ខេត្តបាត់ដំបង៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាប ជូនសាធារណជនបានជ្រាបថា ដោយកត់សម្គាល់ឃើញនាអំឡុងពេលនេះគឺជារដូវប្រាំង ស្ថានភាពអាកាសធាតុមានការប្រែប្រួលត្រជាក់និងក្តៅខ្លាំងលាយឡំដោយខ្យល់បក់ក្នុងល្បឿនលឿន ហេីយករណីគ្រោះអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅ ក្នុងមូលដ្ឋានខេត្តបាត់ដំបង ។
ជាក់ស្តែងក្នុងអំឡុងពេលពីដើមខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះករណីអគ្គិភ័យកើតឡើងចំនួន ១៨លើក ក្នុងនោះមានក្រុងបាត់ដំបងនិងស្រុកសំឡូត កេីតច្រេីនជាងគេ ក្នុងចំណោមស្រុកផ្សេងទៀត ដែលករណីនេះបណ្តាលឱ្យស្លាប់មនុស្សចំនួន ០៣នាក់ និងខូចខាតទ្រព្យសម្បត្តិលំនៅដ្ឋានសំភារៈ ផលដំណាំនិងសត្វចិញ្ចឹមមួយចំនួនសរុបការខូចខាតជាទឹកប្រាក់ប្រមាណ៣០,២៨០ដុល្លាអាមេរិក។
គ្រោះអគ្គិភ័យទាំងនេះកើតឡើងដោយកត្តារួមផ្សំជាច្រើន ក្នុងនោះមានការឆ្លងចរន្តអគ្គិសនី ការ កត្តាមនុស្ស ការធ្វេសប្រហែសដោយម្ចាស់ទីតាំង ឬលំនៅដ្ឋាន ការដុតជញ្ជ្រាំងនៅតាមវាលស្រែ ការបោះចោលនូវភ្លើង ឬពន្លត់មិនអស់ពីអ្នកដើរព្រៃរុករកសត្វ យកឃ្មុំ និងកត្តាផ្សេងទៀត ។ល។
មើលឃើញស្ថានភាពគ្រោះថ្នាក់ ដូចខាងលើនេះ និងដេីម្បីកាត់បន្ថយ បង្ការទប់ស្កាត់ករណីអគ្គិភ័យក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចសាធារ ណជនទូទៅក្នុងខេត្តបាត់ដំបង មេត្តាប្រុងប្រយ័ត្ន និងចូលរួមអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖
១-ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលចំពោះដើមចម ដែលអាចបង្កើតឱ្យមានគ្រោះថ្នាក់អគ្គិភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការដុតសំរាម ដុតព្រៃ-ចំការ-វាលស្រែ ការបោះចោល កន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ ឬប្រើចរន្ដអគ្គិសនី មិនស្របតាមលក្ខណៈបច្ចេកទេស ការទុកដាក់ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ជាដើម។
២-ប្រជាពលរដ្ឋគប្បីត្រៀមបម្រុងនូវសម្ភារៈមួយចំនួន ដែលអាចសម្រួលឬអន្តរាគមន៍បន្ទាន់ក្នុងពេលមាន គ្រោះអគ្គិភ័យកើតឡើងក្នុងទ្រង់ទ្រាយតូចតាចដូចជា បំពង់ពន្លត់ អគ្គិភ័យ ប្រភពទឹកដែលនៅជិតទុយោបាញ់ទឹក ឈើវែងៗ ដែលភ្ជាប់ដោយទំពក់ សម្រាប់ថ្ពក់ទាញ កាត់ផ្តាច់ការឆ្លងឬឆាបឆេះ ។
៣-មន្រ្តីនគរបាលនៅមូលដ្ឋាន ត្រូវសហការជាមួយអាជ្ញាធរ យកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់បណ្ដាញអគ្គិសនី និងផ្លូវសាធារណៈនៅតំបន់ងាយរងគ្រោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចុះអន្ដរាគមន៍សង្គ្រោះដោយរថយន្តបានទាន់ពេលវេលា។
៤-មន្រ្តីជំនាញ អគ្គិភ័យនៅស្នងការដ្ឋានក៏ដូចជានៅតាមបណ្តាក្រុង ស្រុក ត្រូវចុះធ្វើការផ្សព្វផ្សាយណែនាំក្នុងទ្រង់ទ្រាយធំនិងសកម្មផុលផុសនៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ ហាងលក់និងផ្ទុកទំនិញ ឃ្លាំងស្តុកទុកសម្ភារៈ ស្ថានីយ៍ប្រេង ឥន្ធនៈ ទីតាំងផ្ទុកវត្ថុដែលងាយឆាបឆេះ ឱ្យគាត់បានយល់ដឹងអំពីវិធានការបង្ការ អគ្គិភ័យ ឧបករណ៍សម្ភារៈ ប្រភពយកទឹកឱ្យបានគ្រប់គ្រាន់ បម្រើឱ្យការងារពន្លត់ និងសង្គ្រោះ ដើម្បីធានាដល់កិច្ចអន្ដរាគមន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព លើសពីនេះអប់រំប្រជាពលរដ្ឋកុំឱ្យដុតជញ្ជ្រាំង និងប្រុងប្រយ័ត្នការប្រើភ្លើងនៅទីវាល។
៥-ពេលមានគ្រោះអគ្គិភ័យកើតឡើង សូមធ្វើការផ្តល់ព័ត៌មានជាបន្ទាន់ មកកាន់សមត្ថកិច្ចនគរបាលតាម គ្រប់មធ្យោបាយដែលអាចធ្វើទៅបានឬទំនាក់ទំនងតាមលេខទូរស័ព្ទដែលបានផ្សព្វផ្សាយជាប្រចាំក្នុងផេកហ្វេសប៊ុកស្នងការដ្ឋាន ឬតំណរភ្ជាប់តាម QR code របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជាមួយនេះស្រាប់។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាប និងសូមបន្តចូលរួមសហការជាមួយ សមត្ថកិច្ច ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ដោយ៖តារា