសិកម្មចំការដូង។ គេកំពុងគិតថា តើភាវី ប្ដូរចិត្តនិងប្រែប្រួលរហ័សម្ល៉េះចំពោះស្នេហារវាងគេទាំងពីរនាក់ដែលធ្លាប់តែសច្ចាជាមួយគ្នាថែរក្សាស្នេហានេះជាអមតៈនោះ។
វិសាល យកដៃញីថ្ងាស និងកំពុងសញ្ជឹងគិតថា តើពេលនេះគេអាចទូរស័ព្ទទៅកាន់ ភាវី គូសង្សារសំណព្វចិត្តម្ដងទៀតឬយ៉ាងណា? ប្រសិនបើទូរស័ព្ទចូលហើយ ភាវីមិនទទួលឬសោះអង្គើយដាក់ខ្លួនម្ដងទៀត តើគួរគិតធ្វើយ៉ាងណា? គួរបន្តចំណងស្នេហ៍ឲ្យផ្អែមល្ហែមដូចពេលមុនទៀតឬក៏គួរតែបញ្ចប់ដោយការឈឺចាប់? ក្នុងខួរក្បាលដែលកំពុងចាក់ស្រេះបញ្ហាស្នេហាលាយឡំនឹងការសិក្សាផងនោះទីបំផុត វិសាល សម្រេចចិត្តចុចទូរស័ព្ទទៅកាន់ ភាវី ដើម្បីបញ្ជាក់ជំហរចុងក្រោយរបស់គេនិងនាង។
ទូរស័ព្ទវិសាល បានបន្លឺឡើងច្រើនលើកទើបគេឃើញភាវីលើកទទួល
– ភាវីទទួល! តើអ្នកណាហ្នឹងទូរស័ព្ទមកកាន់ខ្ញុំ? (ភាវីលើកទូរស័ព្ទនិយាយ តែសំដីនេះធ្វើឲ្យវិសាលធ្លាក់ថ្លើមក្តុក ព្រោះនឹកគិតថាទូរស័ព្ទធ្លាប់ទាក់ទងគ្នារាល់តែដងសោះ ហេតុអ្វីពេលនេះភាវីបែរជាមិនចាប់អារម្មណ៍នឹងធ្វើមិនស្គាល់)
– គឺបង វិសាលខលទៅអូន! តើអូនសុខសប្បាយទេ? ហើយការងាររបស់អូនដំណើរការល្អធម្មតាទេឬ? ហេតុអីបងខលទៅអូនច្រើនលើកហើយទូរស័ព្ទរោទិ៍តែអូនមិនទទួល?
-….គឺ វិសាលទេហ្អេ! (ភាវីនិយាយទាំងកំបុត) សុខសប្បាយជាធម្មតាទេ តើវិសាលមានការអីឬ?
ប្រៀបបានដូចដុំថ្មសង្កត់លើដើមទ្រូង វិសាល កាលបើស្ដាប់បានសំដីទាំងនេះហើយ ធ្វើឲ្យមាណពយើងអួលដើមកនិយាយមិនចង់រួច ។
– ម៉េចក៏អូនឆ្លើយយ៉ាងនេះ? អូនប្រែប្រួលខ្លាំងម៉្លេះ អូនភ្លេចហើយឬអនុស្សាវរីយ៍រវាងយើងទាំងពីរកាលនៅភ្នំពេញ?
– សូមចាត់ទុកជាសុបិនទៅចុះ ឈប់រំលឹករឿងនេះទៀតទៅ…យើងមិនមែនជាគូនឹងគ្នាទេសូម វិសាល ផាត់ខ្ញុំចោលប្រៀបបានបាត់ពីស្រមោលផែនដីនេះទៅចុះ..
– ម៉េចអូននិយាយអ៊ីចឹង! បងធ្វើអីខុសឬបានជាអូនផ្លាស់ប្ដូរចិត្តលឿនម៉្លេះ? បងមិនយល់ទេ ព្រោះតែចង់រក្សាស្នេហ៍ស្មោះ បងសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដោយសុខចិត្តនៅរៀនដើម្បីអនាគតបានការងារធ្វើខ្ពង់ខ្ពស់ ហើយបងនឹងរៀបការជាមួយអូន…
– សូមការរំពឹងទុកបែបនេះអី សូមចាត់ទុកថាជាការបរាជ័យរបស់យើងទាំងពីរទៅចុះ ព្រោះអីខ្ញុំមិនសង្ឃឹមថាយើងទាំងពីររស់នៅជាគូអនាគតបានទេ
– ហេតុអីទៅ? ឬមួយអូនមានអ្នកថ្មីហើយមែនទេ?
