ខេត្តកែប ៖ «អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយសម្រាប់ខេត្តកែប» នេះបើតាម លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធ ស្នាដៃសិល្បៈរូបសំណាកផ្កាថ្ម ក្នុងគម្រោងឆ្នេរសមុទ្រគំរូ របស់រីសតថ្ងៃបាំងឆ័ត្រ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅខេត្តកែប ម្សិលមុិញ។
បើតាមម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានអោយដឹងថា អាណាចក្រផ្កាថ្មមានកម្ពស់ ៥,៧ ម៉ែត្ររចនាឡើងពីថ្មភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត នៃបរិស្ថានឆ្នេរសមុទ្រ ដែលបង្ហាញពីតម្រូវការចាំបាច់ សម្រាប់ការអភិរក្ស។ ស្នាដៃសិល្បៈនេះ រំលេចឱ្យឃើញ ពីការទទួលខុសត្រូវក្នុងការការពារ ធនធានសមុទ្រ ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់ខេត្តកែប សម្រាប់មនុស្សជំនាន់ក្រោយ។ លោកសង្ឃឹមថា អាណាចក្រផ្កាថ្ម នឹងទាក់ទាញភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា និងមកពីក្រៅប្រទេសផងដែរ ។ អាណាចក្រផ្កាថ្មនេះ មិនគ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ តែជាការកែលម្អសម្រាប់គាំទ្រដល់ជីវៈចម្រុះ នៅបាតសមុទ្រ និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រ របស់ខេត្តកែប ឱ្យកាន់តែមានសោភណភាព បន្ថែមទៀត ។អាណាច្រកផ្កាថ្ម ត្រូវបានរចនាឡើងដោយវិចិត្រករខ្មែរ លោក តាំង សុធា ដែលគាំទ្រដោយក្រុមហ៊ុន ស្ថាបត្យកម្ម Bloom ។ ក្រុមការងារជំនាញ បានចំណាយពេលជាង ២២ម៉ឺនម៉ោង ដើម្បីផ្គុំបំណែកថ្ម ចំនួន ២២៤០ដុំ ។ គម្រោងនេះ បានចំណាយទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គណៈកម្មការឆ្នេរ បានកំណត់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា គឺជារបៀងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះយើងត្រូវរួមគ្នា រៀបចំឱ្យស្របតាមសក្តានុពលនៃតំបន់នីមួយៗដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាអោយទៅជារបៀងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ រស់នៅ បង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ ។
លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ស្ថាបត្យករដែលមានទេពកោសល្យសិល្បៈក្នុងការរៀបចំកែច្នៃ និងសាងសង់អាណាចក្រផ្កាថ្ម ឱ្យលេចចេញជារូបរាងឡើងដ៏គួរអោយទាក់ទាញ ដែលអាចធ្វើឱ្យខេត្តកែបក្លាយជាសហគមន៍ប្រជាជាតិចម្រុះជាតិសាសន៍មកស្នាក់នៅលំហែកម្សាន្តនិងអាចចាត់ទុកទីនេះថាជាផ្ទះរបស់ខ្លួនបាន ដែលនេះ ជាប្រការល្អមួយសម្រាប់កម្ពុជាហើយនេះគឺជាផ្លែផ្កានៃសន្តិភាព៕
ដោយ ៖ សិលា