ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

ចែករំលែក៖

ភ្នំពេញ ៖ របបកម្ពុជាប្រជាធិបតេយ្យបានកម្ទេចអស់ទាំងស្រុងនូវសមិទ្ធផល ខាងផ្នែកអភិវឌ្ឍធនធានមនុស្ស ដែលសម្រេចបានក្នុងរយៈពេល១៣០ឆ្នាំ នៃការអភិវឌ្ឍកម្ពុជា ដែលបញ្ញវន្តខ្មែរបានខិតខំប្រឹងប្រែងងើបឡើងវិញឱ្យស្មើ ហើយថែមទាំងលើសប្រទេសក្នុងតំបន់ទៀតផង ដែលចាប់ផ្តើម ឡើងតាំងពីសម័យអង្គដួងមកម៉្លេះ។ កម្ពុជាបានធ្លាក់ចុះដល់កម្រិតសូន្យ ឡើងវិញ។ តើនេះជាវាសនា ជាបណ្តាសា ជាការសងសឹក ជាការសម្រេច ចិត្តដ៏ឃោរឃៅគ្មានមនុស្សធម៌ ឬជាឧក្រិដ្ឋកម្មដើម្បីសម្រេចនូវមហិច្ឆតា ឬក្តីស្រមើស្រមៃគ្មានវិចារណញ្ញាណ?

ការដួលរលំនៃរបបលន់ នល់នៅភ្នំពេញ និងរបបសាធារណរដ្ឋ វៀតណាម នៅវៀតណាមខាងត្បូង នៅក្នុងខែឧសភា ឆ្នាំ១៩៧៥ និង ជោគជ័យរបស់ពួកកុម្មុយនីស្តនៅប្រទេសឡាវបានធ្វើឱ្យឧបទ្វីបឥណ្ឌូចិន ទាំងមូលធ្លាក់ចុះទៅក្នុងជំរំកុម្មុយនីស្ត។ តំបន់អាស៊ីអាគ្នេយ៍បានបោះជំហាន ចូលក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការប្រឈមមុខរវាងលោកសេរី និង លោកកុម្មុយនីស្ត។ ប្រទេសសមាជិកអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារពួកគេព្រួយបារម្ភពីការរាលដាលនៃលទ្ធិកុម្មុយនីស្តចូលប្រទេសថៃ និងប្រទេសផ្សេងទៀត។

១-មូលហេតុអ្វីបានជាខ្មែរក្រហមធ្វើបដិវត្តន៍?

ការវិវត្តនយោបាយឆ្វេងនិយមនៅកម្ពុជាមានចំណុចបួនសំខាន់ៗ ៖

ក-ការបង្កើតបក្សប្រជាជនបដិវត្តន៍កម្ពុជា និងការតស៊ូ

ការប្រយុទ្ធផ្ទៃក្នុងបក្ស ៖ បន្ទាប់ពីបក្សកុម្មុយនីស្តឥណ្ឌូចិនត្រូវបាន រំសាយ បក្សប្រជាជនបដិវត្តន៍ខ្មែរត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយឈរលើមូលដ្ឋាននៃលទ្ធិម៉ាក្សឡេនីន។ អាចារ្យមៀន (សឺង ង៉ុកមិញ) ត្រូវបានតែងតាំងជាលេខាបក្សរហូតដល់ចុងទសវត្សរ៍៥០។ ក្រោយសន្និសីទទីក្រុងហ្សឺណែវ វៀតណាមបានបញ្ជូនខ្មែរដែលបណ្តុះ-បណ្តាលនៅភាគខាងជើងជាច្រើនពាន់នាក់ត្រលប់ទៅវិញ។ គណបក្ស ប្រជាជនក៏បានចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៥៥ដែរ តែទទួលបានសំឡេង គាំទ្រតិចតួចណាស់។ នៅក្នុងបក្ស ចែកចេញជាខ្មែរវៀតមិញ និងខ្មែរ ឯករាជ្យពីវៀតណាម។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ពួកបដិវត្តន៍មួយ ក្រុមបានកោះប្រជុំបក្សប្រជាជនបដិវត្តន៍កម្ពុជា ហើយបានដូរឈ្មោះទៅ ជាបក្សពលករកម្ពុជា ដែលជាបក្សលទ្ធិម៉ាក្សលេនីន មានលក្ខន្តិកៈ និង គណៈកម្មការកណ្តាល ហើយដែលទូ សាមុត ត្រូវបានតែងតាំងជាលេខា ធិការបក្ស ហើយនួន ជាជាអនុលេខា ចំណែកឯសាឡុត ស (ប៉ុល ពត) ត្រូវបានតែងតាំងជាអនុលេខាទីពីនៅឆ្នាំ១៩៦១។ នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ក្រោយពីលោកទូ សាមុតបាត់ខ្លួនគួរឱ្យសង្ស័យ និងបន្ទាប់ពីលោក សឺង ង៉ុកមិញ ស្លាប់នៅប៉េកាំងមក មហាសន្និបាតបក្សជាបន្ទាន់មួយត្រូវបាន ប្រារព្ធឡើង ហើយបានជ្រើសតាំងប៉ុល ពតជាលេខាបក្ស។ មេដឹកនាំបក្ស កុម្មុយនីស្តជាច្រើន ដែលក្នុងនោះមានប៉ុល ពត និងអៀង សារី ផងដែរបាន រត់ចូលព្រៃ ដើម្បីធ្វើការតស៊ូបដិវត្តន៍។ ក្នុងឆ្នាំ១៩៦៧ បន្ទាប់ពីកុបកម្មនៅសំឡូត ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹមក៏រត់ចូលព្រៃអស់ទៀត។

