ភ្នំពេញ ៖ ការចាកចោលអង្គរ
១-តើប្រវត្តិសាស្ត្រខ្មែរសម័យក្រោយអង្គរអាចចែកចេញជា
ដំណាក់កាលអ្វីខ្លះ?
ជនជាតិខ្មែរបានចាប់ផ្តើមចាកចោលអង្គរ ដោយសារមូលហេតុច្រើន យ៉ាង ៖
(១) ការចាញ់សង្គ្រាមជាមួយសៀម ដែលធ្វើឱ្យប្រជារាស្ត្ររងទុក្ខ វេទនា
(២) ការហូរចេញនូវអ្នកប្រាជ្ញ អ្នកចេះដឹង និងធនធានមនុស្ស ដោយសារការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញសាសនាទៅព្រះពុទ្ធ សាសនាថេរវាទ និងភាសាពីភាសាសំស្ក្រឹតទៅភាសាបាលី
(៣) ការធ្លាក់ចុះនូវផលិតភាពកសិកម្ម ដោយសារបន្លាស់ទីរបស់ ប្រជាជន
(៤) ការកើនឡើងនៃពាណិជ្ជកម្មនៅតំបន់ចតុមុខ ដោយសារការ រីកចម្រើននៃនាវាចរណ៍សមុទ្រ។
នៅឆ្នាំ១៤៣២ ព្រះបាទពញាយ៉ាតផ្លាស់ប្តូររាជធានីពីអង្គរមកទួល បាសាន ហើយក្រោយមកក៏រើរាជធានីមកភ្នំពេញនៅឆ្នាំ១៤៣៤រហូតដល់ ចុងស.វ.ទី១៥។ ប្រវត្តិសាស្ត្រខ្មែរសម័យក្រោយអង្គរ អាចចែកចេញជាពីរ ដំណាក់កាលធំៗ ៖
ដំណាក់កាលទី១ ពីឆ្នាំ១៤៣១ដល់១៥៩៥ ៖ គឺជាដំណាក់កាល ចតុមុខ-លង្វែក។ ក្នុងរយៈពេលជាង១៥០ឆ្នាំក្រោយការចាកចោលអង្គរ ខ្មែរ នៅរក្សាបានតួនាទីសំខាន់នៅជ្រោយឥណ្ឌូចិន និងនៅអាស៊ីអាគ្នេយ៍។ នៅ សម័យចតុមុខ កម្ពុជាត្រូវបានបែងចែកជាបីម្តង និងជាពីរម្តង។ បន្ទាប់មក រាជធានីត្រូវបានលើកទៅលង្វែក។ នៅក្នុងសម័យលង្វែក ខ្មែរបានខិតខំ ប្រឹងប្រែងពង្រឹងខ្លួនឡើងវិញតាមរយៈការកសាងរដ្ឋ និងការជួសជុល ប្រាសាទអង្គរ។ តែការបែកបាក់ក្នុងរាជវង្សបានធ្វើឱ្យខ្មែរបាត់បង់នូវភាពធន់ ចំពោះការគំរាមកំហែងពីខាងក្រៅ និងចាញ់សង្គ្រាមជាមួយសៀម ហើយ កម្ពុជាងើបលែងរួចតែម្តង។
នៅសម័យក្រោយអង្គរ គេលែងប្រើពាក្យ«វរ្ម័ន» ដើម្បីសម្គាល់ព្រះ នាមស្ដេចហើយ។ ដើម្បីសម្គាល់ស្តេច គេប្រើពាក្យ«ពញា»ជំនួសវិញ។ លុះ ក្រោមមកទៀត គេឈប់ប្រើពាក្យ«ពញា» ហើយប្រើពាក្យ«ស្រី» និង«អង្គ» ដូចជា ស្រីរាជា និងអង្គដួងជំនួសវិញ ដើម្បីភ្ជាប់ទៅនឹងព្រះនាមស្តេច។ សម័យកាលក្រោយអង្គរ ចាប់ពីសតវត្សទី១៥ គឺជាសម័យកាលកណ្តាល នៃប្រវត្តិសាស្ត្រកម្ពុជា។ ថ្វីត្បិតតែសម័យក្រោយអង្គរកម្ពុជាជួបនឹងកលិយុគ យ៉ាងខ្លាំងក្លាក៏ដោយ អក្សរសាស្ត្រខ្មែរមានការរីកចម្រើនយ៉ាងខ្លាំង អត្ថបទ អក្សរសិល្ប៍រឿងរាមកេរ្តិ៍ជាច្រើនរឿង ច្បាប់សុភាសិត គម្ពីរធម៌ និងរឿង ល្បែងផ្សេងៗត្រូវបានសរសេរនៅក្នុងសម័យកណ្តាលនេះ។
នៅឆ្នាំ១៤៣២ ព្រះបាទពញាយ៉ាតផ្លាស់ប្តូររាជធានីពីអង្គរមកទួល បាសាន ហើយក្រោយមកក៏រើរាជធានីមកភ្នំពេញនៅឆ្នាំ១៤៣៤រហូតដល់ ចុងស.វ.ទី១៥។ ភ្នំពេញនៅជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាធិបតី អស់រយៈពេល៣០ឆ្នាំ។ ក្រោយមក រាជធានីបានលើកទៅស្រីសន្ធរ និង ទៅលង្វែក។ នៅក្នុងដំណាក់កាលនេះ ស្តេចបីអង្គ គឺស្រីរាជា បរមរាជា និងអង្គចន្ទបានខិតខំពង្រឹងសន្តិភាព និងស្ថិរភាព ដោយធ្វើការទប់ទល់ ជាមួយប្រទេសសៀម។
