ការអត់ឃ្លានមានគ្រប់ទីកន្លែង។ ថ្ងៃមួយខ្ញុំបានទៅលេងបងប្រុសរបស់ខ្ញុំឈ្មោះ ផាន នៅឯស្ពានថ្មី។ខ្ញុំស្លុតចិត្តយ៉ាងខ្លាំងពេលបានជួបគាត់ ព្រោះរូបរាងរបស់គាត់ស្គមស្គាំងមានតែក្បាលជង្គង់។ មិនថាតែបងប្រុសខ្ញុំទេ ប្រជាជនដទៃទៀតក៏មានសភាពមិនសូវជាខុសគ្នាប៉ុន្មានដែរ។
នៅក្នុងរបបខ្មែរក្រហមមានហេតុការណ៍មួយទៀតដែលធ្វើឲ្យខ្ញុំចងចាំមិនភ្លេចទាល់តែសោះ។ល្ងាចមួយមេឃងងឹតទៅហើយប្រធានសហករណ៍បានកោះប្រជុំកងកម្លាំងទី១ទាំងអស់ ហើយប្រកាសថា ស្អែកអង្គការបានដាក់ផែនការឲ្យជីករណ្ដៅធំមួយដែលមានជម្រៅ ៣ ម៉ែត្រទទឹង៥ ម៉ែត្រនិងបណ្ដោយ ២០ ម៉ែត្រឲ្យហើយក្នុងពេលតែមួយថ្ងៃ។ លុះស្អែកឡើងកម្លាំងទី១ បានបញ្ចប់ផែនការជីករណ្ដៅលឿនឆាប់រហ័សមុនពេលកំណត់ ទើបវេលារសៀលជ្រេបន្តិចបានវិលពីការដ្ឋានត្រឡប់មកផ្ទះវិញ។ មិត្តបងប្រធានសហករណ៍បានពោលសរសើរ និងចែកដំឡូងស្ងោរឲ្យក្នុងម្នាក់ៗចំនួន៣មើម ហើយបានអនុញ្ញាតឲ្យទៅលេងផ្ទះទៀតផង។ក្រោយបានទទួលដំឡូង និងឮការប្រកាសបែបនេះភ្លាម សម្រែកជយឃោសថា ជយោ! អង្គការជយោអង្គការ! បានបន្លឺឡើងកងរំពង។ ខ្ញុំវិញសប្បាយចិត្តណាស់ ព្រោះបានដំឡូងស្ងោរមកបំពេញក្រពះដែលកំពុងតែស្រេកឃ្លានមួយនេះ។ រំពេចនោះនោះ ខ្ញុំស្រាប់តែនឹកឃើញម្ដាយរបស់ខ្ញុំ ។ ខ្ញុំក៏ប្រញាប់ស្រូតដំណើរទៅរកគាត់ភ្លាម។ គ្រាន់តែមកដល់ផ្ទះរបស់គាត់ ខ្ញុំបម្រុងឈានជើងឡើងជណ្ដើរទៅហើយ ស្រាប់តែសំឡេងមួយបន្លឺឡើងពីខាងលើផ្ទះមកបង្អាក់ខ្ញុំមួយរំពេច។
” កាប៉ុក ហង ស៊ីពោតនេះឱ្យលឿនៗទៅក្រែងមានឈ្លបណាមកទាន់មានបញ្ហាណាហង! ស៊ីទៅ ព្រោះអញមិនស៊ី អញទុកឱ្យតែហងទេ កាប៉ិច និង កាប៉ូច វាគ្មានសំណាងដូចហងទេ ពេលបានស៊ីហើយ តិចរមាស់មាត់ទៅនិយាយអួត ក្រែងវាខឹងទៅប្ដឹងឈ្លបថាអញនឹងហងក្បត់អង្គការអី ចប់មិនខានទេ ” ។
គ្រាន់តែឮសំឡេងនេះភ្លាមទឹកភ្នែករបស់ខ្ញុំហូរដោយមិនដឹងខ្លួន។ ខ្ញុំថយចេញពីទីនោះហើយរត់យ៉ាងលឿនកាត់គ្រាប់ភ្លៀងសំដៅមករក បងប៉ិច នៅឯចុងព្រែក។ ខ្ញុំយំឱបបងប៉ិច ហើយរៀបរាប់ប្រាប់គាត់ថា បងម៉ែមិនស្រលាញ់យើងទេ មានអីហូបគាត់ទុកឱ្យតែបងប៉ុក ។ បងប៉ិចបានអង្អែលខ្នងខ្ញុំហាក់យល់ចិត្ត ហើយនិយាយថា បានហើយកាប៉ូចមិនមែនម៉ែមិនស្រឡាញ់យើងទេគ្រាន់តែយើងនៅឆ្ងាយពីគាត់ហើយកាបុ៉កនៅក្បែរខ្លួនគាត់ទើបធ្វើឱ្យគាត់យកចិត្តទុកដាក់នឹងវាច្រើនជាងយើង។ គ្មានម៉ែឯណាមិនស្រឡាញ់កូននោះទេ ឈប់យំទៅ។ និយាយរួចគាត់ក៏សួរខ្ញុំថាមានអ្វីនៅបង្វិចក្រមានោះ។ ខ្ញុំបានបង្ហាញដំឡូងស្ងោរដែលប្រធានសហករណ៍បានឲ្យមកខ្ញុំ រួចចែកបងប៉ិចហូបដែរ។ ខ្ញុំប្រាប់គាត់ថា ដំឡូងនោះបានមកដោយសារតែខ្ញុំជីករណ្តៅ ដែលអង្គការដាក់ឱ្យធ្វើបានឆាប់រួចរាល់មុនពេលកំណត់។ បងប៉ិចដឹងរឿងនេះហើយ បាននិយាយមកខ្ញុំវិញថា ឯងដឹងទេ រណ្តៅនោះគឺទុកសម្រាប់កប់កងកម្លាំងទី១របស់ពួកឯងហ្នឹងហើយ។ ឯងត្រូវគេឲ្យជីករណ្ដៅដើម្បីកប់ខ្លួនឯងហ្នឹង! បងឮថា ប្រហែលបីថ្ងៃទៀតខ្មែរក្រហមនឹងវាយសម្លាប់ប្រជាជនទម្លាក់ក្នុងរណ្តៅនោះ។
ពាក្យបង ប៉ិច និយាយធ្វើឲ្យខ្ញុំអុកគូទដួលចុះមួយរំពេច។ បីថ្ងៃទៀត ខ្ញុំរួមទាំងប្រជាជនជាច្រើនទៀតនឹងត្រូវអង្គការវ៉ៃសម្លាប់ទម្លាក់ក្នុងរណ្ដៅហើយ តើមែនទេ? តើមានអ្នកណាមិនស្លុតចិត្តបើដឹងថាខ្លួនឯងត្រូវមកស្លាប់នៅថ្ងៃណាបែបនេះនោះ?
ប៉ុន្តែខ្ញុំពិតជាមានសំណាងណាស់ថ្ងៃទី៣ ដែលខ្មែរក្រហមត្រូវយកពួកយើងទៅវាយចោល បែរជាឮដំណឹងថា ភ្នំពេញត្រូវបានរំដោះពីកណ្ដាប់ដៃខ្មែរក្រហមទៅវិញ។ ខ្ញុំក៏រស់រហូតមកដល់សព្វថ្ងៃ ។
ខ្ញុំស្ដាប់រឿងម្ដាយរបស់ខ្ញុំជក់ចិត្តយ៉ាងខ្លាំងនៅលើទោងដែលយោលយឺតៗខាងមុខផ្ទះ។ យប់ស្មើនេះជាធម្មតា ជាពេលដែលខ្ញុំកំពុងដេកលក់ ប៉ុន្តែយប់នេះខ្ញុំបែរជាមិនងងុយដេកទាល់តែសោះ។ ខ្ញុំជក់ចិត្តស្ដាប់ម្ដាយរបស់ខ្ញុំរៀបរាប់រឿងរ៉ាវជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហម។ ទោះជាម្ដាយរបស់ខ្ញុំរៀបរាប់មិនបានសព្វគ្រប់ជ្រុងជ្រោយ ប៉ុន្តែការចងចាំរបស់គាត់ដែលបានរៀបរាប់ទាំងប៉ុន្មានបានចូលក្នុងអារម្មណ៍របស់ខ្ញុំឡើង ស្លុងដូចកំពុងតែមើលរឿងភាពយន្ត។
ខ្ញុំតាមមើលម្ដាយរបស់ខ្ញុំរហូតដល់គាត់ដើរចូលផុតទៅក្នុងផ្ទះ បន្ទាប់ពីគាត់និយាយរឿងរ៉ាវក្នុងរបបខ្មែរក្រហមប្រាប់ខ្ញុំរួច។ការចងចាំរបស់ម្ដាយខ្ញុំកាលពីជំនាន់ប៉ុលពត ដ្បិតថាខ្លីប៉ុន្តែខ្ញុំបានរៀនសូត្រពីរបបនោះច្រើន។ទោះបីជារបបនេះបានកន្លងផុតជាង ៤០ ឆ្នាំហើយយ៉ាងណាក៏ដោយ៕ (ចប់ដោយបរិបូណ៌)
![](http://nkdnews.com/wp-content/uploads/2025/02/IMG_20250203_103941_345.jpg)