អង្គការ គឺជាស្ថាប័នកំពូលរបស់បក្ស ៖ នៅក្នុងរបបប៉ុល ពត អង្គការ គឺជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ បើតាមលក្ខន្តិកៈ អង្គការគឺជាគណៈកម្មការ កណ្តាលនៃបក្សកុម្មុយនីស្តកម្ពុជា។ ក៏ប៉ុន្តែ នៅចន្លោះការប្រជុំគណៈកម្មការ កណ្តាល គឺការិយាល័យនយោបាយបក្ស ដែលធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ របស់បក្ស។ អង្គការប្រៀបប្រដូចទៅនឹងអង្គការសម្ងាត់ ដែលមានអំណាច កំពូលរបស់ខ្មែរក្រហម ហើយដែលអាចសម្រេចលើអាយុជីវិតរបស់ជន កម្ពុជាគ្រប់រូបនៅសម័យនោះ។ «បើអង្គការឱ្យរស់ គឺរស់ បើអង្គការឱ្យស្លាប់ គឺស្លាប់»។ អ្នកដែលមានសិទ្ធិសម្រេចនៅពេលនោះ គឺជាសមាជិកគណៈ កម្មាធិការបក្សកុម្មុយនីស្តកម្ពុជា ដែលមានសមាជិកចំនួន១០នាក់ ដែល មានប៉ុល ពតជាលេខាបក្ស និងនួន ជាជាអនុលេខាបក្ស។

ខ-បញ្ញវន្តឆ្វេងនិយម និងមនោគមវិជ្ជាខ្មែរក្រហម

ប្រភពនៃបដិវត្តន៍កម្ពុជា ៖ បដិវត្តន៍កុម្មុយនីស្តនៅកម្ពុជាកើតឡើង ដោយសារក្រុមពីរសំខាន់ ៖ (១) ក្រុមទី១ គឺជាខ្មែរវៀតមិញបណ្តុះបណ្តាល ដោយវៀតណាម ដែលដំបូងចូលក្នុងចលនាខ្មែរឥស្សរៈ ដើម្បីរំដោះប្រទេស កម្ពុជាពីការគ្រប់គ្រងបារាំង ដែលដឹកនាំដោយសឹង ង៉ុកមិញ និងទូ សាមុត និង (២) ក្រុមបញ្ញវន្តឆ្វេងនិយម វន្តឆ្វេងនិយម ដែលបណ្តុះ បណ្តាលនៅប្រទេសបារាំង ដែលដឹកនាំដោយសាឡុត ស ហៅប៉ុល ពត។ ការប្រយុទ្ធរវាងក្រុមទាំងពីរ បានធ្វើឱ្យមានការបង្ក្រាបផ្ទៃក្នុងបក្សកុម្មុយនីស្តកម្ពុជាក្នុងរយៈពេលជិត កន្លះសតវត្ស។

មូលដ្ឋានទ្រឹស្ដីខ្មែរក្រហម ៖ នៅអំឡុងទសវត្សរ៍ទី៥០ ក្រុមនិស្សិតខ្មែរ មួយក្រុមដែលសិក្សានៅប្រទេសបារាំងបានបង្កើត «សមាគមនិស្សិតខ្មែរ (A.E.

