រឿង នៅពីក្រោយសំឡេងច្រៀង(ត)

ចែករំលែក៖

បន្ទាប់ពីរដូវច្រូតកាត់បានបញ្ចប់ទៅ ស្ថានភាពស្រុកភូមិកាន់តែតឹងរ៉ឹង។ ខ្ញុំត្រូវអង្គការឲ្យទៅដើររើសកួរស្រូវឯព្រៃរនាមជាមួយក្មេងស្រីឯទៀត។ រីឯបងទី ៣ របស់ខ្ញុំអង្គការចាត់តាំងឲ្យទៅធ្វើជាប្រធានកងកុមារនៅកំពង់ថ្កូវខាងស្រុកក្រឡាញ់វិញ។ ពេលធ្វើដំណើរទៅព្រៃរនាម ខ្ញុំឃ្លានខ្លាំងពេកធ្វើឱ្យខ្ញុំឈឺពោះយ៉ាងខ្លាំង។ បន្ទាប់ពីអង្គការបានឲ្យបាយខ្ញុំហូប ខ្ញុំក៏បាត់ឈឺភ្លាម តែខ្ញុំនៅប្រាប់អង្គការថា ខ្ញុំនៅឈឺដដែលព្រោះខ្លាចអង្គការចោទថាខ្ញុំឈឺសតិអារម្មណ៍។ ពេលទៅដល់ព្រៃ អង្គការបានឲ្យថ្នាំអាចម៍ទន្សាយមកខ្ញុំលេបទៀតតែខ្ញុំនៅតែប្រាប់អង្គការថា ខ្ញុំនៅតែមិនទាន់បាត់ឈឺទេ ។ ប្រហែល ៤ ថ្ងៃក្រោយមកអង្គការអនុញ្ញាតឱ្យខ្ញុំត្រឡប់មកនៅភូមិតាសៀវវិញ។
បានប្រហែលកន្លះឆ្នាំ ម្ដាយរបស់ខ្ញុំត្រូវផ្ទេរឱ្យទៅនៅភូមិតាសៀវវៀចជាមួយក្រុមស្ត្រីមេម៉ាយ ដើម្បីជួយមើលថែទាំកុមារតូចៗ និងត្បាញមួកស្លឹកត្នោត។ រីឯខ្ញុំវិញអង្គការឱ្យដើរកាត់ទន្ទ្រានខេត្តជាមួយកុមារផ្សេងទៀតទុកធ្វើជី។ ចំណែកបងរបស់ខ្ញុំក្រៅពីគ្រប់គ្រងនិងជួយធ្វើការជាមួយកុមារគាត់មានតួនាទីមួយទៀត គឺបង្រៀនអក្សរដល់ពួកក្មេងៗ ។
លុះចូលដល់ឆ្នាំ ១៩៧៨ កម្មាភិបាលខ្មែរក្រហមមកពីនិរតី បានចូលមកគ្រប់គ្រងនៅតំបន់ដែលខ្ញុំរស់នៅ។ ដោយឃើញខ្ញុំឧស្សាហ៍ និងឆ្លាតផង មិត្តនារីម្នាក់ដែលគ្រប់គ្រងលើពួកកុមារស្រឡាញ់ចូលចិត្ត ហើយបានឱ្យខ្ញុំមករស់នៅលើផ្ទះជាមួយគាត់។ នៅឆ្នាំនោះថ្វីត្បិតការរស់នៅនិងធ្វើការមិនសូវជាតឹងតែងខ្លាំង ប៉ុន្តែរបបអាហារកាន់តែកាត់បន្ថយតិចទៅៗ។ កងកុមារដែលខ្ញុំរស់នៅត្រូវហូបបបររួមគ្នាទាំងអស់។
មករស់នៅទីនេះបានយូរបន្តិចមិត្តនារីនោះបានស្នើសុំឲ្យម្ដាយរបស់ខ្ញុំមកពីតាសៀវវិញ ដើម្បីបានជួយមើលថែផ្ទះផង និងបាននៅជាមួយខ្ញុំផង។ ក្រោយពីម្ដាយរបស់ខ្ញុំមកដល់ មិត្តនារីនោះរឹតតែស្រឡាញ់ក្រុមគ្រួសាររបស់ខ្ញុំច្រើនឡើង ព្រោះគាត់ឃើញម្ដាយរបស់ខ្ញុំចេះធ្វើការងារច្រើន ថែមទាំងចេះដាំដំណាំទៀតផង។ ពួកគេស្រឡាញ់ទុកចិត្តខ្ញុំណាស់។ ថ្ងៃខ្លះគេប្រើឱ្យខ្ញុំចូលទៅក្នុងឃ្លាំងដាក់អីវ៉ាន់យកនេះយកនោះ ក្នុងនោះក៏មានស្រូវ និងអង្ករផងដែរ។ថ្ងៃមួយខ្ញុំបែកគំនិតពេលហូបបាយរួច