ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល, នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នារដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោក ម៉នសៃ ឡាវមូសុង អគ្គលេខាធិការសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ នឹងចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់ឆ្នាំ២០២៥-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ។
កិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជន បដិវត្តន៍ឡាវ ក្នុងគោលបំណងពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យ កាន់តែរឹងមាំបន្ថែមទៀតរវាងយុវជនគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ដែលជាប្រពៃណីដ៏ល្អប្រសើររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជន បដិវត្តន៍ឡាវ ៕
ដោយ ៖ សិលា