ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៤ កុម្ភៈនេះ បានសម្រេចលុបឈ្មោះ«សមាគមទេវ សក្ខី ភគវន្ត» ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ។ ជាសេចក្តីប្រកាសធ្វើឡើងក្រោយពីសមាគមនេះ ធ្វើសកម្មភាពប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និង គម្ពីរព្រះត្រៃបិដក។
តាមរយៈវីដេអូ ប្រធានសមាគមទេវ សក្ខី ភគវន្ត បានបញ្ឆេះប្រតិកម្មពីសំណាក់ព្រះសង្ឃ និងពុទ្ធសាសនិក បន្ទាប់ពីលោកបានអះអាងថា ព្រះសង្ឃជា «បន្ទុក» ដល់អ្នកកាន់ព្រះពុទ្ធសាសនា។
ពុទ្ធិកសមាគមកម្ពុជរដ្ឋ និង គណៈសង្ឃនាយក បានថ្កោលទោស ចំពោះគណនីហ្វេសប៊ុកឈ្មោះ «សមាគម ទេវ សក្ខី ភគវន្ត» បានតាំងខ្លួនជាអ្នកដើរពន្យល់ធម៌ដោយប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និង បានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
សេចក្តីថ្លែងការណ៍ បានចាត់ទុកសកម្មភាពរបស់បុគ្គលដែលហៅខ្លួនឯងថា «សាស្តា សក្ខី ភគវន្ត» មានគំនិតទុច្ចរិត និយាយបំភាន់ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ជំនឿលើព្រះសង្ឃ និងពលរដ្ឋខ្មែរ៕ដោយ៖តារា