សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក់ឲ្យបានម៉ឹងម៉ាត់។

ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសាធារណការ ក៏ត្រូវគិតគូរលើការបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍ នៃសេវាប្រើប្រាស់បណ្តាញលូ និងការតភ្ជាប់ទៅនឹងប្រព័ន្ធលូសាធារណៈ និងត្រូវបន្តបង្កើន កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ដែលបានដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្រសួង ត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក់ឲ្យបានម៉ឹងម៉ាត់»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងឱ្យជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្តកន្លងមករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print