ក៏ដើររើសស្លឹកត្នោតមកចាក់ធ្វើកាតំមួយធំល្មម។ ពេលដែលគេប្រើខ្ញុំទៅឃ្លាំងលើកក្រោយ ខ្ញុំក៏លួចយកអង្ករច្រកចូលក្នុងកាតំដែលបានចាក់ទុកយកទៅផ្ញើនឹងចុងភៅដែលស្គាល់គ្នាឲ្យគាត់ជួយដាក់ចូលខ្ទះពេលដាំបបរ។ អង្ករនេះមិនមែនចេះតែអាចហូបបានរាល់ថ្ងៃទេ យូរៗម្ដង ទើបហ៊ានលួចម្ដងដើម្បីកុំឲ្យគេសង្ស័យ។
នៅប្រហែលពាក់កណ្ដាលឆ្នាំ ពួកនិរតីត្រូវបានអង្គការដកចេញទៅណាក៏មិនដឹង។ សភាពការណ៍កាន់តែមានភាពតឹងតែងឡើង។ មុនពេលចាកចេញ មិត្តនារីដែលធ្លាប់ស្រឡាញ់គ្រួសាររបស់ខ្ញុំបានផ្ដាំផ្ញើយើងថា ត្រូវរស់នៅ និងនិយាយស្ដីឱ្យប្រុងប្រយ័ត្នប្រយែងខ្លួនឲ្យមែនទែន អស់ពីពួកគាត់ទៅក្រុមដែលមកនៅតាមក្រោយនេះ គឺតឹងរ៉ឹងណាស់។ បើមានបញ្ហាឬទំនាស់អី មិនត្រូវប្រកែកតវ៉ាជាមួយនឹងគេទេ។ គាត់ថែមទាំងឲ្យ ស្ករ អំបិល និងអង្ករខ្លះៗ ទុកនឹងចុងភៅ ហើយផ្ដាំចុងភៅឲ្យជួយមើលថែគ្រួសាររបស់ខ្ញុំ។ ផ្ដាំហើយគាត់លាចេញទៅ។ចាប់តាំងពីពេលនោះមកយើងមិនដែលបានជួប ឬឮដំណឹងពីគាត់ទៀតទេ។
បន្ទាប់ពីពួកអ្នកថ្មីចូលមកគ្រប់គ្រងភ្លាម យើងទាំងអស់គ្នាដល់ពេលចាប់ផ្ដើមធ្វើការងារស្រែចម្ការទៀតហើយ។ ម្នាក់ៗខំប្រឹងធ្វើការងារអត់ហ៊ានប្រកែកតវ៉ាទេ។ វិន័យកាន់តែតឹង ការសម្លាប់ប្រជាជនមានកាន់តែច្រើនឡើង ការប្រជុំផ្ទៃក្នុងដែលជាទូទៅប្រជុំរៀងរាល់មួយខែម្ដងនោះ ត្រូវបានប្រែមកជាប្រជុំកាន់តែញឹកញាប់។ ខ្លឹមសារប្រជុំគ្មានអ្វីប្លែកទេក្រៅពីប្រជុំលើកសរសើរអង្គការជំរុញឲ្យអ្នកភូមិខិតខំធ្វើការងារស្រែចម្ការជីកប្រឡាយធ្វើផ្លូវគមនាគមន៍ឲ្យសម្រេចទៅតាមផែនការរបស់អង្គការ និងសំឡុតគំរាមប្រជាជនកុំឲ្យមានចិត្តក្បត់នឹងអង្គការ ឬមានគំនិតចង់ធ្វើបដិវត្តន៍ជាដើម។ បន្ទាប់ពីប្រជុំចប់យើងត្រូវស្រែកបន្តថា ជយោ! ជយោ! អង្គការមហាលោតផ្លោះ មហាអស្ចារ្យ។
* ខែមករាឆ្នាំ ១៩៧៩
ថ្ងៃនោះបងប្រុសរបស់ខ្ញុំបានឆ្លងពីត្រើយម្ខាងមកជួបម្ដាយរបស់ខ្ញុំហើយខ្សឹបផ្ដល់ដំណឹងថា សភាពការណ៍នៅតាមព្រំដែនភាគខាងកើតចាប់ផ្ដើមប្រែប្រួលហើយ។ គាត់ថា ឥឡូវកងទ័ពវៀតណាមចូលស្រុកហើយ។ ម្ដាយរបស់ខ្ញុំមិនជឿបងរបស់ខ្ញុំទេថែមទាំងស្ដីបន្ទោសគាត់ទៀតថា កុំចេះតែនិយាយផ្ដេសផ្ដាសប្រយ័ត្នឈ្លបមកឮ ហើយរាយការណ៍ទៅប្រាប់អង្គការទៅ គ្រួសារយើងច្បាស់ជាមិនរួចខ្លួនទេ។ បងប្រុសរបស់ខ្ញុំប្រាប់ថា គាត់បានឮរឿងនេះពីមិត្តរបស់គាត់ម្នាក់ដែលជាប្រជាជនមូលដ្ឋានបានប្រាប់គាត់ច្បាស់ណាស់ ហើយរឿងនេះក៏មានចាក់ផ្សាយតាមវិទ្យុដែរ។ពេលនោះម្ដាយរបស់ខ្ញុំមិនមាត់កអ្វីទៀតដែរ មានតែនាំគ្នារង់ចាំមើលសភាពការជាក់ស្ដែង។
