ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកសម័យឧដុង្គ ដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖

ភ្នំពេញ ៖ សម័យឧដុង្គ

ដំណាក់កាលទី២នៃសម័យក្រោយអង្គរ គឺដំណាក់កាលឧដុង្គ ៖ នៅ ស.វ.ទី១៧ និង១៨ នៅពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកាន់ តែមានសភាពយ៉ាប់យ៉ឺនទៅៗ។ ក្នុងរយៈពេល៣៥០ឆ្នាំ ជាពិសេសគឺពី ឆ្នាំ១៧៧៦ដល់១៨៦០ កម្ពុជាបានបាត់បង់ទាំងស្រុងនូវតួនាទីនៅជ្រោយ កូសាំងស៊ីន។ កម្ពុជាធ្លាក់ចុះបន្តិចម្តងៗទៅក្នុងកលិយុគ។

ដំណាក់កាលទី២ ពីឆ្នាំ១៥៩៦ដល់១៨៦៣ ៖ ឧដុង្គគឺជាសម័យកាល ដែលខ្មែរចុះដុនដាបខាងផ្នែកសេដ្ឋកិច្ច ដោយសារអស្ថិរភាពនយោបាយ ដែលបង្កើតឡើងដោយសារទំនាស់ផ្ទៃក្នុងរាជវង្សខ្មែរ ជាពិសេសបញ្ហាស្នង រាជ្យសម្បត្តិ ការឃុបឃិតនិងទំនាស់រវាងមន្ត្រីជាន់ខ្ពស់ និងសង្គ្រាមជាមួយ ប្រទេសជិតខាង។ ក្នុងរយៈពេលជាង២៥០ឆ្នាំនេះ ខ្មែរបានធ្លាក់ចុះពីប្រទេស មួយ ដែលមានវប្បធម៌ និងអារ្យធម៌ខ្ពង់ខ្ពស់ដល់កម្រិតមួយជិតស្មើសូន្យ។ នៅក្នុងសម័យនេះ ស្តេចខ្មែរក៏បានខិតខំធ្វើទំនើបកម្មប្រព័ន្ធច្បាប់ និងពង្រឹង ស្ថាប័នដែរ តែដោយសារមូលដ្ឋានសេដ្ឋកិច្ច និងការគ្រប់គ្រងតាមបែប ប្រពៃណី ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសខាងក្រៅតិចតួច ធ្វើឱ្យ កម្ពុជាមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបាន ហើយថែមទាំងធ្លាក់ចូលក្រោមការត្រួតត្រារួមរបស់ សៀម និងវៀតណាមទៀតផង។ សតវត្សទី១៧ គឺជាសតវត្សនៃបដិវត្តន៍វិទ្យាសាស្ត្រនៅទ្វីបអឺរ៉ុប ៖
អ្នកប្រាជ្ញធំៗបានរកឃើញទ្រឹស្តីខាងផ្នែកគណិតវិទ្យា រូបវិទ្យា និងបានបង្កើត អគ្គិសនី និងបច្ចេកទេសនាវាចរណ៍។ ញូតុន (១៦៤២-១៧២៧) បានរក ឃើញទំនាញផែនដី នៅក្នុងស្នាដៃរបស់គាត់ឈ្មោះ គោលការណ៍នៃគណិត វិទ្យា។ សតវត្សទី១៧ គឺជាសតវត្ស ដែលទ្វីបអឺរ៉ុបធ្វើអាណានិគមលើទ្វីប អាមេរិក។ ទ្វីបអឺរ៉ុបចាប់ផ្តើមធ្វើអាណានិគមនៅអាស៊ីអាគ្នេយ៍ផងដែរ។ នៅ ពាក់កណ្តាលទី១នៃសតវត្សទី១៧ ក្រុមហ៊ុនហូឡង់ និងអង់គ្លេសបាន ប្រណាំងប្រជែងគ្នាជាមួយប្រទេសព័រទុយហ្គាល់នៅក្នុងពាណិជ្ជកម្មគ្រឿង ទេស។ ក្នុងឆ្នាំ១៦៤១ កងទ័ពហូឡង់បានដណ្តើមបានជ្រោយម៉ាឡាកាពី ព័រទុយហ្គាល់។ អេស្ប៉ាញក៏បានចូលមកធ្វើអាណានិគមលើប្រទេសហ្វីលីពីន ពីឆ្នាំ១៥៧១ដល់១៨៩៨។
នៅឆ្នាំ១៦៤៤ កងទ័ពម៉ាន់ជូរីនៃភាគខាងជើងនៃប្រទេសចិនបានផ្ដួល រំលំរាជវង្សម៉េង ហើយបង្កើតជារាជវង្សឆេង។ ពួកគេបាននាំមកនូវភាសា និងវប្បធម៌របស់ខ្លួន តែសហការជាមួយពួកហាន ដើម្បីបង្កើតអាណាចក្រ មួយដ៏ធំ និងមានជាងគេក្នុងពិភពលោកនៅសតវត្សទី១៨។ ស្ដេចឈានឡុង (១៧៣៥-១៧៩៦) បានបង្កើតបណ្ណាល័យធំជាងគេនៅក្នុងប្រវត្តិសាស្ត្រ ប្រទេសចិន។

១-តើមូលហេតុអ្វីបានកម្ពុជាមិនអាចងើបឡើងវិញបាននៅសម័យឧដុង្គ?

