ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ឃាត់ខ្លួនបាន២៧នាក់ នៅខណ្ឌជ្រោយចង្វា និងខណ្ឌពោធិ៍សែនជ័យ ដែលបានបង្កសកម្មភាពអសន្តិសុខក្នុងមូលដ្ឋាន និងបង្កឱ្យសមត្ថកិច្ចរងរបួសហូរឈាមដាបពេញខ្លួន។
ក្រុមក្មេងទំនើងបង្ហោះម៉ូតូជាល្បែងកម្សាន្ត និងបង្កអសន្តិសុខក្នុងមូលដ្ឋាន ទោះជាកម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ បង្ក្រាបរាល់ថ្ងៃ តែក្រុមក្មេងទំនើងនៅតែមានប្រព្រឹត្តសកម្មភាព បង្ហោះម៉ូតូ ជិះប្រសេចប្រសាចរោទ៍ពេញផ្លូវ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដោយមិនខ្លាចញញើត។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចយើងបង្ក្រាបជាបន្តបន្ទាប់ក្រុមក្មេងទំនើងច្រើននាក់ជិះម៉ូតូប្រដេញគ្នាតាមផ្លូវ ជ្រុលទៅបុកមន្ត្រីនគរបាល២នាក់ ឱ្យរងរបួសធ្ងន់ នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន១២នាក់ និងមួយក្រុមទៀតកាលពីម៉ោង១និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់បាន១៥នាក់ ។
តាមសម្តីសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្មេងទំនើងមួយក្រុមជិះម៉ូតូជាង១០គ្រឿង ធ្វើសកម្មភាពរោទ៍ ប្រដេញគ្នា ប្រសេចប្រសាចតាមដងផ្លូវ នៅក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ជ្រុលទៅបុកម៉ូតូមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ៖
១ ឈ្មោះ ដា មុន្នីរក្សា ភេទប្រុស អាយុ២២ឆ្នាំ មន្ត្រីនគរបាល រងរបួសបែកចិញ្ចេីមខាងស្តាំ មានទីលំនៅ នៅភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
២ ឈ្មោះ តាប់ សុផាត ភេទប្រុស អាយុ២៥ឆ្នាំ មន្ត្រីនគរបាល រងរបួស បាក់ក្តោងច្រមុះ បែកមាត់និងបាក់ធ្មេញ មានទីលំនៅ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោសែនជ័យ ។
មន្ត្រីនគរបាលរងរបួសទាំង២រូប ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកក្មេងទំនើងចំនួន១២នាក់ ត្រូវបានឃាត់ខ្លួននាំយកទៅ ផ្នែកជំនាញខណ្ឌ រួមជាមួយម៉ូតូ ចំនួន៤គ្រឿង ដើម្បីអនុវត្តបន្តតាមនីតិវិធី ។
ចំណែកនៅខណ្ឌជ្រោយចង្វាវិញ ក្រុមក្មេងទំនើងបង្ហោះម៉ូតូ តាមផ្លូវ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់បាន១៥នាក់ ស្រី១នាក់ ម៉ូតូ៧គ្រឿង កាលពីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រួចនាំយកទៅការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ជ្រោយពេជ្រ