ភ្នំពេញ ៖ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែក ថា ទំនៀមទម្លាប់ចាក់ទឹកតែ មានអត្ថន័យផ្សារភ្ជាប់នឹងពិធីចូលឆ្នាំចិន ៣ យ៉ាង។
ថ្លែងប្រាប់ក្នុងពេលរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន នៅភូមិតានន ឃុំដូងស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីៗនេះ បណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់ថា ចំណុចទី១ ៖ ជាអត្តសញ្ញាណជាតិចិន ដែលជាផ្នែកមួយនៃវប្បធម៌ចិនត្រូវបានទទួលស្គាល់ ជាសកល ហើយជាម៉ាកសញ្ញាផ្តាច់មុខនៃផលិតផលរបស់ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយប្រជាជនចិនបានរៀបចំ ឱ្យក្លាយជាវប្បធម៌តែដោយបានរៀបរាប់ និងបង្ហាញសកម្មភាព នៃសង្វាក់ការយល់ដឹង អំពីដំណើរនៃការចាប់ផ្តើមដាំតែ រហូតយកមកទទួលទាន ដោយបង្កើតបានជាមរតក នៃការផ្សព្វផ្សាយ ពីជំនាន់មួយទៅជំនាន់មួយ នៅគ្រប់ កន្លែង។ រីឯ ចំណុចទី២ ៖ ជាឱកាសដើម្បីជួបពិភាក្សាការងារ ព្រោះពិធីចូលឆ្នាំចិន គឺជាពិធីដែលបាននាំសមាជិក សាច់ញាតិ មិត្តភក្តិ មកជួបជុំគ្នា ចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ផែនការអនាគត ដោយផ្តើមពីឆ្នាំថ្មី។ រីឯចំណុចទី៣ ៖ គឺជាវេទិកាដែលពោរពេញដោយមនោសញ្ចេតនា នៃការទទួលភ្ញៀវ និងចែករំលែកនូវក្តីស្រឡាញ់ដល់អ្នកដែលទទួលទានតែ ព្រោះ ជាភេសជ្ជៈដែលទទួលទានបានច្រើន និងផ្តល់ផាសុខភាពដល់អ្នកទទួលទាន។
«អត្ថប្រយោជន៍ទឹកតែ ផ្តល់សុខភាពរាងកាយបំពេញជាតិទឹក និងមានសារធាតុជំនួយដល់ការរំលាយអាហារ, ទី២៖ បង្កើនសម្រស់ដល់ស្បែក និងទី៣៖ បន្ថែមអារម្មណ៍ស្រស់ថ្លាទាំងមុន ក្នុង និងក្រោយពេលទទួលទាន»
ជាមួយគ្នានេះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ដែលបានចូលរួមពិធីទទួលទានទឹកតែ នៅក្នុងកម្មវិធី នាពេលនោះ បានប្រាប់ថា « ការហូបតែក្នុងពិធីបុណ្យចូលឆ្នាំចិននេះ គឺជាការជួបជុំជជែក សួរនាំគ្នា ពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ សុខភាព ហើយការពិសារ តែគឺធ្វើឲ្យមានសុខភាពល្អ ហើយរឹតចំណងសាមគ្គីភាព រវាងគ្រួសារនីមួយៗ»។
ជុំវិញការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ ត្រូវបានលោក អភិបាលស្រុកចាត់ទុកថា ជាការល្អ លើកស្ទួយវប្បធម៌ រវាងគ្នានិងគ្នា ថែមទាំងជំរុញសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើការលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋាន។
គួរបញ្ជាក់ថា ភូមិតានន គឺជាភូមិគំរូ កាត់បន្ថយភាពក្រីក្រកម្ពុជា-ចិន នៅក្នុងនោះ ទទួលបានជំនួយពីភាគីចិន លើកការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់៕
ដោយ ៖ សិលា