តោះរំលឹកពីពាក្យថា ៖ «ងើយស្កក ឱនដាក់គ្រាប់»

ចែករំលែក៖

ភ្នំពេញ ៖ សុភាសិតខ្មែរមួយបានលើកឡើងថា៖ «ហើយស្កក ឱនដាក់គ្រាប់»។ ចូរបកស្រាយ។

សូមធ្វើសេចក្តីអត្ថាធិប្បាយ ៖ មនុស្សដែលកើតនៅក្នុងពិភពលោកនេះ ចម្រុះទៅដោយពណ៌សម្បុរ និងមានអត្ថចរិត ផ្សេងពីគ្នា ខ្លះល្អ ខ្លះអាក្រក់ រីឯខ្លះទៀតព្រហើនកោងកាចក្អេងក្អាង លើកតំកើងខ្លួនឯងហួស ហេតុ ថែមទាំងធ្វើឱ្យគេស្អប់ ព្រមទាំងបាត់បង់តម្លៃទៀតផង។ រីឯបុគ្គលខ្លះទៀតចេះសម្របខ្លួន ដាក់ខ្លួន ស្គាល់កាលៈទេសៈ ហើយថែមទាំងចេះគោរពចាស់ទុំ គ្រូ ឬរៀមច្បងផងដែរ។ ហេតុដូច នេះហើយ ទើបមានសុភាសិតខ្មែរមួយបានលើកឡើងថា៖ «ងើយស្រក ឱនដាក់គ្រាប់»។

តើសុភាសិតនេះមានអត្ថន័យខ្លឹមសារដូចម្តេចថា ៖ ដើម្បីជាពន្លឺក្នុងការបកស្រាយសុភាសិតនេះ ជាបឋម យើងគួរគប្បីយល់នូវអត្ថន័យនៃ ពាក្យគន្លឹះមួយចំនួនសិន។ ពាក្យ «អើយ» មានន័យថា សម្លឹងមើលទៅលើ ដោយមិនមើលអ្នក នៅក្រោមៗឡើយ។ រីឯ «ស្តុក» គឺមិនដាក់គ្រាប់ ផ្លែមានតែសំបក តែឥតមានសាច់ខាងក្នុង អត់ បានការ ឥតប្រយោជន៍។ សុភាសិតនេះ បើតាមន័យត្រង់ សំដៅទៅលើរុក្ខជាតិ ហូបផ្លែ មាន ក្រូច មានស្រូវជាដើម យើងសង្កេតឃើញថា កាលណា ដើមវាងើយឡើងទៅលើ គឺផ្លែរបស់វា គ្មានគ្រាប់ គ្មានសាច់នៅខាងក្នុងនោះទេ ប៉ុន្តែបើវាឱន ប្រាកដណាស់ ផ្លែរបស់វា គឺមានសាច់ល្អ ជាក់ជាមិនខាន។ បើតាមន័យធៀប គឺគេចង់សំដៅចំពោះមនុស្ស ឬ បុគ្គលដែលចេះ ឱនលំទោន សុភាពរាបសារ ចេះដាក់ខ្លួន គឺរមែងមានគេចូលចិត្ត គោរពស្រឡាញ់ និងឱ្យតម្លៃ។ ចំណែកបុគ្គលដែលមានអំនួតក្អេងក្អាង មិនចេះឱនលំទោន ច្រើនតែទទួលនូវការស្អប់ខ្ពើមពីអ្នក ផងទាំងឡាយ។

