ភ្នំពេញ ៖ លិខិតរំលែកមរណទុក្ខ
ផ្ញើជូន លោកស្រី ម៉ែន សាវន ព្រមទាំងក្រុមគ្រួសារ
តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំថា កញ្ញា នូ មៈនេត្រអាថាណ្ណា នាយិការងព័ត៌មាន និងជា ពិធីការីនីព័ត៌មាន CNC ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១១:៥០នាទីយប់ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយ រោគាពាធ។
ការទទួលមរណភាពរបស់ កញ្ញា នូ មៈនេត្រអាថាណ្ណា ជាការបាត់បង់នូវកុលធីតាមួយរូប ដែលពោរពេញដោយសមត្ថភាព ជាកូនកតញ្ញូ ជាបងប្អូនល្អ ជាមិត្តភក្តិជាទីស្រលាញ់ប្រកបដោយសីលធម៌ គុណធម៌ និងជាការបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់នៅក្នុងសង្គម ជាពិសេស គឺជាការបាត់បង់នូវពិធីការិនី ព័ត៌មានដ៏មានប្រជាប្រិយភាពមួយរូបដែលមានសមត្ថភាព និងទទួលការគោរពស្រលាញ់ពីទស្សនិកជន។ កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយវិស័យព័ត៌មាន និង សោតទស្សន៍នៅកម្ពុជា។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា នូ មៈនេត្រអាថាណ្ណា សូមបាន ចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ ពីខ្ញុំ។
តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ៕
ដោយ ៖ សិលា