ភ្នំពេញ ៖ តើមូលហេតុអ្វីបានជាកម្ពុជាធ្លាក់នៅក្រោមការគ្រប់គ្រង និងត្រួតត្រារបស់សៀម និងវៀតណាមនៅក្នុងសតវត្សទី១៩?
នៅក្នុងបរិបទសាកលលោក សតវត្សទី១៩គឺជាសតវត្សឧស្សាហូប-នីកម្មនៅអង់គ្លេស ដែលផ្សព្វផ្សាយទៅប្រទេសផ្សេងទៀតនៅអឺរ៉ុប។ បន្ទាប់ ពីសង្គ្រាមក្នុងស្រុក (១៨៦១-១៨៦៥) សហរដ្ឋអាមេរិកបានចាប់ផ្តើម អភិវឌ្ឍវិស័យឧស្សាហកម្ម ហើយជប៉ុនបានចាប់ផ្តើមយុគសម័យ«មេអិយិ» (Meiji) ដោយបើកទ្វារទទួលយកវិធីសាស្រ្តឧស្សាហកម្ម និងបច្ចេកវិទ្យា ពីបស្ចិមប្រទេស ដោយផ្តោតជាសំខាន់លើផ្លូវដែក វាយនភ័ណ្ឌ និងរ៉ែ។ ការអភិវឌ្ឍផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យអប់រំ ជាពិសេសការ អប់រំកម្រិតបឋមសិក្សា និងការអប់រំបច្ចេកទេស និងវិស្វកម្ម។
នៅសតវត្សទី១៩ អង់គ្លេស និងបារាំងបានចូលខ្លួនមកជំនួសព័រទុយ-ហ្គាល់ និងហូឡង់នៅអាស៊ី។ អង់គ្លេសបានដាក់អាណានិគមលើឥណ្ឌា នៅឆ្នាំ១៨៥៨ ហើយបារាំងបានចូលមកឧបទ្វីបឥណ្ឌូចិន នៅទសវត្សរ៍ឆ្នាំ ១៨៦០។ ប្រទេសអឺរ៉ុបបានរៀបចំសន្និសីទនៅទីក្រុងប៊ែឡាំង នៅឆ្នាំ១៨៨៤-១៨៨៥ ដើម្បីបែងចែកទ្វីបអាហ្វ្រិក។ បារាំង និងអង់គ្លេសទទួលបានប្រទេស អាណានិគមច្រើនជាងគេ។
នៅក្នុងបរិបទកម្ពុជា សតវត្សទី១៩ គឺជាសតវត្សដែលកម្ពុជាបាត់បង់ នូវឥស្សរភាព ជាប្រទេសឯករាជ្យ។ កម្ពុជាស្ទើរតែបាត់បង់ឈ្មោះពីផែនទី ពិភពលោក។ សង្គ្រាមបានបំផ្លាញដល់ឫសគល់នូវវត្តអារាម ដែលជាកន្លែង បណ្តុះបណ្តាលធនធានមនុស្សដ៏តិចតួចស្តួចស្តើងរបស់កម្ពុជា។ ក៏ប៉ុន្តែ អក្សរសិល្ប៍ពុទ្ធនិយមខ្មែរបានឈានឡើងដល់កម្រិតកំពូល ដោយសារ ប្រជាជនត្រូវការស្នាដៃអក្សរសិល្ប៍ សម្រាប់កម្សាន្តរំងាប់ទុក្ខព្រួយ។
អំណាចក្នុងដៃនាហ្មឺនធំ ៖ ចាប់ពីឆ្នាំ១៧៩៦ដល់១៨០៥មក កិច្ចការ ប្រទេសស្ថិតនៅក្នុងដៃចៅហ៊្វាប៉ុក។ ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គ ចន្ទជាព្រះរាជបុត្រទើបតែមានព្រះជន្មបាន៦វស្សា។ ដូចនេះកិច្ចការប្រទេសជាតិត្រូវចៅហ៊្វាប៉ុកជាអ្នកទទួលបន្ទុក។ ព្រះអង្គចន្ទ (១៨០៦-១៨៣៤) ជា បុត្រអង្គអេង បានរៀបអភិសេកនៅឆ្នាំ១៨០៦ នៅទីក្រុងបាងកក ក្រោម អធិបតីភាពព្រះចៅរាមាទី២ ក្នុងព្រះជន្ម១៦ព្រះវស្សា ហើយស្ដេចសៀម តែងតាំងអង្គស្ងួនជាមហាឧភយោរាជ និងអង្គអិមជាមហាឧបរាជ។ ព្រះ រាជវង្សានុវង្សជិតស្និទ្ធនឹងព្រះរាជាត្រូវឃាត់ទុកនៅបាងកក ដើម្បីឱ្យសៀម មានឥទ្ធិពលលើស្តេចខ្មែរ។ តែតេជោមឿង ចៅហ្វាយខេត្តកំពង់ស្វាយបដិ-សេធមិនព្រមបម្រើនៅក្រោមព្រះអង្គចន្ទ។ នៅក្នុងរជ្ជកាលនេះ វៀតណាម ជ្រៀតជ្រែកចូលកម្ពុជាកាន់តែខ្លាំងឡើង។
ស្តេចខ្មែរពឹងសៀម និងវៀតណាមដើម្បីបានសោយរាជ្យ ៖ ចាប់ពី ឆ្នាំ១៨១០ ការតស៊ូដណ្តើមអំណាចនៅក្នុងរាជវង្សានុវង្សកាន់តែខ្លាំងក្លា ទៅ។ នៅខែកញ្ញា ឆ្នាំ១៨១០ ព្រះបាទអង្គចន្ទបានកាត់ទោសប្រហារជីវិត ក្រឡាហោមមៀង និងចក្រីកែប ដែលប៉ុនប៉ងធ្វើឃាតព្រះអង្គ។ នៅឆ្នាំ១៨១១ ព្រះរាជាបញ្ជូនទ័ពឱ្យទៅកម្ចាត់ចៅហ្វាយខេត្តកំពង់ស្វាយ មឿង។ មឿង ក៏រត់ទៅប្រទេសសៀមបាត់។ នៅឆ្នាំ១៨១២ ជម្លោះដណ្ដើមរាជ្យរវាងអង្គ ចន្ទ និងអង្គស្ងួនបានកើតឡើង។ អង្គស្ងួនបាននាំព្រះរាជវង្សានុវង្សទៅ រស់នៅខេត្តពោធិ៍សាត់។ ដោយសង្ស័យថា ជាឧបាយកលរបស់សៀម ព្រះ អង្គចន្ទបានសុំទ័ពពីវៀតណាម ៥០០នាក់មកការពារ។ ស្ដេចសៀមក៏លើក ទ័ពមកខេត្តពោធិ៍សាត់ ដើម្បីបញ្ជាក់ប្រាប់អង្គស្ងួនថា សៀមគាំទ្រព្រះអង្គ។ ទ័ពសៀមច្បាំងទ័ពវៀតណាមលើទឹកដីខ្មែរ ដើម្បីវ មលើទឹកដីខ្មែរ ដើម្បីឱ្យស្ដេចខ្មែរបានសោយ រាជ្យរៀងៗខ្លួន។ ស្ដេចអង្គចន្ទសុខចិត្តលើកសួយសារអាករថ្វាយស្ដេចសៀម ព្រះបាទព្រះរាមទី២ ទើបសៀមព្រមដកទ័ពចេញពីប្រទេសកម្ពុជា។ ថ្វី ត្បិតតែស្ដេចខ្មែរសុខចិត្តចំណុះឱ្យសៀម នៅឆ្នាំ១៨១៤ សៀមបានបញ្ជូន ទ័ពមកកាន់កាប់ខេត្តកំពង់ស្វាយ។ ដូច្នេះ ពាក់កណ្តាលប្រទេសស្ថិតនៅ ក្រោមឥទ្ធិពលសៀម ហើយម្ខាងទៀតនៅក្រោមឥទ្ធិពលវៀតណាម។ ក្នុង រយៈពេល២៥ឆ្នាំ សៀម និងវៀតណាមមិនបានច្បាំងគ្នាលើទឹកដីខ្មែរទៀត
