ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បង្ហើបឱ្យដឹងនាឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតការងារអប់រំ យុវជន និងកីឡា របស់រដ្ឋបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះថា៖ រដ្ឋបាលខេត្តកណ្ដាលកំពុងពិចារណាបែងចែកចំណូលប្រមាណ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅជួយក្នុងវិស័យអប់រំក្នុងខេត្តមួយនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ។
លោកអភិបាលខេត្តរូបនេះ បានលើកឡើងថា រដ្ឋបាលខេត្ត បាននិងកំពុងធ្វើការពិចារណាគិតគូបែងចែកចំណូលប្រមាណ ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត ដោយជំហានដំបូងតម្រង់ទិសនៅកម្រិតបឋមសិក្សា ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ដែលកំពុងតែត្រូវការពង្រីកកម្រិតបឋមសិក្សាឱ្យកាន់តែច្រើន ដោយសារតែកំណើនសិស្សានុសិស្សខ្ពស់។
ក្នុងន័យនេះ លោកអភិបាលខេត្តបានប្រាប់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវស្រង់ទិន្នន័យចំនួនសាលារៀន សិស្ស ដែលមាន និងកំពុងសិក្សាទាំង ៣កម្រិត រួមមាន បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើផែនការអភិវឌ្ឍក្នុងវិស័យអប់រំបានចំគោលដៅ។
សម្រាប់ការងារចំពោះមុខមួយទៀតនោះ គឺគ្រប់សាលារៀន គ្រប់កម្រិតសិក្សាទាំងអស់ ត្រូវចូលរួមប្រឡងប្រជែងការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដោយចាប់ផ្តើមពីការប្រឡងប្រជែងផ្ទៃក្នុងនៅតាមក្រុង-ស្រុកនីមួយៗ ដោយមន្ទីរអប់រំខេត្ត ត្រូវដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ រីឯអភិបាលក្រុង-ស្រុក សូមដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា។ នេះជាការលើកឡើងបន្ថែមរបស់លោក គួច ចំរើន ដែលលោគូសបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡា ត្រូវខិតខំប្រឡងប្រជែងអង្គភាពផ្តល់សេវាគំរូក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើង។
ក៏ប៉ុន្តែ លោក បានសង្កត់ធ្ងន់ទៅកាន់មន្ទីរអប់រំ ថា កុំមើលត្រឹមពានរង្វាន់ដែលទទួលបានក្នុងការប្រឡងប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនេះ គឺជាធ្វើឱ្យថ្នាក់ដឹកនាំ និងមន្ត្រី បានយល់ដឹងកាន់តែច្បាស់ទៅលើការបម្រើការងារបានត្រឹមត្រូវ ស្របតាមស្តង់ដារអប់រំជាតិ៕ ដោយ៖តារា