ភ្នំពេញ ៖ លោក ពិសិដ្ឋ ដែលជាបុគ្គលិកធ្វើការ នៅក្រុមហ៊ុនឯកជនមួយ បានប្រាប់ថា ឲ្យតែចូលដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ខ្មែរភាគច្រើនតែងតែនឹកឃើញដល់មុខម្ហូបរបស់ចិន ដូចជា មីឆា ចាប់ឆាយ មាន់ស្ងោ គៀវ ជ្រូខ្វៃ ជាដើម។
«ដូចខ្ញុំផ្ទាល់ ឱពុកម្តាយ នៅពេលដែលដល់បុណ្យចូលឆ្នាំចិន គឺ គាត់តែងតែ ធ្វើម្ហូបទាំងអស់នេះ ដើម្បីសែន ដូច្នេះ កូនៗ ឲ្យតែដល់ចូលឆ្នាំចិន គឺគាត់នឹកឃើញម្ហួបទាំងនេះ»។
លោក ពិសិដ្ឋ ក៏បានប្រាប់ឲ្យដឹងដែរថា ខ្មែរកាត់សែស្រឡាយចិន ដែលមានជីវភាពធូរ ក៏អាចនឹងធ្វើមុខម្ហូបចិន ជាច្រើនមុខ បន្ថែមទៀត។ សម្រាប់លោកវិញ មុខម្ហូបដែលពិសេសជាងគេ គឺធ្វើដោយឱពុកម្តាយ ជាអ្នកចម្អិន។
«ប្រសិនបើយើងអាចត្រលប់ទៅផ្ទះ ជួបជុំជាមួយពួកគាត់ ពិសារម្ហូបទាំងអស់នេះ ជាមួយពួកគាត់ ថែមទៀតនោះ រឹតតែពិសេស សម្រាប់ពួកគាត់ ក៏ដូចជា ក្រុមគ្រួសារទាំងមូល សង្គមជាតិទាំងមូល»
គួរបញ្ជាក់ថា តាមទម្លាប់ ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន គ្រោងនឹងរៀបចំជាមុខម្ហូប គ្រឿងភេសជ្ជៈ និង ការតុបតែងផ្ទះ ជាដើម សម្រាប់ពិធីសែនបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥ នៅថ្ងៃទី២៨ ខែមករា៕
ដោយ ៖ សិលា