លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តបាត់ដំបង+ប៉ៃលិន ៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅដល់គ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូនដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោកជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ១៧០០ហិកតា នៅឃុំស្នឹង និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

សូមជម្រាបថា នៅឆ្នាំ២០២៥នេះ បើតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានអំពីផែនការស្រូវប្រាំង ក្នុងខេត្តបាត់ដំបងមានចំនួន ២៧០០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងមានរហូតដល់ ៨៦១១៥ហិកតា។ ដោយឡែកនៅក្នុងភូមិទាំង១១ នៃឃុំស្នឹង ស្រុកបាណន់ ផែនការស្រូវប្រាំងមានចំនួន ៨០០ហិកតា តែការបង្កបង្កើនផលមានចំនួនប្រមាណ ១៧០០ហិកតា ក្នុងនោះបើទោះបីជា ក្រុមការងារបានយកចិត្តទុកដាក់នៅក្នុងការអន្តរាគមន៍ដើម្បីបូមទឹកជួយសង្គ្រោះយ៉ាងណាក៏នៅមានស្រូវចំនួន ៣ហិកតា បានទទួលរងការខូចខាតទាំងស្រុង ដោយសារតែស្ថិតនៅឆ្ងាយពីប្រភពទឹកខ្លាំងពេក។

ឆ្លើយតបចំពោះសំណូមពរក៏ដូចជាកង្វល់របស់បងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ប្រៀបដូចជាឪពុកម្តាយដែលតែងតែចង់ឱ្យកូនមានបាន ដោយខិតខំរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីជួយឱ្យកូនមានជីវភាពកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរជួយដោះស្រាយកង្វល់របស់កសិករ ដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ជាមួយនឹងការណែនាំឱ្យប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អ និងមានគុណសម្បត្តិស្របតាមតម្រូវការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យរួមសហការគ្នា ហើយស្តាប់តាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសលោកមេឃុំដែលជាអ្នកនៅផ្ទាល់តែម្ដង ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតមានឡើងចំពោះមុខ ដើម្បីទទួលបានភាពរីកចម្រើនទាំងអស់គ្នា។

នៅរសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី និងក្រុមការងារក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៨៦៦ហិកតា ដែលប្រឈមនឹងកង្វះទឹកស្រោចស្រពនាពេលខាងមុខ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា និងបានចុះពិនិត្យទីតាំងដែលមានជំនន់ទឹកភ្លៀងជន់លិចនៅចំណុចព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print