ទីក្រុងបាងកកនៃប្រទេសថៃគ្របដណ្តប់ដោយសារខ្យល់ពុល សាលារៀនរាប់រយត្រូវបិទទ្វារ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ការបំពុលខ្យល់បានបង្ខំឱ្យសាលារៀនសរុបជិត ២០០កន្លែង ត្រូវបិទទ្វារនៅក្នុងរាជធានីបាងកក ហើយប្រជាជនត្រូវបានណែនាំ ឱ្យបំពេញការងារពីផ្ទះ បើអាចទៅរួច រីឯការប្រើប្រាស់យានយន្តធុនធ្ងន់ ត្រូវបានរឹតបន្តឹងការប្រើប្រាស់នៅក្នុងទីក្រុង។

យោងតាមសន្ទស្សន៍គុណភាពខ្យល់អន្តរជាតិ IQAir គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីក្រុងបាងកកស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងនាមជាទីក្រុងធំ ដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេ ជាមួយកម្រិតភាគល្អិតដ៏គ្រោះថ្នាក់ ហៅថា PM2.5 រហូតដល់ ១២២មីក្រូក្រាម ក្នុង១ម៉ែត្រគូប។
កាលពីដើមសប្តាហ៍នេះ អាជ្ញាធរនៅទីក្រុងបាងកក បានប្រកាសថា សាលារៀននៅតាមតំបន់ ដែលមានកម្រិត PM2.5 ខ្ពស់ អាចជ្រើសរើសបិទទ្វារបាន ហើយមកទល់ព្រឹកថ្ងៃព្រហស្បតិ៍ សាលារៀនចំនួន១៩៤កន្លែងក្នុងចំណោម៤៣៧កន្លែងបានបិទទ្វារ ដែលប៉ះពាល់ដល់សិស្សរាប់ពាន់នាក់។ សាលារៀនដែលបិទទាំងនោះ មានចាប់ពីថ្នាក់មត្តេយ្យ ដល់វិទ្យាល័យ ហើយការបិទមានរយៈពេលចាប់ពី១ថ្ងៃ រហូតដល់១សប្តាហ៍។
អាជ្ញាធរបានលើកទឹកចិត្តឱ្យប្រជាជនបំពេញការងារពីផ្ទះ ប៉ុន្តែវាគឺជាគោលការណ៍ស្ម័គ្រចិត្ត ខណៈមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមត្រឹម១០០ ០០០នាក់ប៉ុណ្ណោះ នៅក្នុងទីក្រុងមួយ ដែលមានមនុស្សសរុបប្រហែល១០លាននាក់។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុងបាងកក ក៏បានរឹតត្បិតការធ្វើចរាចរណ៍សម្រាប់រថយន្តធុនធំ មានកង់ចាប់ពី៦ឡើងទៅ នៅតាមផ្នែកមួយចំនួននៃទីក្រុង រហូតដល់យប់ថ្ងៃសុក្រសប្តាហ៍នេះ ផងដែរ៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print