ជាការពិតណាស់ បើយើងចាប់អារម្មណ៍ទៅលើធម្មជាតិនៃដើមស្រូវ កាលណាវាអើយ ឡើងលើ ទោះវាគម្រប់ថ្ងៃដែលត្រូវមានគ្រាប់ក៏ដោយ ក៏មានន័យថា គ្រាប់ខាងក្នុងនោះ គឺគ្មាន សាច់ទេ ស្រូវស្កកមានតែសម្បកតែប៉ុណ្ណោះ មិនអាចប្រមូលទិន្នផល ផលិតជាអង្ករបានឡើយ។ ស្រូវស្កកអាចមកពីកត្តាផ្សេងៗដូចជា ខ្វះទឹកគ្រប់គ្រាន់ អាកាសធាតុក្តៅខ្លាំង សត្វល្អិតរំខាគុណភាពដីមិនល្អ។ ផ្ទុយពីនេះ បើដើមស្រូវនោះឱនទោរធ្លាក់ចុះមកក្រោម គឺវាដោយសារគួរ របស់វាមានគ្រាប់ មានសាច់ច្រើនធ្វើឱ្យទម្ងន់នៃគួររបស់វាធ្ងន់ កសិករនឹងសង្ឃឹមថានឹងបានផល ល្អប្រសើរជាក់ជាមិនខាន។ ចេតនាពិតរបស់ចាស់បុរាណខ្មែរ គឺលោកចង់ធ្វើការប្រៀបធៀប បុគ្គលដែលមានអំនួតក្អេងក្អាង មិនចេះឱនលំទោន មោទនកភាពជាមួយខ្លួនឯងជ្រុល ចាត់ទុក ខ្លួនឯងគ្មានអ្នកណាស្មើ មើលឃើញសមត្ថភាពខ្លួនឯងខ្ពស់ជានិច្ច គឺប្រៀបដូចជាដើមស្រូវ ដែលងើយ គួរគ្មានគ្រាប់ គ្មានសាច់ មានតែសម្បកខាងក្រៅប៉ុណ្ណោះ។ ដូនតាខ្មែរអប់រំ ណែនាំកូន ចៅមនុស្សប្រុសស្រីទាំងឡាយ ឱ្យចេះឱនលំទោន ប្រព្រឹត្តអាកប្បកិរិយាសមរម្យ សុភាពរាបសារ ទន់ភ្លន់ គោរពចាស់ព្រឹទ្ធាចារ្យ ស្គាល់ញាតិមិត្ត អ្នកភូមិផងរបងជាមួយ មិនប្រើធម៌ប្រមាថ មិន ប្រើធម៌អំនួត ត្រូវប្រើធម៌មេត្តា រមែងមានគេចូលចិត្ត គោរពស្រឡាញ់ និងឱ្យតម្លៃ។ នៅពេល ដែលបុគ្គលគ្រប់រូបអាចប្រតិបត្តិតាមមាគ៌ាទាំងនេះបាន បុរាណចារ្យខ្មែរ លោកចាត់ទុកថាជន ទាំងនោះប្រៀបដូចជាគួរស្រូវដែលឱនដាក់គ្រាប់ ហើយគេអាចយកមកប្រើជាប្រយោជន៍បាន គ្រប់តម្រូវការ។

សង្គមកាន់តែទំនើប សីលធម៌របស់មនុស្សកាន់តែអន់ថយ មនុស្សមួយចំនួនលែងគិតពី តម្លៃនៃកិត្តិយស អាត្មានិយម ប្រកាន់បក្សពួក មានអាកប្បកិរិយាឈ្លើយច្រឡើសបើស ប៉ើងរឿង ចូលចិត្តមាក់ងាយគេ គិតថាខ្លួនឯងល្អគ្រប់សព្វ អ្នកផ្សេងមិនស្មើនឹងខ្លួន គិតតែពីប្រយោជន៍ខ្លួន ជាធំ លែងស្គាល់ខុស ស្គាល់ត្រូវ ភ្លេចខ្លួន ពោលពាក្យអសុរោះ ។ល។ សីលធម៌រស់នៅជារឿង សំខាន់ណាស់ សម្រាប់មនុស្សយើងគ្រប់ៗគ្នា ទោះមានចំណេះដឹងជ្រៅជ្រះប៉ុណ្ណាក៏ដោយ តែបើ សីលធម៌រស់នៅមិនល្អ គឺគ្មានប្រយោជន៍អ្វីនោះទេ បុគ្គលបែបនេះទៅទីណា កន្លែងណា ក៏គេមិន ស្រឡាញ់ មិនគោរព និងឱ្យតម្លៃនោះទេ។ បើក្នុងប្រទេសយើងមានបុគ្គលធន់នេះកាន់តែច្រើន សង្គមយើងក៏កាន់តែអនាធិបតេយ្យ គ្មានរបៀបរៀបរយ គ្មានសណ្តាប់ធ្នាប់ អនាគតកិត្តិយស ជាតិទាំងមូលក៏ប្រហែលជាអាប់ឱនក៏ថាបាន។ ការរស់នៅក្នុងសង្គម ត្រូវចេះមើលគេមើលឯង គេរស់បែបណា យើងក៏រស់បែបនោះបានដែរ ឱ្យតែវិធីសុចរិតត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ការចេះ ដាក់ខ្លួន រមែងទទួលបាននូវតម្លៃ ការកោតសរសើរពីគ្រប់មជ្ឈដ្ឋាននានា និងអាចរៀនសូត្ររាល់ ចំណេះថ្មីៗបន្ថែមទៀតផង។

