អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ថ្នាក់ដឹកនាំបក្សនិងរដ្ឋ មានលោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនជាដើមបានទៅសួរសុខទុក្ខដោយឡែកពីគ្នាឬក៏តាមរយៈអ្នកទទួលខុសត្រូវនៃសមត្ថកិច្ចពាក់ព័ន្ធ ផ្តាំផ្ញើការសួរសុខទុក្ខចំពោះសមមិត្តចូលនិវត្តន៍ ដូចជាលោក Hu Jintao លោកZhu Rongji លោក Li Ruihuan លោកWen Jiabao និងលោក Jia Qinglinជាដើម ដើម្បីសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ ក៏ដូចជាជូនពរលោកទាំងឡាយមានក្តីសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី មានសុខភាពល្អនិងមានអាយុយានយូរ ។
គេហទំព័រ «CCFR China state-controlled media » លោកទាំងឡាយបានយល់ឃើញជាឯកច្ឆន្ទថា ក្នុងឆ្នាំគន្លឹះសម្រាប់សម្រេចបាននូវភារកិច្ចនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកប្រធានរដ្ឋចិនXi Jinping ជាប្រមុខស្នូល បានដឹកនាំបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន សម្រេចបាននូវគោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ កិច្ចកសាងទំនើបកម្មតាមបែបផែនចិនបានបោះជំហានថ្មីយ៉ាងរឹងមាំ ។ សមមិត្តចូលនិវត្តន៍ទាំងឡាយរំពឹងទុកបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន នឹងរួមសាមគ្គីគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្រោមការដឹកនាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinpingជាប្រមុខស្នូល ប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាគោលការណ៍ណែនាំ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ក៏ដូចជាកិច្ចប្រជុំពេញអង្គលើកទី២និងលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្នុងន័យខិតខំតស៊ូព្យាយាម ដើម្បីជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយនិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕
ដោយ ៖ សិលា