លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលេច ៖ «សុខភាពល្អ ផ្តើមចេញពីយើង បេ្តជ្ញាចិត្តរួមគ្នា តិចអំបិល តិចខ្លាញ់ តិចស្ករ »

ចែករំលែក៖

ខេត្តកណ្តាល៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ​ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក យុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូន កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន។

យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរជុំវិញខេត្ត អង្គការដៃគូ តំណាងសហជីព និយោជក និងបងប្អូនកម្មករ នៃរោងចក្រ បូវឃើរ ហ្វេកធើរី។

យុទ្ធនាការនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង សកម្មភាពអប់រំសុខភាព ធានាឱ្យនូវសុខុមាលភាពរបស់បងប្អូនកម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យ នៃជំងឺមិនឆ្លង ដើម្បីជំរុញការផ្លាស់ប្តូរ ឥរិយាបថរស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ នៅប្រកបដោយសុខភាព និងសុខុមាលភាព។

ជំងឺមិនឆ្លង រួមមានជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពោធឈាម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជាជំងឺដែលមានលក្ខណៈរ៉ាំរ៉ៃយូរអង្វែង កើតឡើងដោយ ស្ងាត់ស្ងៀម សន្សឹមៗ មានភាពស្មុគស្មាញ និងបង្ករផលប៉ះពាល់ដល់ទាំងសុខភាពបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសង្គមទាំងមូល។ ជំងឺមិនឆ្លង ជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដ៏ធំនៅកម្ពុជា និងសកលលោកផងដែរ។ ជំងឺមិនឆ្លងទាំងនេះ បង្កឡើងដោយកត្តាប្រឈមនាំមុខ ចំនួន ៤ ដូចជា៖ ១) របបអាហារមិនមានសុខភាព ខ្វះអនាម័យ (អាហារប្រៃ ផ្អែម ខ្លាញ់) ២) ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ៣) ការប្រើប្រាស់ផលិតផលថ្នាំជក់ ៤) កង្វះសកម្មភាពរាងកាយ (កង្វះការធ្វើលំហាត់ប្រាណ) ដែលបណ្តាលឱ្យមានការកើនឡើងនូវកត្តាហានិភ័យ ក្នុងការកើតមានជំងឺមិនឆ្លងកើនឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានយកឱកាសនេះ ផ្តាំផ្ញើដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋទាំងអស់ បង្ការឱ្យបាននូវការកើតជំងឺ ទឹកនោមផ្អែម និងលើសសម្ពាធឈាម ដែលជំងឺទាំងពីរនេះ អាចបង្ករទៅជាផលវិបាកសុខភាព ជាច្រើនទៀតដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយតម្រងនោម ពិការភ្នែកជាដើម។ អនុវត្តឱ្យបានខ្ជាប់ខ្ជួនរបបអាហារសុខភាព «តិចអំបិល តិចខ្លាញ់ តិចស្ករ» ដោយកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម ភេសជ្ជៈដែលមានជាតិស្ករ ដោយមនុស្សពេញវ័យ មានសុខភាពល្អម្នាក់ ត្រូវការថាមពលពីស្ករត្រឹមតែ ៤០ក្រាម (ត្រឹមតែ ១២ ស្លាព្រាបកាហ្វេ) ក្នុងមួយថ្ងៃ។ កាត់បន្ថយការទទួលទានប្រៃ មនុស្សពេញវ័យ ម្នាក់ត្រូវការអំបិល តិចជាង ៥ក្រាម (១ស្លាបព្រាកាហ្វេ) ចៀសវាងការពិសាបារី និងការប្រើប្រាស់គ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ ដល់ការលូតលាស់ខួរក្បាល បណ្តាលឱ្យញៀន និងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប្រើប្រាស់អំពើហឹង្សាបុគ្គល គ្រួសារ និងសង្គម គ្រោះថ្នាក់ចរចរាណ៍ និងប្រឈមនឹងជំងឺផ្សេងៗទៀត។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់បងប្អូនកម្មករ ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ចូលរួមទាំងអស់គ្នា៖
– សូមបងប្អូននាំយកនូវសារអប់រំសុខភាព ផ្សព្វផ្សាយបន្តដល់មិត្តភក្តិ គ្រួសារ និងសហគមន៍ ដើម្បីឱ្យមានការយល់ដឹង ដែលនាំឱ្យមានចូលរួមផ្លាស់ប្តូរឥរិយាបថ ដើម្បីបង្ការជំងឺមិនឆ្លង
– ក្រសួង ស្ថាប័នពាក់ព័ន្ធ សហគ្រាស គ្រឹះស្ថានទាំងអស់ សូមធ្វើការផ្សព្វផ្សាយជាប្រចាំ និងឱ្យបានទូលំទូលាយ នូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល តាមគ្រប់មធ្យោបាយផ្សព្វផ្សាយផ្សេងៗ និងធ្វើការបញ្ជ្រាបការអប់រំសុខភាព ទៅក្នុងវគ្គបណ្ដុះបណ្ដាល ឬកម្មវិធីនានា អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសផលប៉ះពាល់នៃការទទួលទានភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង។
– ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ ចូលរួមពង្រឹងវិធានការហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់គ្រប់ប្រភេទនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដោយបិទស្លាកហាមជក់បារី និងណែនាំបុគ្គលទាំងអស់កុំជក់ ឬបង្ហុយផ្សែង ផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ។

...

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង ស្ថាប័ននានា រោងចក្រ និងអង្គការដៃគូទាំងអស់ ដែលបាននិងកំពុងគាំទ្រ និងចូលរួមជំរុញការអប់រំសុខភាព ដើម្បីផ្លាស់ប្តូរឥរិយាបថរស់នៅ ប្រកបដោយសុខុមាលភាពរបស់ប្រជាជន ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ នាពេលកន្លងមក បច្ចុប្បន្ន និងពាំនាំនូវការសួរសុខទុក្ខ និងជូនពរបងប្អូនកម្មករទាំងអស់ សូមមានសុខភាពល្អ ការពារខ្លួនពីជំងឺមិនឆ្លង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print