រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

ចែករំលែក៖

រលកសមុទ្រធំៗបោកបក់មុជងើបៗចេញជាផ្កាត្រែងប្រៀបដូចមនុស្សដឹកដៃគ្នារត់ប្រសាចលើផ្ទៃគង្គា។ វាប្រៀបបាននឹងស្នូរតន្ត្រីយ៉ាងពីរោះខណៈដែលសន្ទុះនៃទឹករលកបោកផ្ទប់នឹងច្រាំងសមុទ្រក្រុងព្រះសីហនុឮសូរប្រាវៗ។ ហ្វូងសត្វត្រចៀកកាំកំពុងទទះស្លាបហើរលើផ្ទៃសមុទ្រ ម្ដងឡើង ម្ដងចុះ មានៈនឹងខ្យល់សមុទ្របក់មកពីទិសនិរតីនិងចង់បង្ហាញពីឥទ្ធិពលរបស់ខ្លួនដែលមានរាងកាយតូច តែអាចជម្នះខ្យល់មានកម្លាំងខ្លាំងហើរឆ្លងកាត់មហាសមុទ្របានយ៉ាងស្រួល។

យ៉ាងណាមិញបើក្រឡេកមើលទីក្រុងជាប់សមុទ្រដ៏ស្រស់ឆើតឆាយ គឺក្រុងព្រះសីហនុវិញមិនចាញ់រាជធានីភ្នំពេញប៉ុន្មានឡើយ។ ដោយសារតែមានការអភិវឌ្ឍរីកចម្រើនជាលំដាប់រាល់ហេដ្ឋារចនាសម្ព័ន្ធគួបផ្សំនឹងការដឹកនាំរដ្ឋបាលខេត្តផងនោះ បានធ្វើឲ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដ៏មនោរម្យគួរទាក់ទាញមួយ ដែលបានអូសទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅកម្សាន្តកាន់តែច្រើនឡើងៗ។ ការរីកចម្រើននេះហើយញ៉ាំងឱ្យប្រជាពលរដ្ឋក្រុងដ៏ផូរផង់មួយនេះមានជីវភាពធូរធារគួរសម តាមរយៈក្រុមហ៊ុនឯកជនមកពីបរទេសដាក់ទុនវិនិយោគនូវមុខជំនួញផ្សេងៗ ព្រមទាំងសាងសង់អគារខ្ពស់ស្គឹមស្កៃស្អេកស្កះយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមើលមួយភ្លែតប្រៀបបានឋានសួគ៌។ ជាពិសេសទៅទៀតនោះក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលមកវិនិយោគនៅក្រុងព្រះសីហនុច្រើនជាងគេគឺក្រុមហ៊ុនមកពីប្រទេសចិនតែម្ដង។
នាពេលរាត្រី ពន្លឺអគ្គិសនីបញ្ចេញរស្មីភ្លឺចិញ្ចាចប្រៀបបានពន្លឺឆពណ្ណរង្សី ជះពីប្រថពី និងផ្ទៃសមុទ្រទៅលើវេហារឹតតែធ្វើឱ្យទីក្រុងមានសម្រស់ស្រស់បំព្រងគួរឲ្យចង់គយគន់។
នៅក្នុងបន្ទប់ជាន់ទី ៤ នៃអគារដ៏ខ្ពស់ស្គឹមស្កៃមួយស្ថិតនៅប្របនឹងមាត់សមុទ្រ ដែលមានបុគ្គលិកខ្មែរ-ចិន ធ្វើការតាមប្រព័ន្ធកុំព្យូទ័រចម្រុះគ្នាប្រមាណ ៤០ ទៅ ៥០នាក់ ពោរពេញដោយគ្រឿងស្វ័យប្រវត្តិអេឡិចត្រូនិចជាច្រើន។
នៅក្នុងបន្ទប់មួយនៅចម្ងាយពីបន្ទប់កុំព្យូទ័រប្រហែល ៥ ម៉ែត្រដែលបុគ្គលិកទាំងអស់នរណាៗក៏ដឹងដែរថា គឺជាបន្ទប់ធ្វើការនិងស្នាក់នៅរបស់ថៅកែដ៏ធំមកពីស្រុកចិន ហើយគ្មានអ្នកណាហ៊ានទៅក្បែរនោះទេ។ នៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព លម្អដោយតុ ទូ កៅអី និងរូបចម្លាក់ធ្វើពីឈើល្អប្លែកៗ គេឃើញមនុស្សបីនាក់ដែលក្នុងនោះមានបុរសពីរនាក់ម្នាក់ជាថៅកែចិន ម្នាក់ទៀតជាអ្នកបកប្រែនិងនារីស្រស់សោភាម្នាក់កំពុងអង្គុយជជែកគ្នាក្នុងភាពស្និទ្ធស្នាលក្រៃលែង។
