ភ្នំពេញ៖ យុវជនជាជនពិការម្នាក់ ដែលត្រូវជនសង្ស័យឆក់ទូរទស័ព្ទ បានទទួលអំណោយឧបត្ថម្ភពីលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ដោយទឹកចិត្តអាណិត និងមើលពីឃើញពីការលំបាករបស់ជនរងគ្រោះ ជាជនពិការផងនោះ លោកបានផ្ដល់នូវអំណោយមួយចំនួនរួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ទឹកស៊ីវអ៊ីវ ទឹកត្រី រួមនឹងថវិកាមួយចំនួន ជូនជនរងគ្រោះ សម្រាប់ដោះស្រាយជីវភាពបានខ្លះ ។
សូមរំលឹកថា សមត្ថកិច្ចខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទពីយុវជនជាជនពិការម្នាក់ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ៖ ជនរងគ្រោះឈ្មោះ ហួរ គឹមអូន អាយុ១៨ឆ្នាំ មុខរបរលក់ណំតាមផ្លូវ ជាជនពិការ មានទីលំនៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ជនសង្ស័យឈ្មោះ ធាវី ផាត់យុត អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ៨៩ ភូមិស្ពានខ្ពស់ សង្កាត់គម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។ សម្ភារៈដកហូត៖ ១- ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KY-0982 (មធ្យោបាយធ្វើសកម្មភាព) ២- ទូរស័ព្ទមួយគ្រឿងម៉ាក Oppo A55 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ) ។
លោកអធិការ បន្តថា ៖ កាលពីព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ជនរងគ្រោះ កំពុងជិះកង់លក់នំ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ មកធ្វើជាទិញនំពីជនរងគ្រោះ បន្ទាប់មកជនសង្ស័យ បានសុំខ្ចីទូរស័ព្ទរបស់ជនរងគ្រោះថា ទាក់ទងទៅបង សួរថា ទិញនំប៉ុន្មាន ភ្លាមនោះ ជនរងគ្រោះ បានដកទូរស័ព្ទចេញមក អោយជនសង្ស័យហៅលេខទូរស័ព្ទ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះរួចជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវ បន្ទាប់មកកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានបើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណរបស់ជនសង្ស័យ ចុះទៅឃាត់បានជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ និងបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