ភ្នំពេញ ៖ ក្នុងគោលបំណងរៀបចំផ្ទះសម្បែងយើងឱ្យបានរៀបរយ និងកសាងភូមិឋានក្សេមក្សាន្ត ការរៀបចំខឿនសេដ្ឋកិច្ចមូលដ្ឋាន និងខឿនសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍គឺជាកិច្ចការចាំបាច់របស់យើងទាំងអស់គ្នា។ នេះជាការបញ្ជាក់ពីលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តថា ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាសហគមន៍បានចូលរួមដោយផ្ទាល់ ក្នុងការសិក្សា ពិគ្រោះយោបល់ និងស្វែងយល់អំពីតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។ ហើយក្នុងពេលកន្លងទៅថ្មីៗនេះ យើងចាប់ផ្តើមកសាងនូវហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ទឹកស្អាត និងអគ្គិសនី ព្រមទាំងបានរៀបចំចំណតឡាន កន្លែងអង្គុយលំហែ និងបន្ទប់ទឹកស្អាតសម្រាប់ទទួលភ្ញៀវទេសចរណ៍ជូនដល់សហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងសង្កែ និងសហគមន៍នេសាទត្រពាំងល្ពៅ។ ជាបន្តបន្ទាប់ យើងនឹងអនុវត្តកិច្ចការដូចគ្នានេះ នៅសហគមន៍នេសាទព្រៃនប់ និងសហគមន៍នេសាទបឹងរាំង។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកថា ៖ កិច្ចសហការយ៉ាងជិតស្និទ្ធលើការងារកសាងខឿនសេដ្ឋកិច្ចថ្មីដល់សហគមន៍នេះ បាននិងកំពុងប្រែក្លាយសហគមន៍នេសាទនៅតាមតំបន់ឆ្នេរ ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ តាមរយៈការគិតគូរលើការងាររៀបចំក្រុង បង្កើតនូវជម្រើសមុខរបរបន្ថែមពីការនេសាទ និងការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងសហគមន៍។ ការបង្កើននូវប្រភពចំណូលថ្មីនេះ នឹងប្រែក្លាយសហគមន៍នេសាទ ទៅជាសហគមន៍ទំនើប ដែលមានមូលដ្ឋានសេដ្ឋកិច្ចពិតប្រាកដ សម្រាប់ទ្រទ្រង់ជីវភាពបងប្អូនប្រជាជនបាន។
ដូចសម្លឆ្ងាញ់ ត្រូវការគ្រឿងផ្សំគ្រប់ និងចុងភៅមានបទពិសោធន៍ ស្មារតីនេះគឺជាការរួមគ្នាគិត ទាំងអ្នកគោលនយោបាយ ជំនាញការ អ្នកគាំទ្រជាធនធានសម្ភារ និងហិរញ្ញវត្ថុ រួមផ្សំនឹងអ្នកអនុវត្តផ្ទាល់ ព្រមទាំងអ្នកទទួលផល បានធ្វើការួមគ្នាដើម្បីកសាងសហគមន៍ទំនើបរបស់កម្ពុជាយើង៕
ដោយ ៖ សិលា