ទេ។ ចាប់ពីពេលនោះមក ខ្មែរក្លាយខ្លួនជាចំណុះវៀតណាម ហើយនាំ សួយសារអាករថ្វាយស្ដេចយួនចំនួនបីឆ្នាំជាប់គ្នា។ ក្នុងរជ្ជកាលព្រះអង្គចន្ទ កម្ពុជាកាន់តែចូលស៊ប់ក្នុងដង្កៀបរបស់វៀតណាម។ គេបានកេណ្ឌខ្មែរឱ្យ ជីកព្រែកពីរនៅឆ្នាំ១៨១៣ ព្រែកវិញតេ ខ្មែរហៅថាព្រែកជីក ឬព្រែកយួន ដែលភ្ជាប់ពីមាត់ជ្រូកទៅពាម ទម្លាក់ទៅក្នុងសមុទ្រចិនមានប្រវែង៥៣ គីឡូម៉ែត្រ ទទឹង៣៣ម៉ែត្រ។ ព្រែកជីកមួយទៀត ឈ្មោះព្រែកវិញអាន ខ្មែរ ហៅថាឡុងសែន ភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមានប្រវែង១៤គីឡូម៉ែត្រ។ នៅពេលនោះហើយ ដែលគេហៅថា សម័យតែអុង។ ព្រះឧទ័យរាជាអង្គ ចន្ទទ្រង់សុគតនៅឆ្នាំ១៨៣៤ ដោយរោគាពាធក្នុងព្រះជន្ម៤៤វស្សានៅ ក្រុងឧដុង្គ។
ព្រះអង្គចន្ទមានបុត្រ៤អង្គ គឺក្សត្រីអង្គប៉ែន អង្គម៉ី អង្គពៅ និងអង្គ ស្ងួន។ ព្រះអនុជរបស់ព្រះអង្គមានព្រះឧបរាជអង្គឯម អ្នកអង្គម្ចាស់អង្គឌួង និងអង្គស្ងួនវិញ អាណ្ណាមមិនយល់ព្រមឱ្យឡើងសោយរាជ្យទេ ព្រោះចូល ដៃជាមួយសៀម និងរស់នៅស្រុកសៀម។ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្កមិន យល់ព្រមប្រគល់ព្រះរាជបល្ល័ង្កទៅឱ្យព្រះរាជបុត្រីច្បងរបស់ព្រះអង្គចន្ទ ព្រះនាមប៉ែនឡើយ ព្រោះព្រះនាងត្រូវជាចៅរបស់ចៅហ៊្វាបែន ដែលបាន លើកកូនស្រីថ្វាយព្រះរាជា ក្រោយពីបានប្រគល់ដីបាត់ដំបងឱ្យទៅសៀម រួច។ គេបានឯកភាពគ្នាលើកព្រះអង្គម្ចាស់ក្សត្រីអង្គម៉ីឡើងសោយរាជ្យវិញ។ ព្រះអនុជក្សត្រីរបស់ព្រះនាង គឺព្រះអង្គពៅ ត្រូវបានលើកឱ្យឡើងធ្វើជា ព្រះឧបរាជ។
កម្ពុជាក្រោមការត្រួតត្រាសៀម និងវៀតណាម ៖ ក្រោយពេលអង្គ ចន្ទចូលទីវង្គតនៅឆ្នាំ១៨៣៤ ១៤ វៀតណាមបានលើកក្សត្រីអង្គម៉ីឱ្យឡើងសោយ រាជ្យ ដើម្បីកុំឱ្យគេយាងព្រះរាជ្យបុត្រពីសៀមមកសោយរាជ្យ។ សង្គ្រាម រវាងវៀតណាម និងសៀមលើទឹកដីខ្មែរនៅតែបន្ត។ កម្ពុជាត្រូវបែងចែកជា ពីរផ្នែក ដោយផ្នែកខាងក្រុងឧដុង្គស្ថិតនៅក្រោមការត្រួតត្រារបស់សៀមហើយផ្នែកខាងត្បូងចតុមុខស្ថិតក្រោមការត្រួតត្រារបស់វៀតណាម។ ក្នុង រជ្ជកាលក្សត្រីអង្គម៉ី (១៨៣៤ – ១៨៤១) កិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅ ក្នុងដៃឧត្តមសេនីយ គ្រឿងមិញយ៉ាង។ កម្ពុជាបន្តបាត់បង់ខេត្តខាងកើត ជាបន្តបន្ទាប់ ដោយសារវៀតណាមដណ្តើមយក ចំណែកសៀមនៅទិស ខាងលិចបានលេបយកខេត្តមហានគរ និងម្លូព្រៃថែមទៀត។ ដើម្បីបញ្ចប់ ទុក្ខវេទនារបស់ប្រជាជនខ្មែរ នាហ្មឺនអស់មុខមន្ត្រីក៏សម្រេចចិត្តទៅយាង ព្រះបាទអង្គដួងពីប្រទេសសៀមមកឡើងសោយរាជ្យ។
សេដ្ឋកិច្ចចំណុះប្រទេសជិតខាង ៖ កម្ពុជាជាប្រទេសក្រីក្រខ្លាំង ដោយសារសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មបែបបុរាណ សម្រាប់គ្រប់-គ្រាន់តែបរិភោគក្នុងស្រុក។ កម្ពុជាជាប្រទេស • ដែលបិទទ្វារមិនទទួលឥទ្ធិ ពលពីខាងក្រៅ។ ពាណិជ្ជកម្មក្រៅប្រទេសមានទំហំតិចតួច ដោយកម្ពុជា នាំចេញតែភ្លុកដំរី ម្រេច ក្រវាញ ស្បែក និងខ្លឹមចន្ទន៍។ កម្ពុជាខ្ចីច្រមុះគេ ដកដង្ហើម ដោយពឹងផ្អែកទាំងស្រុងលើសេដ្ឋកិច្ចសៀម និងវៀតណាម។ ស្តេចខ្មែរមិនអាចជួបបរទេសបានទេ ប្រសិនបើគ្មានការអនុញ្ញាតពីសៀម និងវៀតណាម។
វប្បធម៌ដុនដាប ៖ ក្នុងអំឡុងស.វ.ទី១៩ នៅពេលដែលមានជម្លោះ រវាងពួកសៀម និងពួកវៀតណាម ក្នុងការកាន់កាប់ត្រួតត្រាកម្ពុជា វប្បធម៌ ខ្មែរគឺសឹងផុតរលត់ក៏ព្រោះថាវត្តអារាមត្រូវបានកម្ទេច និងបំផ្លាញចោល។
រដ្ឋបាលទន់ខ្សោយ ៖ ចតុស្តម្ភនៃរដ្ឋបាលសាធារណៈ គឺឧកញ៉ា យមរាជ ឧកញ៉ាវាំង ឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រី ក៏អាចជាអ្នក ប្រាជ្ញបានដែរ។ ជានិច្ចជាកាល ព្រះមហាក្សត្រតែងតែជ្រើសរើសមន្ត្រី និង ឧត្តមមន្ត្រី ក្នុងចំណោមអ្នកចេះដឹង និងកវីនិពន្ធ។ ឧត្តមមន្ត្រីគឺជាប្រភព និងជាសសរស្តម្ភនៃអំណាច និងភាពស្មោះត្រង់ ហើយកិច្ចដំណើរការរបស់ រដ្ឋត្រូវប្រព្រឹត្តទៅតាមរយៈទំនាក់ទំនងជាបុគ្គល។ នៅពេលដែលធនធាន មនុស្សទាំងនោះបាត់បង់ទៅប្រទេសជាតិក៏ថមថយដែរ៕
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន