ខេត្តរតនគិរី៖ រថយន្តយីឌុប៣គ្រឿងដឹកដើមម៉ៃសាក់ត្រូវបានអាជ្ញាធរស្រុកលំផាត់ ឃាត់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខវត្ត លំផាត់តាមបណ្តោយមាត់ទន្លេស្រែពក ស្តិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុក លំផាត់ ។
បើតាមលោកនូ ថេ អភិបាលស្រុក លំផាត់បានឲ្យដឹងថា រថយន្តយីឌុបចំនួន៣គ្រឿងខាងលើនេះកម្លាំងរបស់លោកបានឃាត់ទុកចាំព្រឹកឡើងប្រគល់ទៅឲ្យជំនាញ រដ្ឋបាលព្រៃឈើចាត់ការបន្ត ដោយសង្ស័យថាគ្មានច្បាប់អនុញ្ញាតឲ្យដឹក ។
ម្ចាស់រថយន្តបានឲ្យដឹងដែរថា ដើមម៉ៃសាក់ទាំងនោះពួកគាត់ដឹកទៅលក់ឲ្យឈ្មួញ នៅឯខេត្តកំពង់ចាម តែម្ចាស់ដើមម៉ៃសាក់នេះមិនបានបញ្ជាក់តម្លៃក្នុងមួយដើមតម្លៃប៉ុន្មាននោះទេ ។
ដោយឡែកលោកលី សុផាន ជំនួយការមេខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានអះអាងថាឈើដើមម៉ៃសាក់ទាំងអស់នេះដឹកយកទៅលក់ជាលក្ខណៈគ្រួសារទេមិនមែន ខុសច្បាប់អ្វីឡើយ ។ ការលើកឡើងរបស់ លោក លី សុផាន សង្ស័យថាជំនាញរដ្ឋបាលព្រៃឈើប្រហែលបានសើមមាត់ជាមួយឈ្មួញរកស៊ីដឹកដើមម៉ៃសាក់នេះហើយ មើលទៅ ។
អាជ្ញាធរស្រុកបានឲ្យដឹងថារថយន្តខាងលនេះទី១-ពាក់ស្លាកលេខស្វាយរៀង ៣A-១១២៤ រថយន្ត ទី២-ពាក់ស្លាកលេខ កំពង់ចាម៣A-៤៤៩៧និងរថយន្តទី៣- ពាក់ស្លាកលេខត្បូងឃ្មុំ៣A-០១៨៧ ។
បច្ចុប្បន្នរថយន្តទាំង៣គ្រឿងនេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តបានដោះលែងរួចរាល់អស់ហើយនៅរសៀលថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១៦ ។ ក្រោមការសង្ស័យថា មានភាពមិនប្រក្រតីក្នុងការដោះលែងនេះពលរដ្ឋលើកឡើងថារថយន្តខាងលើនេះ ប្រសិនបើពុំបានបង់លុយឲ្យជំនាញរដ្ឋបាលព្រៃឈើទេប្រាកដជាមន្ត្រីខ្លះគេនឹងបង្ក្រាបយកស្នាដៃបង្អួតថ្នាក់លើ ជាមិនខានឡើយ ៕
ដោយ៖ វុទ្ធឦសាន្ត