– ភាវី ! ចាប់ពីថ្ងៃនេះទៅអូនឯងត្រូវនៅធ្វើការជាលេខាផ្ទាល់របស់លោកថៅកែឮទេ! ព្រោះអីលោកថៅកែតាមសម្លឹងនិងពេញចិត្តឯងខ្លាំងណាស់។ ឯងដឹងទេកាលពីកន្លងមក ព្រោះតែការពេញចិត្តនេះហើយទើបថៅកែនាំឯងដើរលេងនៅស្រុកចិននិងផ្ដល់ប្រាក់រង្វាន់ដល់ឯងរាប់ពាន់ដុល្លារក្នុងមួយខែៗ។ ដូច្នេះអូនឯង ត្រូវយកចិត្តទុកដាក់ចំពោះថៅកែឲ្យមែនទែនណា៎។ (នេះជាសម្ដីរបស់បុរសអ្នកបកប្រែនិយាយទៅកាន់ភាវី) ចំណែកឯថៅកែចិនដែលដុះក្បាលពោះស្អុយ មានវ័យជាង ៥០ឆ្នាំឯណោះវិញ គ្មានចេះខ្មែរមួយមាត់ បានត្រឹមតែងក់ក្បាាលញញឹមស្ដាប់ការរៀបរាប់របស់អ្នកបកប្រែរបស់ខ្លួនដូចខ្លួនចេះស្ដាប់ភាសាខ្មែរច្បាស់ណាស់អ៊ីចឹង។
ភាវី ហាក់ភ្ញាក់ខ្លួនព្រើតទៅនឹងដំណឹងបន្ទាន់នេះ ទើបនាងនិយាយទៅកាន់បុរសបកប្រែថា
– ឱ្យខ្ញុំធ្វើលេខាម្ដេចកើត បើខ្ញុំមិនចេះភាសាចិនមួយមាត់ផងហ្នឹង? ម្យ៉ាងខ្ញុំមិនចេះរបៀបរបបធ្វើការជាមួយចិនបែបណានោះទេ សូមបងរកអ្នកផ្សេងវិញទៅ។
– អើ!យូរៗទៅគង់តែចេះនិយាយនិងចេះរបៀបរបបធ្វើការងារជាមួយថៅកែហើយ ឯងកុំប្រកែកអី នេះចាត់ទុកជាសំណាងរបស់ឯងទៅវិញទេ ដែលថៅកែទុកចិត្តឲ្យមកធ្វើការនៅក្បែរដៃរបស់គាត់។
ភាវី មិនទាន់ស្រដីតបនឹងបុរសបកប្រែ ។ នាងយកដៃកេះក្រចក សញ្ជឹងគិតក្នុងចិត្តតើពេលនេះគួរឱ្យនាងទទួលការងារនេះដែរឬទេ? មួយសន្ទុះទើបនាងសម្រេចចិត្តទទួលយកទាំងទើសទាល់។
– ស្រេចតែលោកថៅកែសម្រេចទៅចុះ តែខ្ញុំសុំនិយាយទុកជាមុនដោយសុំអភ័យទោសចំពោះការខុសឆ្គងដោយប្រការណាមួយចំពោះលោកថៅកែដែលនាងខ្ញុំធ្វើមិនកើត ឬមិនត្រូវចិត្ត។
អ្នកបកប្រែប្រញាប់និយាយប្រាប់សម្តីនេះទៅដល់ថៅកែ ធ្វើឲ្យថៅកែងក់ក្បាលញញឹមខ្ជឹប។
– ថៅកែប្រាប់ថាមិនអីទេធ្វើការជាមួយគាត់ យូរៗទៅនឹងស្ទាត់ជំនាញហើយ។ (អ្នកបកប្រែនិយាយបកពីភាសាចិនមកប្រាប់ភាវី)
ថៅកែចិនងក់ក្បាលមួយៗ ហើយញាក់ភ្នែកឆ្វេងជាសញ្ញាដល់អ្នកបកប្រែ។ ឃើញដូច្នេះ អ្នកបកប្រែហាក់យល់ចិត្តចៅហ្វាយនាយរបស់ខ្លួន ក៏និយាយទៅកាន់ភាវី
– ចឹង ភាវីឯងនៅធ្វើកិច្ចការនេះជាមួយគាត់ចុះខ្ញុំទៅមើលបុគ្គលិកខាងក្រៅទៀតហើយ។ និយាយរួចអ្នកបកប្រែភាសាចិនក៏ចាកចេញទៅដោយទុកនៅឲ្យភាវីអញ្ជឹងគិតតែម្នាក់ឯងហើយក្នុងចិត្តរបស់នាងភ័យផងអរផង។ (នៅមានតទៅថ្ងៃសៅរ៍ក្រោយ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print