ភ្នំពេញ៖ សពនារីម្នាក់បានអណ្ដែតតាមទឹកជាប់នឹងច្រាំងមាត់ទន្លេ ទល់មុខផ្សាររាត្រី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចមុខផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។
សពនារីខាងលើមានឈ្មោះ សានសា លីនណា ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅ ខណ្ឌប្ញស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុមានបងប្អូនអ្នកនេសាទដែលជិះទូកតាមមាត់ទន្លេបានប្រទះឃើញសពនារីខាងលើអណ្ដែតទឹកជាប់មាត់ច្រាំងទន្លេ ទល់មុខផ្សាររាត្រី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យផងដែរ ។
បន្ទាប់ពីទទួលដំណឹងថាមានករណីប្រទះឃើញសព ខាងសាច់ញ្ញាតិសពនារីខាងលើក៏បានចុះមកដល់ទីតាំងផងដែរ ហើយបញ្ជាក់ថា សពនោះគឺជាក្មួយស្រីរបស់គាត់ដែលបានលង់ទឹកលិចបាត់នៅក្បែរស្ពានប្ញស្សីកែវ ។ ដោយបញ្ជក់ថា មុនពេលកើតហេតុ ក្មួយស្រីរបស់គាត់បានចុះលេងទឹកជាមួយក្មេងៗ៤ទៅ៥នាក់ ក្បែរស្ពានប្ញស្សីកែវ ហើតបានលង់ទឹកលិចបាត់ចំនួន២ថ្ងៃមកហើយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ដោយបានដាក់ពាក្យបណ្ដឹងទៅសមត្ដកិច្ចផងដែរ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានរួមនឹងមន្រ្តីជំនាញចក្ខុកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ចំណែកសពសមត្ថកិច្ចជំនាញចក្ខុបានធ្វើកំណត់ហេតុរួច ក៏ប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ : ភារ៉ា ដង្កោ