ភ្នំពេញ៖ ក្នុងរយៈពេល១ខែ ពោលគឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន៣៥៧ ករណី ដែលក្នុងនោះមានជនសង្ស័យចំនួន១០៩៨នាក់និងត្រូវបានឃាត់ខ្លួនចំនួន៨៧០ នាក់ ។ នេះបេីយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងនូវអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលា ដំបូង និងអយ្យការអមសាលាដំបូងរាជធានី\ខេត្ត ដែលបានចាត់វិធាន ការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺង ម៉ាត់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ក្រៅពីនេះ ក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំង ឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕ដោយ៖តារា