ប្រធានព្រឹទ្ធសភាកម្ពុជាអនុញ្ញាតឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Jam Kamal Khan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងនូវក្តីរំពឹងថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត។ 

ជាមួយគ្នានេះ សម្តេច បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីការកំណត់យកការទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មា្ញញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។  

នៅក្នុងឱកាសជំនួបនេះ លោក Jam Kamal Khan បានសម្តែងនូវក្តីសោមនស្សរីករាយ កិត្តិយសក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម។ លោក បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែកដល់ការពង្រីងនិងពង្រីកទំនាក់ទំនងដ៏យូរអង្វែងនៃ ប្រទេសទាំងពីរ។  លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ 

ឆ្លៀតនៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាប សម្តេចតេជោ ថា ប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ ក្នុងន័យនេះ លោករដ្ឋមន្រ្តី បានលើកបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ  ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាព នូវរបបអនុគ្រោះពន្ធនេះ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។ នៅក្នុងបរបិទដូចគ្នានេះ  លោករដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាននៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់នានា។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោករដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីសំខាន់របស់ សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។ នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ 

សម្តេចបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម…ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក បន្ថែមទៀត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print