បើយើងងាកទៅចាប់អារម្មណ៍ក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរ គឺរឿងកុលាបប៉ៃលិន ដែល និពន្ធឡើងដោយ សាស្ត្រាចារ្យ ញ៉ុក ថែម ។ តាមដំណើររឿង យើងសង្កេតឃើញថា តួអង្គចៅចិត្រ ចេះដាក់ខ្លួនធ្វើការជាកម្មករជីកត្បូង ពេញចិត្តចំពោះការងារ ធ្វើដោយការទទួលខុសត្រូវ ខ្ពស់ មានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សគ្រប់ៗគ្នា រាប់អានមិត្តៗកម្មករ ស្គាល់ចាស់ទុំ គោរពចៅហ្វាយនាយ និងមានអាកប្បកិរិយាសមរម្យ ថ្លៃថ្នូរ ពោលពាក្យសម្ដីទន់ភ្លន់ ពីរោះពិសា ពុំមានពុតត្បុត មានសេចក្តីស្មោះត្រង់។ ទាំងនេះ គឺជាគុណតម្លៃនៃតួអង្គចៅចិត្រ។ ជាលទ្ធផល យើងឃើញថា អ្នកណាៗក៏គោរពស្រឡាញ់ចៅចិត្រដែរ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានកែប្រែ និង ធ្វើឱ្យអនាគតរបស់ខ្លួនទទួលបានការរីកចម្រើន ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងឆាកជីវិតថែម ទៀតផង។ ខុសពីតួអង្គលោក បាឡាត់ស្រុកសង្កែ ដែលតែងតែនិយាយក្អេងក្អាង អាងអំណាច មើលងាយអ្នកក្រ មិនចេះឱ្យតម្លៃអ្នកតូចទាបជាងខ្លួន។ ចំណុចអវិជ្ជមានទាំងនេះហើយជាហេតុ ដែលធ្វើឱ្យគេមិនសូវគោរពស្រឡាញ់ លោកបាឡាត់ សូម្បីតែតួអង្គ នាង ឃុន នារី មិនពេញចិត្ត រូបលោកនោះដែរ។ បន្ថែមពីនេះ លោក ហ្លួងរតនសម្បត្តិ គឺជាមហាសេដ្ឋី ដែលចេះរាប់អានកូន ចៅ មិនប្រកាន់ឋានៈបុណ្យសក្តិ លោកបានរៀនសូត្រច្រើនពីអ្នកក្រ ដែលធ្វើឱ្យលោកយល់ដឹង ច្រើនពីបញ្ហាលំបាករបស់អ្នកក្រ ហេតុនេះហើយ គេសង្កេតឃើញថា កម្មករដែលនៅក្រោម បង្គាប់របស់លោក និងអ្នកនៅជុំវិញខ្លួនលោក សុទ្ធតែគោរព និងពេញចិត្តលោកគ្រប់ៗគ្នា។

