នគរបាលឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ក្រោយណាត់វាយកាប់គ្នាដើម្បីដណ្តើមយកជើងខ្លាំងប្រចាំភូមិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចម្ការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការភ្ញាក់ផ្អើលក្រោយទទួលដំណឹងថា មានក្មេងទំនើងពីរក្រុមបានណាត់ជួបគ្នាដើម្បីបើកឆាកប្រយុទ្ធគ្នាដណ្តើមយកជើងខ្លាំងប្រចាំភូមិ។ ក្រោយទទួលបានដំណឹងនេះ អ្នកភូមិក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលឱ្យចុះធ្វើអន្តរាគមន៍ និងចាប់ខ្លួនបាន៤នាក់ភ្លាមៗ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់។

មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថា ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ លោកបានបញ្ជាឱ្យផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ចុះប្រតិបត្ដិការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវិហារ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងត្រូវបង្ក្រាបឱ្យខាងតែបាន។ ជាក់ស្ដែងសមត្ថកិច្ចបានកំណត់ និងឈានទៅឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបានចំនួន៤នាក់ ឈ្មោះ សុខ ទី ហៅ ឃ័រ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី(អ្នកកាន់ពូថៅដៃ), ឈ្មោះ ជួន សុខណៃ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(អ្នកកាន់ដុំថ្ម ), ឈ្មោះ ខុន វិច្ឆិកា (ការ) ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ(អ្នកកាន់កាំបិតផ្គាក់) និងឈ្មោះ ជិន វិនថាដា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសំរោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ(អ្នកបើកម៉ូតូ) និងបានដកហូតម៉ូតូធ្វើសកម្មភាពបាន២គ្រឿង។

មន្ត្រីនគរបាលស្រុកគងពិសីបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្មេងទំនើង ៤នាក់ខាងលើ បក្ខពួក៦នាក់ផ្សេងទៀតបានគេចខ្លួន ហើយសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនយកផ្តន្ទាទោសតាមច្បាប់។ 

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន បានសារភាពថា បក្ខពួករបស់ខ្លួនមានគ្នាចំនួន ១០នាក់ ម៉ូតូ៤គ្រឿង ប្រដាប់ដោយអាវុធគ្រប់ដៃ កាំបិត ដាវ និងដុំថ្ម បាននាំគ្នាទៅកាន់ភូមិចម្ការដូងដើម្បីប្រយុទ្ធជាមួយក្រុមក្មេងមួយក្រុមទៀតនៅភូមិចម្ការដូង ដែលបានស្តោះទឹកមាត់ឌឺដងពាក្យសម្ដីមកលើក្រុមខ្លួន។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៤នាក់ ត្រូវបានបញ្ជូនទៅកាន់អយ្យការសាលាដំបូងរួចហើយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print