ភ្នំពេញ៖ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន៥០,០០០ដុល្លារអាមេរិក( ប្រាំមុឺនដុល្លារ ) របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ចាន់ សារិន នាយកប្រតិបត្តិ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដើម្បីសាងសង់មណ្ឌលសម្រាប់ស្នាក់នៅ និងបណ្តុះបណ្តាលជូនកុមារខ្សោយសតិបញ្ញា ចំនួន៧០នាក់ នៅលើផ្ទៃដី១,៣៧១ម៉ែតក្រឡា ស្ថិតនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
លោកស្រីអគ្គលេខាធិការ បានមានប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ស្ថាបនិក បុគ្គលិក និងក្មួយៗខ្សោយសតិបញ្ញា ទាំងអស់នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់នូវមនោសញ្ចេតនា ក្តីអាណិតស្រឡាញ់ និងជួយសម្រាលទុក្ខលំបាកចំពោះក្មួយៗ ដោយមិនរើសអើង ពីនិន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរអ្វីឡើយ ។
សូមជម្រាបថា : ថវិកា៥មុឺនដុល្លារអាមេរិកនេះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់ជូនអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាសដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា គ្រូ បុគ្គលិក និងគ្រូពេទ្យ នៅបុរីទារក និង កុមារជាតិ ស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ដោយ៖ សុវណ្ណារ៉ា