_ ស្រេចតែវិសាលយល់ឃើញទៅចុះ…ខ្ញុំគ្រាន់តែប្រាប់ថា ពីថ្ងៃនេះទៅឈប់មានការទំនាក់ទំនងជាមួយខ្ញុំទៀត ខ្ញុំមានសុភមង្គលហើយ…
– ពុទ្ធោ! បានន័យថាអូនមានគូថ្មីហើយមែនទេ?
– ខ្ញុំមិនហ៊ានឆ្លើយទេសំណួរនេះតែសូម វិសាល គិតខ្លួនឯងមើលទៅ ។ សូមចាត់ទុកយើងទាំងពីរជាមិត្តភក្តិធម្មតាទៅបានហើយ…ប៉ុណ្ណឹងចុះ ខ្ញុំរវល់ការងារ ….(និយាយស្ទើរចប់មិនទាន់ភាវីបិទទូរស័ព្ទក្រឹប ទាក់ទងលែងបាន)
– អាឡូ! អាឡូ! ភាវី…ភាវី អូនកុំអាលទៅណា យើងនិយាយគ្នាឱ្យអស់ចិត្តសិន! ( វិសាល ខំនិយាយទាំងរន្ថើនទៅកាន់សង្សារ តែគ្មានលទ្ធផល ព្រោះ ភាវី បិទទូរស័ព្ទធ្វើឲ្យទំនាក់ទំនងលែងបានទៅហើយ)
ប្រៀបបានរស់នៅក្នុងភពងងឹតគ្មានពន្លឺរស្មី ។ ផែនដីមិនទាន់ក្រឡាប់ចាក់ក៏ពិតមែន តែពេលនេះ វិសាល គិតថា សង្សារសំណព្វចិត្តរបស់គេ ពិតជាកំពុងគូសឈើគូសបញ្ឆេះដុតឱ្យខ្លោចនូវចំណងស្នេហ៍គេទាំងពីរឲ្យបាត់ស្រមោលអនុស្សាវរីយ៍យ៉ាងពិតប្រាកដ។
ឱ!ធម្មជាតិអើយ! បង្កើតស្នេហ៍ហើយ ហេតុអ្វីធ្វើឲ្យនិរាសព្រាត់ប្រាស់លឿនម៉្លេះ? ពិតជាអយុត្តិធម៌ណាស់សម្រាប់កំលោះវិសាល ដែលខំរក្សាចិត្តស្មោះចំពោះសង្សារប៉ុណ្ណឹងហើយនៅថែមិនជាប់ទៀត។ នេះហើយឬចិត្តស្រី?
ពេញមួយម៉ោង វិសាល មិនបានចូលថ្នាក់រៀននឹងគេទេ ដោយជាប់រវល់និយាយទូរស័ព្ទទៅកាន់សង្សារក្នុងន័យសម្ដែងចិត្តស្មោះចំពោះភាវី។ ផ្ទុយទៅវិញភាពចិត្តស្មោះទាំងនេះប្រែជារលាយសូន្យ ដោយទទួលមកវិញត្រឹមការឈឺចាប់តែប៉ុណ្ណោះ។ ពេលនេះអ្វីៗត្រូវបញ្ចប់។ វិសាលស្រាលខ្លួនស្ងើកដូចសំឡី ។ នាយយើងដើរកាន់សៀវភៅទាំងអាការៈធីងធោងសំដៅទៅថ្នាក់រៀន ហើយទោះបីមិត្តភក្តិរៀនជាមួយ ឃើញវិសាលសម្ដែងទឹកមុខស្រពាប់ស្រពោនចង់សួរនាំពីអាការៈមិនល្អបណ្ដាលមកពីរឿងអ្វី ក៏វិសាលមិនស្រដីមួយមាត់ប្រាប់មិត្តភក្តិឲ្យដឹងឡើយ។ គេកំពុងបៀមទុក្ខ នៃការនិរាសព្រាត់ប្រាស់ស្នេហា និងកំពុងបន្ទោសខ្លួនឯង មិនគួរស្រឡាញ់ស្រី ក្នុងវ័យសិក្សា ដូចចម្រៀងលោក ប៊ុន ចាន់ថន ច្រៀងក្នុងទសវត្សឆ្នាំ ៩០ នោះឡើយ។
(នៅមានតទៅថ្ងៃសៅរ៍ក្រោយ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print