K)» ដែលមានមតិឆ្វេងជ្រុល ហើយនៅក្នុងនោះពួកគេបានបង្កើតក្លឹប ម៉ាក្សនិយម ក្នុងគោលដៅពិភាក្សាស្តីពីមាគ៌ានៃការអភិវឌ្ឍប្រទេស ដោយប្រកាន់យកលទ្ធិសង្គមនិយម។ នៅទសវត្សរ៍ឆ្នាំ៥០ និង៦០ លទ្ធិកុម្មុយនីស្ត និងសង្គមនិយមកំពុងតែពេញនិយមក្នុងចំណោមយុវជន និងនិស្សិត។ សមាជិកក្លឹបនេះមានសាឡុត ស ហៅប៉ុល ពត ដែលរៀនមិនចប់បាន សញ្ញាបត្រវិស្វករ តែចូលចិត្តអានស្នាដៃរបស់ម៉ាក្ស អៀង សារី ដែលរៀន នៅវិទ្យាស្ថានសិក្សានយោបាយនៅប៉ារីស ហ៊ូ យន់ ដែលទទួលបានសញ្ញា ប័ត្របណ្ឌិតសេដ្ឋកិច្ច មកពីសាកលវិទ្យាល័យប៉ារីសនៅឆ្នាំ១៩៥៥ ខៀវ សំផន ដែលទទួលបានសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ ប៉ារីស និងសុន សេន ដែលរៀនខាងផ្នែកអប់រំ និងអក្សរសិល្ប៍ និងហ៊ូ នឹម ដែលទទួលបានសញ្ញាប័ត្របណ្ឌិតនីតិសាស្ត្រនៅសាកលវិទ្យាល័យភ្នំពេញ ហើយបានសរសេរសៀវភៅស្តីពីសហករណ៍។

ហ៊ូ យន់ចូលចិត្តមនោគមវិជ្ជាម៉ាក្សតាំងពីយុវភាពម៉្លេះ។ នៅប៉ារីស ក្នុងទសវត្សរ៍៥០ គាត់សេពគប់តែជាមួយពួកឆ្វេងនិយម។ នៅក្នុងនិក្ខេបបទ បណ្ឌិតរបស់គាត់ «កសិករកម្ពុជា និងគម្រោងទំនើបកម្ម (La paysannerie du cambodge et ses projets de moderisation)» លោកបានសិក្សាពីការ រៀបចំសហករណ៍ ដែលអាចធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជាបាន។ ហ៊ូ យន់ជាបញ្ញវន្តខ្មែរក្រហមម្នាក់ ដែលប្រកាន់ទ្រឹស្តីរឹងរូស និងមានទំនាស់ ក្នុងជួរខ្មែរក្រហមដូចគ្នា។ ចំណែកឯខៀវ សំផនបានការពារនិក្ខេបបទ បណ្ឌិតនៅក្នុងឆ្នាំ១៩៥៩ ដែលមានចំណងជើងថា «សេដ្ឋកិច្ចកម្ពុជា និង បញ្ហាឧស្សាហូបនីយកម្ម (L’économie du Cambodge et ses problèmes d’industrialisation) »។

គំនិតសំខាន់ៗនៅក្នុងនិក្ខេបបទបណ្ឌិតទាំងពីរនេះបានក្លាយទៅជា ប្រធានបទនៃគោលនយោបាយសេដ្ឋកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ហ៊ូ យន់ចាត់ទុកកសិករជាវណ្ណៈ ដែលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងទំនើបកម្ម ដោយទាត់ចោលមតិដែលថា ទីក្រុងនិងឧស្សា ហូបនីយកម្ម គឺជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍ។ ចំណែកឯខៀវ សំផនវិញយល់ឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហូបនីយកម្មត្រូវចាប់ផ្តើម ពីគោលនយោបាយខ្លួនទីពឹងខ្លួន និងការបញ្ចប់ជាស្ថាពរនូវការពឹងផ្អែក លើសេដ្ឋកិច្ចនៃប្រទេសរីកចម្រើន។ ម្យ៉ាងវិញទៀត ខៀវ សំផនចាត់ទុក ការងារទីក្រុង ដូចជាមន្ត្រីរាជការ ពាណិជ្ជករ និងធនាគារិក សុទ្ធសឹងតែ អ្នកដែលបំពេញការងារដែលគ្មានផលិតភាព។ លោកចាត់ទុកសកម្មភាព ទាំងនេះមិនបានផ្តល់តម្លៃបន្ថែមអ្វីទាំងអស់ដល់សង្គម ហើយគឺជាអ្នកដែល កេងប្រវ័ញ្ចលើសកម្មភាពផលិតកម្មដទៃទៀត ដូចជាកសិកម្ម សិប្បកម្ម និង ឧស្សាហកម្មធុនតូចជាដើម និងគ្មានផលប្រយោជន៍អ្វីដល់សង្គមឡើយ។ នៅមាន(ត) ៕

...

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print