ខេត្តតាកែវ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចំពោះកិច្ច កាលពីថ្ងៃទី៣ ខែកុម្ភៈថ្មីៗនេះ បានដឹកនាំក្រុមការងារចុះទៅមន្ទីរពេទ្យបង្អែកគិរីវង់ ក្នុងខេត្តតាកែវ។ គោលបំណងនៃការចុះនេះ គឺការធ្វើអភិបាលកិច្ច និងពង្រឹងសមត្ថភាពការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្ត្រីរាជការបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ ខេត្តតាកែវដែលស្ថិតនៅជិតនឹងព្រំដែនប្រទេសវៀតណាម។
ក្នុងការចុះពិនិត្យនេះដែរ លោកសាស្ត្រាចារ្យ ឡឹម តារា បានកត់សម្គាល់ឃើញថា នៅមន្ទីរពេទ្យបង្អែកគិរីវង់នេះ បុគ្គលិកបម្រើការងារមានការទទួលខុសត្រូវគោរពពេលវេលារបស់ខ្លួនបានល្អ និងបំពេញការងារ ២៤ម៉ោងលើ២៤ម៉ោង មានអនាម័យ សណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព រួសរាយរាក់ទាក់។
ទន្ទឹមនេះដែរ លោកសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្ត្រីនៅមន្ទីរពេទ្យបង្អែកគិរីវង់ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ជាចុងក្រោយ លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាលដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតីបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចចុះពិនិត្យនេះ ដោយមានការចូលរួមពី លោក និងអស់លោកដែលជាសមាជិកក្រុមការងារចំពោះកិច្ចរបស់ក្រសួងសុខាភិបាល និងប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ប្រធាន អនុប្រធាន មន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកគិរីវង់ និងគណៈគ្រូពេទ្យខេត្តតាកែវផងដែរ៕
ដោយ៖តារា