ខេត្តស្ទឹងត្រែង ៖ នៅរសៀល ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូច នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៥ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានមានប្រសាសន៍ ដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចអន្តរាគមន៍២៨៤ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការ ទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ។
ក្នុងនាឱកាសនោះ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ (ស៊ូបង្ហូរញើសលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ) ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , គណៈគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ រីឯគ្រូយោធាចារ្យត្រូវរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ និងអនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅទីលាន យើងទាំងអស់គ្នាត្រូវប្ដេជ្ញាការពារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ចូលរួមអនុវត្តឱ្យបានជោគជ័យកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ជាចុងក្រោយតំណាងសិក្ខាកាមទាំងអស់បានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។
ឆ្លៀតក្នុងឱកាសដែរ ឧត្ដមសេនីយ៍ទោ មៀច សាមុត និងភរិយា បានជួយឧត្ថម្ភ ថវិកា ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគ បរិភោគ ដល់វគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងវរសេនាតូចអន្តរាគមន៍លេខ១២៨ មួយចំនួន ផងដែរ ។
សូមបញ្ជាក់ថា៖នាយការិយាល័យហ្វឹកហ្វឺនកងពលតូចអន្តរាគមន៍លេខ១២៨ បានគោរពរាយការណ៍អំពី វគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចអន្តរាគមន៍២៨៤ មានសមាសភាពរួម ចំនួន ៦០នាក់ ៖
– យោធាចារ្យ ចំនួន៥ នាក់.
– បំរើការ ចំនួន៥ នាក់.
– សិក្ខាកាម ចំនួន ៥០ នាក់ ។
ហ្វឹកហ្វឺនរយៈពេល ៦១ថ្ងៃ សិក្សាខ្លឹមសារមេរៀនមាន ៖ យោធារួម យុទ្ធវិធីថ្មើរជើង បច្ចេកទេសអាវុធថ្មើរជើង និងអប់រំចិត្តសាស្ត្រ ៕
ដោយ ៖ សិលា