ភ្នំពេញ ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងបែបនេះ ក្នុងឱកាសដែល លោក អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
លោកអភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា៖ សម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥នេះ អនុគណៈកម្មធិការទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំ តុបតែង និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ពិសេសរៀបចំនូវការលេងល្បែងប្រជាប្រិយ ដែលជាល្បែងកំសាន្តរបស់ប្រជាជនខ្មែរយើង ជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយ។ ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំនូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយគ្នាឱ្យបានល្អ ក្នុងការបន្តតាមដានបញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពិសេសជាងនេះទៀត ស្រុក-ក្រុងណាដែលកំពុងបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ត្រូវបូមទឹកជាប់ជានិច្ចដោយធានាបានថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ និងមិនត្រូវឱ្យមានស្រូវរបស់ប្រជាពលរដ្ឋណាម្នាក់ខូចខាតដោយការខ្វះទឹកនោះឡើយ។
បន្ថែមពីនេះទៀត លោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋាន ពិសេសបញ្ហាក្មេងទំនើង ត្រូវបង្ក្រាបឱ្យបាន ក្នុងករណីមានក្មេងទំនើងកើតនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកក៏បានក្រើនរំលឹកបន្ថែមថា បញ្ហាក្មេងទំនើង គឺជាបទល្មើសមួយដែលកើតចេញពីមូលដ្ឋានផ្ទាល់ ព្រោះថាក្មេងទំនើងតែងតែបញ្ចេញរិទ្ធិ និងបង្កភាពអាណាធិបតេយ្យនៅមូលដ្ឋាន ក្មេងទំនើងមិនមានមកពីមូលដ្ឋានផ្សេងក្រៅពីមូលដ្ឋានរបស់ខ្លួនទេ ដូច្នេះការកំណត់មុខសញ្ញា ការបង្ក្រាបក្មេងទំនើង ពិតណាស់មានភាពងាយស្រួលជាងបទល្មើសដទៃទៀត ដូចនេះក្នុងករណីមានក្មេងទំនើងកើតឡើងនៅមូលដ្ឋានណា កងកម្លាំងនៅមូលដ្ឋាននោះត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងមិនត្រូវឱ្យក្រុមក្មេងទំនើងទាំងនោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ៕
ដោយ ៖ សិលា