ថ្ងៃមួយម្ដាយរបស់ខ្ញុំកើតខ្យល់មិនស្រួលខ្លួន។ គាត់បានហៅអ៊ំចុងភៅមកជួយកោសខ្យល់ឱ្យ។ដំណាលគ្នានោះដែរ ខាងអង្គការបានប្រើក្រុមឈ្លបឲ្យដើរឆែកឆេរតាមផ្ទះអ្នកស្រុកដើម្បីប្រមូលយកមាសតាមផ្ទះ។ ម្ដាយរបស់ខ្ញុំមានមាសជាច្រើនដែលសន្សំទុកមកតាំងពីចេញពីស្រុកក្រឡាញ់មក។គាត់ទុកដាក់ជាប់ខ្លួនជានិច្ច ជួនកាលគាត់យកខ្សែកមកតជាមួយខ្សែដៃពាក់ធ្វើជាខ្សែចង្កេះ។ ជួនកាលគាត់លាក់ទុកក្នុងហោប៉ៅអាវក្នុង។

ថ្ងៃនោះកងឈ្លបឡើងមកដល់លើផ្ទះរួចឆែកឆេរក្នុងផ្ទះដើម្បីរកមើលក្រែងលោម្ដាយរបស់ខ្ញុំមានលាក់ទុកមាស។ ប៉ុន្តែពួកគេរើមិនឃើញមានមាសទេ។ កងឈ្លបបានរកឃើញសំពត់ហូលផាមួង និងអន្លូញមួយឈុត ហើយស្ដីឱ្យម្ដាយរបស់ខ្ញុំថា ” យាយឯងនេះជាមនុស្សកម្មសិទ្ធិក្រាស់ណាស់ យាយឯងហ៊ានលួចលាក់ទុកសំពត់ល្អៗមិនព្រមយកទៅចែកជូនអង្គការ យាយឯងគង់តែមានថ្ងៃអង្គការយកទៅរៀនសូត្រទេ។
កងឈ្លបបម្រុងនឹងយកសំពត់ទាំងអស់នោះទៅហើយ ស្រាប់តែប្រធានភូមិមកជួយនិយាយថា៖ថ្នាក់លើដាក់បញ្ជាឲ្យមកប្រមូលតែមាសទេ មិនបានឲ្យយករបស់ផ្សេងទៀតទេ។ កងឈ្លបឮដូច្នោះដូចជាខឹងក៏ទម្លាក់ទុកវិញ ប៉ុន្តែមិនទាន់ចប់ទេ ឈ្លបស្រីរាងចំណាស់ម្នាក់ទៅឆែកឆេរខ្លួនរបស់ម្ដាយខ្ញុំ ទើបប៉ះខ្សែក ខ្សែដៃមាសនិងបន្តោងខ្សែកមួយដែលមានរូបម្ដាយ និងឪពុករបស់ខ្ញុំ។ គ្រាន់តែបើកឃើញរូបថតភ្លាម ឈ្លបស្រាប់តែភ្ញាក់ផ្អើលដោយសារឃើញអាវដែលឪពុករបស់ខ្ញុំពាក់មានសក្តិ។ កងឈ្លបចែកគ្នាជួយមើល ហើយបែរមកគំរាមម្ដាយរបស់ខ្ញុំថា” ប្ដីយាយឯងនេះសង្ស័យធ្វើការធំក្នុងជួររាជការហើយ បានមានស័ក្តិមានអីពាក់ដូចនេះ។ ម្យ៉ាងទៀតបើអ្នកល្មមៗក៏គ្មានលទ្ធភាពទៅធ្វើបន្តោងខ្សែកបែបនេះដែរ” ។ ថាហើយពួកវាគំរាមម្ដាយរបស់ខ្ញុំថា នឹងយករូបនោះទៅឲ្យអង្គការលើពិនិត្យមើល បើសិនជាពួកវារកឃើញថាឪពុករបស់ខ្ញុំជាអ្នកធ្វើការក្នុងសម័យលន់ នល់ មែន ក្រុមគ្រួសាររបស់ខ្ញុំនឹងមិនរួចខ្លួនទេ។(នៅមានត។)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print