សម័យក្រោយអង្គរគឺជាសម័យកាល ដែលខ្មែរចុះដុនដាបខាងផ្នែក សេដ្ឋកិច្ច ដោយសារអស្ថិរភាពនយោបាយ ដែលបង្កើតឡើងដោយសារ ទំនាស់ផ្ទៃក្នុងរាជវង្សខ្មែរ ជាពិសេសបញ្ហាស្នងរាជ្យសម្បត្តិ ការឃុបឃិត និងទំនាស់រវាងមន្ត្រីជាន់ខ្ពស់ និងសង្គ្រាមជាមួយប្រទេសជិតខាង។
២-មូលហេតុអ្វីបានជាកម្ពុជាត្រូវបែកចែកជាបីនៅសតវត្សទី១៥?
នៅឆ្នាំ១៤៣១ (ឯកសារខ្លះថាឆ្នាំ១៤៣៣) ពញាយ៉ាត លើកព្រះ រាជធានីពីអង្គរទៅតាំងនៅឯទួលបាសាន។ ប៉ុន្តែ ដោយមានទឹកជំនន់ធំ ព្រះអង្គក៏លើករាជធានីពីទីនោះមកតាំងនៅចតុមុខវិញ។ លុះសម្រេចការ កសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថ្មីនេះថា ជាក្រុង ចតុមុខមង្គលសកលកម្ពុជាធិបតីខត្តិយាមហានគរ។ ឯទីប្រជុំទន្លេទាំង៤ ដែលស្ថិតនៅមុខរាជធានីនេះ ក៏ទ្រង់បានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ។ ព្រះអង្គមានបុត្របីព្រះអង្គ ៖ (១) ព្រះបាទនរាយរាជា (២) ស្រីរាជា និង (៣) ធម្មរាជា (ជាមួយព្រះស្នំឯកអ្នកម្នាង ស៊ីសាងាម)។
សង្គ្រាមដណ្តើមរាជ្យ ៖ នៅឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាតបាន បង្វែររាជ្យសម្បត្តិទៅព្រះរាជបុត្រច្បងរបស់ព្រះអង្គ ព្រះនាមនរាយរាជា។ ក្នុងឆ្នាំ១៤៦៦ ព្រះបាទពញាយ៉ាតសោយទិវង្គតទៅក្នុងជន្មាយុជាង៧០ ព្រះវស្សា ដោយព្រះបរមអដ្ឋិធាតុរបស់ព្រះអង្គត្រូវបានបញ្ចុះនៅក្នុងចេតីយ នៅចង្កេះវត្តភ្នំ។ បន្ទាប់ពីរជ្ជកាលព្រះបាទនរាយរាជា ព្រះអនុជព្រះបាទ ស្រីរាជាឡើងស្នងរាជ្យពីឆ្នាំ១៤៦៨ដល់១៤៨៥។ នៅឆ្នាំ១៤៧៥ ព្រះអង្គ បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាល ព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយ ចាត់តាំងព្រះស្រីសុរិយោទ័យ ជាក្មួយ ឱ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជា ជាឧបរាជនៅថែរក្សារាជធានីចតុមុខ។ នៅពេលនោះសង្គ្រាមដណ្តើមរាជ្យបានចាប់ផ្តើមឡើង ដែលបង្ហាញពីការចាប់ផ្តើមបែកបាក់ក្នុងរាជវង្សខ្មែរលើកដំបូង ហើយដែលបង្កើតឱ្យ មានគំរូឡើងសោយរាជ្យដោយប្រើប្រាស់កម្លាំង។ នៅពេលដែលព្រះបាទ ស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យទី២ (បុត្រ ព្រះនរាយរាជា) មានគំនិតក្បត់ និងបានបង្កើតជាតំបន់អបគមន៍មួយ ដែល មានរាជធានីនៅស្រីសន្ធរ។ ព្រះបាទស្រីរាជាក៏លើកទ័ពមកវាយបណ្តេញ ទ័ពបះបោររំដោះអាណាខេត្តខាងជើង។ ដោយមានបំណងចង់សោយរាជ្យ តែម្នាក់ឯង នៅឆ្នាំ១៤៨៥ ព្រះធម្មរាជាបានលបលួចទាក់ទងជាសម្ងាត់ ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមបានបញ្ជូន កម្លាំងទ័ពសៀមមកក្នុងកម្ពុជាក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរ ទាំងបីអង្គដែលកំពុងទាស់គ្នា។
