ខេត្តសៀមរាប ៖ បេក្ខជនប្រលងសរសេរតាមអានជាសាធារណៈ ក្នុងកម្មវិធីសំណេរអង្គរលើកទី២ ដែលជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេ ក្នុងក្រុមអាយុ ១៩ ឆ្នាំឡើងគឺបេក្ខជន អូន ប៉ី មកពីខេត្តសៀមរាប។ (អត្ថបទខាងក្រោមនេះជាសំណេរចម្លងឡើងវិញរបស់បេក្ខជន)។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី បានប្រសាសន៍ថា ការរៀបចំកម្មវិធីសំណេរអង្គរលេីកទី២ នៅស្ពានហាលអង្គ គឺជាការសរបញ្ជាក់ឱ្យឃេីញពីការផ្សារភ្ជាប់គ្នានូវអត្តសញ្ញាណជាតិគ្រប់ទម្រង់ដែលជាកេរដំណែលមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកពីបុព្វបុរសខ្មែរគ្រប់ជំនាន់។
មិនតែប៉ុណ្ណោះ កម្មវិធីនេះគឺជាវេទិកាដ៏មានសារៈសំខាន់ដែលបានចូលរួមចំណែកលេីកតម្កេីងវប្បធម៌ និងអត្តសញ្ញាណជាតិខែ្មរឱ្យកាន់តែមានតម្លៃ និងរស់រវេីកក្នុងបរិបទសកលភាវូបនីយកម្ម និងការរីកចម្រេីននៃបច្ចេកវិទ្យានូវបដិវត្តន៍ឧស្សាហកម្ម៤.០។
លោក ហ៊ុន ម៉ានី គូសបញ្ជាក់ដែរថា ការចូលរួមរបស់បេក្ខជនទាំងអស់មកពីគ្រប់មជ្ឈដ្ឋានគឺជាការឆ្លុះបញ្ចាំងឱ្យឃេីញពីមនសិការស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រខ្មែរ ដែលសកម្មភាព នេះនឹងក្លាយជាចលនាជំរុញស្មារតីលេីកកម្តេីងវប្បធម៌ជាតិរបស់ប្រជាជនខ្មែរ។
ទន្ទឹងគ្នា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានលេីកឡេីងថា ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ក្នុងការលេីកកម្ពស់ និងលេីកតម្កេីង អក្សរសាស្ត្រខ្មែរ ពិសេសជួយដាស់ស្មារតីឱ្យប្រជាជនខ្មែរយកចិត្តទុកដាក់កែប្រែទម្លាប់ក្នុងការសរសេរអក្ខរាវិរុទ្ធ និងការអានពាក្យខ្មែរឱ្យកាន់តែប្រសេីរឡេីង។
លោកឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ បានសង្កត់ធ្ងន់ថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតដំបូងគឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា នឹងធានាបាននូវជោគជ័យក្នុងការសិក្សានៅគ្រប់កម្រិត ៕
ដោយ ៖ សិលា