ចំណែក ក្នុងស្នាដៃរឿង ផ្កាស្រពោន ដែលជាវណ្ណកម្មរបស់ លោក នូ ហាច ក៏បាន សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់។ តួអង្គ ប៊ុនធឿន មិនត្រឹមតែមានចំណេះដឹងទេ ថែមទាំងមាន សុជីវធម៌ក្នុងការរស់នៅ សីលធម៌ដ៏ប្រពៃទៀតផង។ ដែលខុសពី តួអង្គ ណៃស៊ត គឺមានចរិត ព្រហើនអាងខ្លួនជាកូនអ្នកមាន មិនគោរពចាស់ទុំ ធ្វើឱ្យអ្នកភូមិស្អប់ខ្ពើម សូម្បីតែនាងវិធាវី ក៏មិន ពេញចិត្តដែរ ហើយនាងក៏មិនប្រាថ្នាបុគ្គលបែប «ងើយស្កក» រូបនេះ គឺប្រាថ្នាតែ ប៊ុនធឿនមួយ គត់ ដែលអាចហៅបានថា បុរស «ឱនដាក់គ្រាប់»។

យ៉ាងណាមិញ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ លោក សួន សុរិន្ទ បានបង្ហាញឱ្យ ឃើញរាល់សកម្មភាពទាំងអស់របស់តួអង្គ សម ដែលចេះស្រឡាញ់មនុស្សនៅជុំវិញខ្លួន ហើយ គោរពមនុស្សទាំងអស់ ទោះចាស់-ក្មេង មាន-ក្រ ក្តី សមមិនដែលប្រើពាក្យ ឬ បញ្ចេញអាកប្ប កិរិយាមើលងាយមើលថោកនរណាម្នាក់ឡើយ។ សកម្មភាពនេះធ្វើឱ្យសម ទទួលបានមកវិញនូវ ការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់តួអង្គក្នុងរឿងក្តី និងអ្នកអាន អ្នកសិក្សាក្តី។

សរុបមកឃើញថា ការដែលមនុស្សចេះដាក់ខ្លួន ឱនលំទោនដោយភាពទន់ភ្លន់នោះ គឺជា អាកប្បកិរិយាដ៏ល្អប្រពៃ ទៅទីកន្លែងណា ក៏មានអ្នកជួយជ្រោមជ្រែង អបអរសាទរ គោរពកោតសរសើរស្ញប់ស្ញែងគ្រប់ៗគ្នា។ ប៉ុន្តែ បើយើងប្រកាន់ឬកពារមិនសមរម្យ ឈ្លើយច្រឡើសបើស មានអំនួតអួតអាង គ្មានសីលធម៌ នោះប្រាកដណាស់ គឺគ្មានរណាចូលចិត្ត គោរពស្រឡាញ់នោះ ឡើយ។

ឆ្លងតាមការបកស្រាយខាងលើនេះ យើងអាចសន្និដ្ឋានបានថា សុភាសិតមួយនេះពិតជា មានតម្លៃ ខ្លឹមសារ ផ្តល់ការអប់រំដល់ខេមរជនប្រុសស្រីទាំងឡាយ និងមានតម្លៃមិនអាចកាត់ថ្លៃ បាន។ បណ្តុះស្មារតីឱ្យជនានុជនទាំងឡាយប្រព្រឹត្តិនូវអាកប្បកិរិយាសមរម្យ មានសីលធម៌ បដិបត្តិខ្លួនជាបុគ្គលមានតម្លៃចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ដូចនេះក្នុងនាមជាអ្នក សិក្សា ជាយុវជនជំនាន់ក្រោយ គួរគប្បីចេះឱនលំទោន គោរពស្រឡាញ់មនុស្សផងទាំងឡាយ ហើយមិនត្រូវប្រកាន់ខ្លួន ឬ រើសអើងនរណាម្នាក់នោះទេ ៕

...

រំលឹកពាក្យថា ៖ «ងើយស្កក ឱនដាក់គ្រាប់»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print