កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងបន្ទាប់ពីដើរវាយកម្ទេចពាងទឹកគេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី។
នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មានករណីធ្វើឱ្យខូចខាតដោយចេតនា បង្កដោយជនសង្ស័យឈ្មោះ ដោក សារ៉េត ហៅក្រៅ ហៀក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានគប់ដំបូលផ្ទះនិងវ៉ៃបំផ្លាញពាងទឹករបស់ជនរងគ្រោះឈ្មោះ ដុំ ចិត្រ ភេទប្រុស អាយុ៥៩ឆ្នាំ និងឈ្មោះ អយ ភេទស្រី អាយុ២៨ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះដោក សារ៉េត (ហៀក) អស់ជាច្រើនពាងទឹក។ ក្រោយទទួលបានបណ្តឹងករណីខាងលើ កម្លាំងកងអន្តរាគមន៍ខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ទោ ឃី កៅយក់ នាយរងការិយាល័យសណ្តាប់ធ្នាប់និងអន្តរាគមន៍ សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរី បានចុះទៅដល់ទីតាំងកើតហេតុដេីម្បីធ្វេីការឃាត់ខ្លួនជនសង្ស័យ តែជនសង្ស័យមិនព្រមសហការ ព្រមទាំងមានកាន់ដំបងឫស្សីវែងមានដែកមុខស្រួច៣កាន់ជាប់នឹងដៃ ហើយមានការតបតជាមួយសមត្ថកិច្ចទៀតផង។ ពេលនោះកម្លាំងសមត្ថកិច្ចបានប្រេីវិធានការជំនាញទេីបឃាត់ខ្លួនជនសង្ស័យបាន ហើយបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដេីម្បីចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមជាលទ្ធផលវិជ្ជមាន (+)។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print