ការបែកបាក់កម្ពុជាជាអាណាចក្របី ៖ នៅក្នុងពាក់កណ្តាលទី២នៃ សតវត្សទី១៥ ដោយសារជម្លោះផ្ទៃក្នុងរាជវង្ស ទឹកដីកម្ពុជាត្រូវបានចែក ជាបីផ្នែក ៖ (១) អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀម គ្រប់គ្រង ដោយព្រះបាទស្រីរាជា (ពីកំពង់សៀម ជើងព្រៃ និងស្ទឹងត្រង់នៅផ្នែកខាង កើតដល់រលាប្អៀ ខេត្តពោធិ៍សាត់នៅផ្នែកខាងលិច និងដល់កំពង់ស្វាយ និងសុរិន្ទ និងព្រំដែនលាវនៅផ្នែកខាងជើង) (២) អាណាចក្រខាងកើត មានរាជធានីនៅស្រីសន្ធរ គ្រប់គ្រងដោយព្រះបាទស្រីសុរិយោទ័យ ពីឆ្នាំ ១៤៧៧ (ពីស្រីសន្ទរដល់សំបូណ៌ ត្បូងឃ្មុំ បាភ្នំ ដល់ខេត្តដូងណាយ) និង (៣) អាណាចក្រខាងត្បូង មានរាជធានីនៅចតុមុខ គ្រប់គ្រងដោយព្រះ បាទធម្មរាជា ពីឆ្នាំ១៤៧៨ (ពីចតុមុខដល់កំពង់សោម កំពត បាសាក់ ព្រះត្រពាំង និងក្រមួនសរហូតដល់មាត់សមុទ្រ។
បន្ទាប់ពីបែងចែកកម្ពុជាជាបីផ្នែកក្នុងរយៈពេលជាង១០ឆ្នាំរួចមក ស្តេចទាំងបីអង្គបានចាប់ផ្តើមចរចា ដើម្បីបង្រួមបង្រួមប្រទេសឡើងវិញ។ ស្តេចទាំងបីអង្គបានលើករេហ៍ពលមកតាំងនៅឧដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់ សង្គ្រាមផ្ទៃក្នុងនេះ។ ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឱ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សារទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និង ស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា។ ព្រះបាទធម្មរាជាត្រូវបានស្ដេច សៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជាក្នុងឆ្នាំ១៤៨៦ នៅរាជ-ធានីចតុមុខ។ ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សារទំនាស់ក្នុងរាជវង្ស ខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះ បាននោះទៅវិញទាំងអស់។
ការបែកបាក់កម្ពុជាជាអាណាចក្រពីរម្តងទៀត ៖ នៅដើមសតវត្ស ទី១៦ ដោយសារចម្បាំងជ្រែករាជ្យ ទឹកដីកម្ពុជាត្រូវបានចែកជាពីរផ្នែក ៖ មួយផ្នែកគ្រប់គ្រងដោយស្តេចកន និងមួយផ្នែកទៀតគ្រប់គ្រងដោយព្រះ បាទចន្ទរាជា (១៥១៦-១៥២៥)។
នៅពេលព្រះរាជបុត្រច្បងព្រះបាទធម្មរាជា គឺព្រះបាទស្រីសុគន្ធបទ ឡើងគ្រងរាជ្យ (១៥០៤-១៥១២) ព្រះអង្គទ្រង់តាំងនាងពៅ កូនស្រីពិជ័យ នាគនិងមេបាន ចៅហ្វាយស្រុកបាសាន ជាអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំ ឯក។ ព្រះអង្គដូរឈ្មោះខេត្តនេះទៅជាស្រីសឈរវិញ ហើយក៏ប្រែក្លាយជា ខែត្រស្រីសន្ធររហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គតែងតាំងប្អូនប្រុសព្រះ ស្នំឯក នាយកន ដែលមានចំណេះវិជ្ជា ប្រាជ្ញាខ្លាំងពូកែ ជាមហាតលិក ហើយក្រោមមក ជាឃុនលួងព្រះស្ដេចត្រួតលើពលព្រះរតនត្រៃទាំងអស់។
