ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ បន្ទាប់ពីមានបុរសម្នាក់បើករថយន្តford ranger មួយគ្រឿងបត់ឆ្លងផ្លូវ ក៏ត្រូវជនរងគ្រោះជិះម៉ូតូម៉ាកhonda beat ជ្រុលទៅបុកពីចំហៀងរថយន្ដយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ទល់មុខ ច្រកចូលសាលាខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ មួន ចាន់នី ភេទប្រុសអាយុ៣១ ឆ្នាំមុខរបរ ជាងដេគ័រ មានស្រុក កំណើតភូមិ ស្រឡៅ ឃុំងន ស្រុកសណ្តាន់ ខេត្ត កំពង់ធំ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង ថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ford ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BP0636 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុខាងលើក៏បានបត់ឆ្វេងឆ្លងផ្លូវគោលបំណងចូលទៅច្រកសាលា ខណ្ឌមានជ័យ ខណះដែលរថយន្តបត់កាត់ទទឹងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ1K 9694 បានធ្វើដំណើរយ៉ាងលឿនតាម បណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជើង ដោយចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកនិងរថយន្តចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូ ខ្ទេចស្រុញផ្នែកខាងមុខ ជនរងគ្រោះបោកក្បាលស្លាប់យ៉ាង អាណោចអាធ័មនៅកន្លែងកើត ។ ដោយឡែកខាងម្ចាស់រថយន្តវិញបានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