ភ្នំពេញ៖ ក្រោយពីលោក ទៀត ចំរើន បានបង្ហោះសារតាមរយៈបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦កន្លងទៅធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏ដូចជាប៉ះពាល់ដល់កិត្តិយស របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងឱកាសដែលលោកបានអញ្ជើញឪពុកម្តាយកីឡាករជម្រើសជាតិអាយុក្រោម១៦ឆ្នាំរួមជាមួយគ្រូបង្វឹកព្រមទាំងអ្នកដែលពាក់ព័ន្ធក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនរូបចូល រួមសំណេះសំណាល និងពិសាបាយសាមគ្គីនោះបានចេញមុខមកសុំទោសជាសាធារណៈហើយដោយព្រមទទួលស្គាល់កំហុសដែលខ្លួនបានបង្ហោះសារដ៏ខុសឆ្គងនោះ។
លោក ទៀត ចំរើន ឪពុកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ឈ្មោះទៀត គីមហេង បាននិយាយសុំទោស លោកនាយឧត្តមសេនីយ៍ សៅ សុខា ជា សាធារណៈនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងសាលប្រជុំអគ្គនាយកដ្ឋានអប់រំកាយនិងកីឡានាវិមានពហុកីឡដ្ឋានជាតិ ដោយមានលោក គល់ សុផាន់ណា អគ្គលេខាធិការ, លោក ម៉ៃ តុលា អគ្គលេខា ធិការរងតំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក កែវ សារ៉េត នាយកសាលា បាល់ទាត់ទន្លេបាទីព្រមទាំងគ្រូបង្វឹកកីឡាករអាយុក្រោម១៦ឆ្នាំ និងអ្នកសារព័ត៌មានកីឡាជាតិមកពីគ្រប់អង្គភាពចូលរួមផងដែរ។
ករណីខាងលើបង្កឡើងដោយ លោក ទៀត ចំរើន បានសរសេរបង្ហោះនៅក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកថា ពួកយើងខ្ញុំជាអាណាព្យា បាលយុវជនអាយុក្រោម១៦ឆ្នាំមានការសោកស្តាយយ៉ាងខ្លាំងនៅពេលដែល ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំពិធីហូបបាយសាមគ្គី និង សំណេះសំណាលជាមួយអាណាព្យាបាលហើយលើកឡើងថាមានសំណាងណាស់ដែលមានកូនមកលេងបាល់ទាត់ ហើយ បានរៀនទៀតដែលឪពុកម្តាយគ្មានលទ្ធភាពឲ្យកូនរៀនសូត្រពាក្យមួយម៉ាត់នេះ “លោកប្រធានសហព័ន្ធបាននិងកំពុងមើលងាយដល់អាណាព្យាបាលហើយ តើលោក មានយល់ពីអារម្មណ៍គេទេ មានឲ្យតម្លៃ ឪពុកម្តាយកីឡាករដែរទេ” ដូច្នេះសូមលោកប្រធានសហព័ន្ធពិចារណាពាក្យនេះឡើងវិញ។ ខ្ញុំតែងតែគាំទ្រវិស័យកីឡាបាល់ទាត់ហើយក៏បានចំណាយពេលវេលាដ៏មាន តម្លៃចំណាយទាំងថវិកាទាំងសាំងឡានមិនគួរណាលោកប្រធានមើលងាយអាណាព្យាបាលយុវជនអាយុក្រោម១៦ឆ្នាំយ៉ាងដូច្នេះសោះ ហេតុនេះហើយទើបវិស័យកីឡាបាល់ទាត់មិនរីកចម្រើន។ សូមបងប្អូនទាំងអស់ ជាពិសេសប្អូន U16 ជួយពិចារណាសម្តី ប្រធានសហព័ន្ធរូបនេះ ជាពិសេសក្រសួង អប់រំតែម្តង។ លោក ទៀត ចំរើន បាន សរសេរបន្ថែមទៀតថា ខ្ញុំសូមជំរាប លោកប្រធានសហព័ន្ធថា បើមិនឲ្យតម្លៃគេទេសូមកុំប្រមាថដល់អាណាព្យាបាលគេ លោកជាប្រធានសហព័ន្ធ តើលោកបានដឹងពីសុខទុក្ខក្មេងនៅក្នុងមណ្ឌលទន្លេបាទីទេ? ពួកអារដ្ឋបាលកំពុងកេងប្រវ័ញ្ចញើសឈាមគេហើយ។
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នោះ តំណាងសហព័ន្ធបាល់ទាត់កម្ពុជាបានពន្យល់និង បកស្រាយព្រមទាំងបានចាក់សំឡេងរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានសំណេះសំណាលជាមួយក្រុមគ្រួសារអាណាព្យាបាលកីឡាករអាយុក្រោម១៦ឆ្នាំដើម្បីបញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មិនបានមើលងាយទៅលើ អាណាព្យាបាលកីឡាករដូចការចោទ ប្រកាន់របស់លោក ទៀត ចំរើន ឡើយ ។ គ្រាន់តែចង់បញ្ជាក់ថា សហព័ន្ធបានជួយ ដល់កីឡាករក្មេងៗបានច្រើនទាំងផ្ដល់ កន្លែងរៀនសូត្រនិងពង្រឹងបន្ថែមទៅលើ មុខវិជ្ជាណាដែលពួកគេរៀនខ្សោយថែម ទៀត។
នេះអាចបញ្ជាក់ថា សហព័ន្ធបានយកចិត្តទុកដាក់ខ្លាំងដល់ក្មេងៗនៅទន្លេបាទីក្តីស្រឡាញ់យុវជននៅទន្លេបាទី បើ និយាយចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា អាចចាត់ទុកថា ជាគំរូល្អដល់យុវជនជំនាន់ក្រោយនិងបច្ចុប្បន្នផងដែរ។ ពាក្យទាំងនេះមិនមែនសំដៅទៅមើលងាយ មើលថោកដល់ក្រុមគ្រួសារកីឡាករណាម្នាក់ឡើយ ។
ក្រោយពីមានការនិយាយវែកញែកគ្នា និងយល់រៀងៗខ្លួនមក លោក ទៀត ចំរើន ដែលមានតួនាទីជាមន្ត្រីទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ នោះក៏បានយល់ថា ខ្លួន និយាយលើសបន្តិចហើយក៏សុំទោសដល់ លោកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីជាការសម្រួលគ្នាវិញ ខណៈដែល សហព័ន្ធក៏បានយល់ព្រមចំពោះអ្វីដែលលោក ទៀត ចំរើន កំពុងធ្វើក្នុងគោល បំណងតែមួយគត់ចង់ឱ្យវិស័យកីឡាបាល់ទាត់កម្ពុជារីកចម្រើនទៅមុខ៕
ដោយ៖ សារីម