នៅគ.ស.១៥០៧ ព្រះបាទស្រីសុគន្ធបទ ទ្រង់តាំងព្រះអនុជចៅពញា ចន្ទរាជា ជាមហាឧបរាជ ទៅគង់នៅក្នុងក្រុងចតុមុខ ដើម្បីគ្រប់គ្រងខេត្ត នៅត្រើយខាងលិចឱ្យបានក្សេមក្សាន្ត។
នៅគ.ស.១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់ព្រះសុបិននិមិត្តឃើញ នាគមួយធំមានឫទ្ធិមហិមាមកដេញព្រះអង្គចេញពីព្រះរាជវាំង ហើយព្រួស ភ្លើងឆេះអស់ព្រះនគរ។ ហោរាទាយទៅចំលើនាយកន ដែលកើតឆ្នាំរោង។ ស្តេចភ័យក៏រៀបចំឧបាយកលក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់ រួចហើយបង្គាប់ឱ្យកនមុជចុះទៅដោះ រួចសម្លាប់ចោល។ ព្រះស្នំឯកលបស្ដាប់ឮ ក៏លួចប្រាប់ប្អូន។ ដោយដឹងឧបាយកលមុន កនបាន គេចរួចផុតពីសេចក្តីស្លាប់ ហើយរត់ទៅប្រមូលទ័ពក្នុងខេត្តនៅត្រើយខាង កើត ក្នុងគោលដៅសងសឹកវិញ។
នាយកនប្រើល្បិចបញ្ឆោតចៅហ្វាយខេត្តនានាថា ព្រះបាទស្រីសុគន្ធ បទបញ្ជាឱ្យកេណ្ឌទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជា ដែលក្បត់ហើយមាន បំណងឡើងសោយរាជ្យនៅក្រុងចតុមុខ។ ព្រះចន្ទរាជាភ័យខ្លួនក៏រត់ទៅគង់ ប្រថាប់នៅប្រទេសសៀម។ នាយកនប្រមូលបានកងទ័ពវាយលុកយកខេត្ត ជុំវិញរាជធានីទួលបាសាន។ ព្រះបាទស្រីសុគន្ធបទក៏ដកថយទៅតាំងទីនៅ ស្ទឹងសែន ហើយនាយកនដេញតាមដល់ភ្នំសន្ទុក។ ព្រះបាទស្រីសុគន្ធបទ ត្រូវពួកបះបោរធ្វើគត់នៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២។ បន្ទាប់មក នាយ កនបានប្រកាសខ្លួនជាស្តេចកន ដោយមានរាជនាមថា ស្រីជេដ្ឋាធិរាជរាមា ធិបតី លើករាជធានីទៅតាំងទីនៅភូមិស្រឡប់ ខេត្តត្បូងឃ្មុំ ហើយបានបោះ ប្រាក់ស្ទឹងប្រើប្រាស់ ដោយមានរូបនាគជាសញ្ញា។
ក្នុងឆ្នាំ១៥១៦ ព្រះចន្ទរាជាត្រលប់ពីសៀមចូលមកកម្ពុជាវិញ ហើយ កេណ្ឌទ័ពវាយដណ្តើមបានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ស្វាយ និង ខេត្តទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ។ ព្រះអង្គចន្ទមាន ការគាំទ្រយ៉ាងប្តូរផ្តាច់ពីគ្រួសារតាពេជ្រ គឺឃ្លាំងមឿង ដែលបានធ្វើពលិកម្ម បូជាជីវិត ដើម្បីរំដោះទឹកដី។ នៅឆ្នាំ១៥១៩ ស្ដេចកនបានលើកទ័ពមកវាយ ខេត្តកំពង់សៀម តែមិនបានសម្រេច។ ស្តេចទាំងពីរក៏សម្រេចចិត្តចែកកម្ពុជា ជាពីរ ដើម្បីគ្រប់គ្រងក្នុងរយៈពេល៦ឆ្នាំ គឺពីឆ្នាំ១៥១៩ដល់១៥២៥។ ក្នុង ឆ្នាំ១៥២៥ ព្រះចន្ទរាជាលើកទ័ពទៅវាយលុកក្រុងស្រឡប់ទទួលបានជោគ-ជ័យ ហើយចាប់ និងសម្លាប់ស្ដេចកនតែម្តង៕
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន