ខេត្តសៀមរាប ៖ ទោះ មិនបានចុះឈ្មោះចូលរួមការប្រកួត ប៉ុន្តែ ដោយក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរ មានប្រជាពលរដ្ឋជាច្រើន បានរៀនសរសេរតាមអាន ក្នុងព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ នៃសំណេរអង្គរ នាបរិវេណស្ពានហាលអង្គរ ខណៈអ្នកខ្លះអង្គុយត្រង់ត្រាប់ស្ដាប់យ៉ាងស្ងៀមស្ងាត់ ។
សូមបញ្ជាក់ថា ៖ ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ មានគោលបំណងចូលរួមចំណែកផ្សព្វផ្សាយនិងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួមប្រកួតសរសេរតាមអានជាង ១២០០អង្គ/នាក់ ចាប់ពីអាយុ ៦ឆ្នាំ ដល់៨១ឆ្នាំ រួមទាំងព្រះសង្ឃផងដែរ។
ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាអ្នកអានអត្ថបទប្រកួត សម្រាប់បេក្ខជនប្រកួតដោយផ្ទាល់ ជាមួយនឹងបេក្ខជនជាង១ ២០០ អង្គ/នាក់ ៕
ដោយ ៖ សិលា