ខ្សែប្រយុទ្ធ Kylian Mbappe រកបាន២គ្រាប់ ខណៈដែល Real Madrid បានវាយបកផ្តួលក្រុមភ្ញៀវ Las Palmas ៤ទល់១ដើម្បីឡើងលើកំពូលតារាង La Liga វិញគិត្រឹមសប្តាហ៍ទី២០នេះ។
ការស៊ុតបាល់បញ្ចូលទីបើកឆាករបស់ Fabio Silva បានធ្វើឱ្យក្រុមភ្ញៀវ Las Palmas នាំមុខមួយគ្រាប់ត្រឹមតែ១នាទីនៃការប្រកួតក្នុងតង់ទី១ដ៏គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែ Mbappe បានតាមស្មើពីការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពី Sandro Ramirez បានបង្កកំហុសលើ Rodrygo នៅនាទីទី១៨។
Brahim Diaz បានស៊ុតបាល់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះនាំមុខវិញពីការបញ្ជូនបាល់របស់ Lucas Vazquez នៅនាទីទី៣៣ដើម្បីផ្តល់ឱ្យ Real Madrid នាំមុខ និងការរកបានគ្រាប់បាល់ទី៣ដ៏ល្អឥតខ្ចោះពី Mbappe នៅនាទីទី៣៨ ក្នុងតង់ទី១ ដែលនេះជាគ្រាប់ទី១២របស់គាត់ក្នុងលីករដូវកាលនេះបានធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti នាំមុខ៣ទល់១ក្នុងតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ កីឡាករ Rodrygo បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៤ពីការបញ្ជូនបាល់របស់ Fran Garcia នៅនាទីទី៥៧ ខណៈដែលការគ្រប់គ្រងបាល់របស់ Real Madrid មានភាគរយច្រើនរហូតដល់ចប់ការប្រកួត។
កីឡាករបម្រុងពាក់កណ្តាលតង់របស់ Las Palmas គឺ Benito Ramirez ត្រូវបានបណ្ដេញចេញ បន្ទាប់ពីជំនួយការវីដេអូ (VAR) ពិនិត្យលើកំហុសរបស់គាត់ពីការប៉ះទង្គិចជាមួយ Vazquez នៅនាទីទី៦៤។
លទ្ធផលនេះមានន័យថា Real Madrid ឈរនៅលើកំពូលតារាង មាន២ពិន្ទុដាច់លើក្រុម Atletico Madrid ដែលបានចាញ់ក្រុម Leganes កាលពីថ្ងៃសៅរ៍។
Real Madrid មានគ្រាប់បាល់ចំនួន៣ដែលត្រូវបានមិនឲ្យ ព្រោះតែបាល់ offside រួមទាំងអ្វីដែលអាចជាគ្រាប់បាល់ Hat-trick សម្រាប់ Mbappe ខណៈដែលខ្សែបម្រើជម្រើសជាតិអង់គ្លេស Jude Bellingham បានខកខានឱកាសជាច្រើនផងដែរ។
ការប្រកួតបន្ទាប់ Real Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Red Bull Salzburg ក្នុង Champions League នៅរាត្រីថ្ងៃទី២៣ ខែមករាខាងមុខនេះ៕ (រូបភាព ៖ BBC)