ខេត្តកណ្តាល៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត ២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុករបងផ្ទះប្រជាពលដ្ឋកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរស្លាប់បាត់បង់ជីវិតនោះឈ្មោះ សន សៀងហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ រ៉ន សីុណេត ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។ ជនរងគ្រោះរងរបួសស្រាលឈ្មោះ លីន ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលខ កណ្តាល 1J-5424 ។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលខ២១អា ក្នុងទិសដៅពីលិចទៅកើត ។ លុះដល់ចំណុចកើតហេតុកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលត្រូវបានថយន្តសាមុយស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។ រីឯមធ្យោបាយជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងដកហូតបណ្តោះអាសន្នទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនីតិវិធី។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ
...