ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ពាក់ព័ន្ធនឹងការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្មនីតិវីធីគយ។
កិច្ចប្រជុំបានប្រព្រឹត្ដទៅក្រោមអធិបតីភាព លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក TABEI Hideaki ប្រធាន JBAC ដោយមានការចូលរួមពីតំណាង JBAC តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ។
លោក ផា អេងវ៉េង បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់ អគរ ក្នុងការធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយ សំដៅផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជូនធុរជន។
លោក TABEI Hideaki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគរ ដែលបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ឆ្លើយតបបញ្ហាដែលបានលើកឡើងដោយ JBAC នាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការរៀបចំកិច្ចប្រជុំពិភាក្សានាថ្ងៃនេះ ដើម្បីបន្ដស្វែករកដំណោះស្រាយសំដៅកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។
កិច្ចប្រជុំបានពិភាក្សាលើបញ្ហា និងសំណូមពរចំនួន ៣ ពាក់ព័ន្ធនីតិវិធីគយរួមមាន ការអនុវត្ដនីតិវិធីបំពេញបែបបទគយ និងការជំរុញបើកដំណើរការជាផ្លូវការមាត់ច្រកស្ទឹងបត់-បានណងអៀន ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ និងវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា បានបេ្តជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ ៖ សិលា