ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ ម្សិលមុិញ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសរសើរ ជូនគ្រូពេទ្យស័្មគ្រចិត្តរបស់អង្គការ ហា ឆាន់ ខាំ ដែលបានពិនិត្យ និង ព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។
នាឱកាសនោះលោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការអរគុណចំពោះ អង្គការ ហា ឆាន់ ខាំ ដែលជានិច្ចកាលតែងតែបានចូលរួមចំណែកជាមួយនឹងរដ្ឋបាលខេត្ត តាមរយៈការលើកស្ទួយវិស័យអប់រំ ក៏ដូចជាវិស័យសុខាភិបាលនៅក្និងខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងរយៈពេលបីថ្ងៃ (ថ្ងៃទី២៩-៣១ ខែមករា ) ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានលះបង់ចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិត ថ្លៃ ជូនប្រជាពលរដ្ឋក្នុងរយៈពេល ៣ថ្ងៃ ប្រមាណជិត១០០០នាក់។
លោក គឹម យ៉ុង អ៊ុក តំណាង អង្គការ ហាឆាន់ខាំ ក៏ដូចជាក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏បានអរគុណទៅដល់ឯកឧត្តម អ៊ុំ រាត្រី ដែលបានជួយសម្របសម្រួលលើកិច្ចការងារពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដំណើរការដោយរលូននិងទទួលបានលទ្ធផលការ។ ក្នុងនោះផងដែរហើយលោកក៏ សន្យាថា ខិតខំគៀរគរ និងដឹកនាំក្រុមគ្រូពេទ្យ ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បន្តទៀតនៅពេលណាមួយ។
សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកសិរីសោភ័ណបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការ ហា ឆាន់ ខាំ ដែលមកពីសាធារណៈរដ្ឋកូរ៉េខាងត្បូង ចុះមកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងចាស់ និងកូនក្មេង រយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥) ដោយមានឯកទេសព្យាបាល ដូចជា ជំងឺទូទៅ, ជំងឺបេះដូង, ជំងឺភ្នែក, ជំងឺមាត់-ធ្មេញ, ជំងឺសន្លាក់, ជំងឺរោគស្ត្រី និងចាក់ម្ជុលវិទ្យាសាស្ត្រ៕
ដោយ ៖ សិលា