ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គណៈបញ្ជាការបានជួយ អន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែល ត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។
ករណីនេះសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកភ្លាមៗ រហូតឈានដល់រកឃើញ ជនរងគ្រោះ និងសង្គ្រោះអោយរួចផុតពីក្រុមឧក្រិដ្ឋជនដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយ ទទួលបានព័ត៌មានពីក្រុមគ្រួសារតាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ជនរងគ្រោះបានចាញ់បោកក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់នៅប្រទេសថៃ លួងលោម បោកបញ្ឆោតអោយធ្វើដំណើរចេញពីខេត្តសៀងហៃប្រទេសចិន មកប្រទេសថៃ ដើម្បីចូលរួមកម្មវិធីសម្ពោធ ហាងនំមួយកន្លែងនៅទីក្រុងបាងកក ហើយត្រូវបានក្រុមឧក្រិដ្ឋជនដាក់ថ្នាំ រួចដឹកបញ្ជូនមកកម្ពុជា បង្ខាំងទុក ធ្វើទារុណកម្ម និងជំរិតទារប្រាក់។
ក្រោយអន្តរាគមន៍សង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព ក្រុមប្រតិបត្តិការនៃគណៈបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនតៃវ៉ាន់ដូចគ្នាក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលទទួលខុសត្រូវ លើការគ្រប់គ្រងជនរងគ្រោះមិនអោយរត់គេច និងធ្វើទារុណកម្ម ដើម្បីអោយបណ្តាញឧក្រិដ្ឋជននៅ ប្រទេសថៃធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារទារប្រាក់ដោះដូរនឹងសុវត្ថិភាពរបស់ជនរងគ្រោះ។
បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការគ្រប់គ្រង តាមដានសុខភាពពីសមត្ថកិច្ចនគរបាលជាតិកម្ពុជា និងត្រៀមរៀបចំបែបបទប្រគល់ជូនតំណាងស្ថានទូតអាមេរិក ដើម្បីគ្រប់គ្រងបន្តនិងរៀបចំបែបបទចាកចេញ ពីកម្ពុជា។ ចំពោះក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ និងមេក្លោង ដែលមានអង្គការចាត់តាំងនៅប្រទេសថៃ សមត្ថកិច្ចជំនាញ នៃក្រុមប្រតិបត្តិការកំពុងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណយ៉ាងហ្មត់ចត់ និងអាច ឈានទៅសហការជាមួយសមត្ថកិច្ចថៃ ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មនេះទាំងស្រុង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា