ខេត្តប៉ៃលិន៖ ក្រោយពីកសិករត្អូញត្អែរបញ្ហាមៀនប៉ៃលិនគ្មានទីផ្សារកុងត្រាជាមួយក្រុមហ៊ុន ហើយខាងក្រុមហ៊ុនមានការយឺតយ៉ាវ ក្នុងការបេះ។ បើបានបេះ គឺបេះយកតែចំនួនលុយកុងត្រា និងយកតែផ្លែណាល្អៗ រួចទុកចោលបណ្តាលអោយទុំបែកខូចខាតស្អុយពេញចម្ការ ធ្វើអោយប្រជាកសិករដែលដាំមៀនប៉ៃលិន ពិសេសអ្នកដែលកុងត្រាជាមួយក្រុមហ៊ុនមានការអាក់អន់ស្រពន់ចិត្ត ខឹងសម្បា និងខាតបង់អស់ថវិការជាច្រើននៅឆ្នាំនេះ។
ពាក់ព័ន្ធបញ្ហានេះដែរលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី២៩ ខែមករានេះបានមកជួបជាមួយកសិករ និងក្រុមហ៊ុនឆាយណាជិនវ័រយាន នៅរោងចក្រកែច្នៃផ្លែមៀនប៉ៃលិនខេត្តប៉ៃលិន។
ជំនួបជាខាងលើនេះ កសិករភាគច្រើនដាក់បន្ទុកទៅលើក្រុមហ៊ុនខាងលើនេះ ដូចជាដល់ពេលផ្កែមៀនទុំហៅទៅបេះមិនទៅបេះទេ ទុកឱ្យទុំជ្រុល ទើបនាំកម្មករទៅបេះ បើបានបេះហើយបេះតែអាល្អៗ ក្រៅពីនោះទុកចោលមិនមកបេះបន្តទៀតម្ចាស់ចម្ការហៅមិនមកបេះ មិនហ៊ានលក់អោយគេផ្សេង ព្រោះជាប់កុងត្រា។ ចំណែកខាងក្រុមហ៊ុនបានដាក់បន្ទុកទៅលើខ្វះកម្លាំងពលកម្មបេះ ព្រោះផ្លែមៀនទុំដំណាលគ្នា ធ្វើអោយជុញបេះមិនទាន់។ ចំពោះបញ្ហាបេះតែល្អៗទុកចោលនោះ ព្រោះចម្ការខ្លះផ្លែមៀនអត់ស្តង់ដា ប្រើថ្នាំខុសបច្ចេកទេសជាដើម។ ក្រោយពីបានសម្របសម្រួលអស់ជាច្រើនម៉ោង លោករដ្ឋមន្ត្រី បានអោយភាគីខាងក្រុមហ៊ុនទោះ យ៉ាងណាត្រូវតែទទួលខុសត្រូវទៅលើកុងត្រារបស់ខ្លួន បើមានបញ្ហាផ្លែមៀនមិនប្រក្រតីពេលមកដល់ក្រុមហ៊ុនសូមកុំកាត់លុយពីម្ចាស់មៀនត្រូវបន្ទោសទៅលើកម្មកររបស់ខ្លួនដែលបេះមិនប្រក្រតី។
ជាមួយគ្នានោះដែរលោកបានជម្រុញអោយកសិករ សហការ ជាមួយសហគមន៍ និងក្រុមហ៊ុនការដាក់អកម៉ូន ឱ្យមៀន គឺត្រូវធ្វើឡើងឆ្លាស់គ្នា កុំអោយវាទុំដំណាលគ្នា នាំអោយស្ទះ ម្យ៉ាងវិញទៀតត្រូវសហការគ្នាអោយបានស្អិតរមួត ហើយមានមន្ត្រីមូលដ្ឋានជួយសម្របសម្រួលរវាងកសិករ និងក្រុមហ៊ុន។
ជាចុងក្រោយ លោកបន្តថា បើខ្វះកម្លាំងអ្នកបេះអាចស្នើសុំខាងយោធាមកជួយបេះបានឱ្យតែខាងក្រុមហ៊ុនត្រូវការ។
សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិន ដែលកុងត្រា ក្រុមហ៊ុនជាមួយកសិករក្នុងតម្លៃ ៣៥០០រៀល ក្នុង១គីឡូ នេះប្រភេទល្អបើមិនល្អបានតែ ៣០០រៀលប៉ុណ្ណោះ។ ហើយតម្លៃទីផ្សារមុនចូលឆ្នាំចិននេះមានចាប់ពី២០០០រៀលចុះក្រោម៕
ដោយ÷ ស សារ៉េត