ភ្នំពេញ ៖ នារី២នាក់ត្រូវបានរថយន្តកូរ៉េមិនចាំផ្លាកលេខមួយគ្រឿង បើកបញ្ច្រាស់ផ្លូវមកបុកមុខម៉ូតូពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល ចំណែករថយន្ដបើករថយន្ដបង្កបេីកគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០នឹង៣០នាទីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅក្បែរសណ្ឋាគារ ឡាក់គីស្តារ តាមបណ្តោយផ្លូវលេខ ៣៣៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសន្តិសុខនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃើញ នារី២នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1JD-4633 ជិះម៉ូតូឌុបគ្នាធ្វើតាមបណ្ដោយផ្លូវ៣៣៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈនោះក៏ស្រាប់តែត្រូវបានរថយន្តកូរ៉េមួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៣៦ ក្នុងល្បឿនលឿន បើកបញ្ច្រាស់ផ្លូវក៏ជ្រុលចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ បែកក្បាលឈាមហូរពេញផ្លូវ រីឯនារីម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែករថយន្តបង្ក ភ្លាមៗក៏បានបើកគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងរួចស្រាវជ្រាវរករថយន្តបង្កតាមកាំម៉េរ៉ាសុវត្ថិភាពស្វែងរកអ្នកបើករថយន្តបង្កមកចាត់ការតាមនីតិវិធី ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សានៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរក្សាទុករងចាំម្ចាស់ម៉ូតូធ្វើការដោះស្រាយពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