សម័យឧដុង្គ នៅស.វ.ទី១៧ និង១៨ គឺជាដំណាក់កាល ដែលស្ថាន ភាពនយោបាយនៅកម្ពុជាកាន់តែមានសភាពយ៉ាប់យ៉ឺនទៅៗ។ ក្នុងរយៈពេល ២៤៣ឆ្នាំនៃសម័យឧដុង្គ គឺពីឆ្នាំ១៦២០ដល់ឆ្នាំ១៨៦៣ កម្ពុជាធ្លាក់ចុះបន្តិច ម្តងៗទៅក្នុងកលិយុគរហូតដល់បាត់តួនាទីទាំងស្រុង នៅជ្រោយកូសាំង-ស៊ីន។ នៅដំណាក់កាលទី១នៃសម័យឧតុង្គ វិបត្តិដណ្ដើមរាជ្យក្នុងរាជវង្សា នុវង្សបានជំរុញឱ្យប្រទេសជិតខាងលេបត្របាក់ទឹកដីខ្មែរបន្តិចម្តងៗ ទាំង ពីខាងលិច ទាំងពីខាងកើត។ នៅដើមសម័យឧដុង្គ កម្ពុជាបានខិតខំដកខ្លួនពីឥទ្ធិពលរបស់សៀម ដោយយកវៀតណាមជាជញ្ជឹងតុល្យភាព។ យុទ្ធសាស្ត្រនេះផ្តល់ឱកាសឱ្យវៀតណាមពង្រីកទឹកដី និងឥទ្ធិពលរបស់ខ្លួន មកលើកម្ពុជាទៅវិញ។ សតវត្សទី១៧ គឺជាសតវត្សនៃការចាប់ផ្តើមបាត់បង់ ទឹកដីកម្ពុជាក្រោម។

វិបត្តិនៅឧដុង្គ ៖ បណ្តាលពីកត្តាដូចតទៅ ៖ (១) ការគ្រប់គ្រងរដ្ឋ តាមបែបបុរាណ (២) សេដ្ឋកិច្ចកម្ពុជាមិនពឹងផ្អែកលើពាណិជ្ជកម្មជាមួយ បរទេស (៣) កម្ពុជាគ្មានទំនាក់ទំនងសំខាន់ជាមួយប្រទេសខាងក្រៅ ជា ហេតុធ្វើឱ្យការអភិវឌ្ឍធនធានមនុស្សនៅអន់ថយ និង(៤) មន្ត្រីធំៗមិនសូវ គិតដល់ប្រយោជន៍ជាតិ។

នៅឆ្នាំ១៦០១ ស្ដេចសៀមបានបញ្ជូនព្រះបាទស្រីសុរិយោពណ៌ ដែល ជាព្រះអនុជរបស់ព្រះបាទសត្ថាទី១ឱ្យមកសោយរាជ្យចំណុះឱ្យសៀម។ ព្រះអង្គបានចាកចេញពីទីក្រុងអយុធ្យា ប្រទេសសៀម ដើម្បីធ្វើមាតុភូមិ និវត្តិមកកម្ពុជាវិញ ដោយចូលតាមច្រកកំពត មកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ព្រះអង្គបង្ក្រាបចលនាបះបោរស្រួល ហើយ បានបញ្ជាឱ្យគេសង់ព្រះរាជវាំងនៅអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យ នៅទីនោះពីឆ្នាំ១៦០៣ដល់១៦១៣ ក្នុងព្រះជន្មាយុ៦០វស្សា។ ទ្រង់ទទួល រាជាភិសេកជាស្តេចផែនដីនៅឆ្នាំ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជ បុត្រពីរអង្គគឺ ជ័យជេដ្ឋា និងឧទ័យ។

ខ្មែរយកវៀតណាមធ្វើជាជញ្ជឹងដើម្បីទប់ទល់នឹងសៀម ៖ ព្រះបាទ ស្រីសុរិយោពណ៌យល់ថា ដើម្បីឱ្យមានតុល្យភាព ព្រះអង្គបានធ្វើការសាក ល្បងចងសម្ព័ន្ធភាពជាមួយវៀតណាម ដោយផ្សំផ្គុំបុត្រព្រះអង្គព្រះបាទ ជ័យជេដ្ឋាទី២ជាមួយនឹងបុត្រីស្ដេចត្រាញ់វៀតណាម ក្នុងគោលដៅយក ឥទ្ធិពលរបស់វៀតណាមទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀម។ ប៉ុន្តែសម្ព័ន្ធថ្មីនេះមិនបានសម្រេចតាមបំណង ហើយធ្វើឱ្យប្រទេសខ្មែររស់ នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាទម្ងន់មួយយ៉ាង ។ (នៅមានត) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print