ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ លោក ពេជ ពិសិដ្ឋ ដែលតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានថ្លែងបញ្ជាក់ថា ដោយសារពាក់ព័ន្ធបទល្មើសញុះញង់ឱ្យមានការរើសអើង។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារគាត់ញុះញង់ឱ្យមានការរើសអើង គាត់និយាយវីដេអូឃ្លីប វាយប្រហាររាជរដ្ឋាភិបាល គាត់មិនសហការក្នុងការផ្ដល់ចម្លើយ ដែលសុទ្ធជាបទល្មើស ដែលគាត់បង្កឡើង ហើយគាត់ក្លែងអត្តសញ្ញាណចឹងទៀត»។
មុនឈានដល់ការឃាត់ខ្លួននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញលិខិតកោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធការប្រើប្រាស់បណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ខណៈបុគ្គលរូបនេះ ក៏រងបណ្ដឹងពីលោក ផែង វណ្ណៈ ដែលបានប្ដឹងទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។
តាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ជា ពៅ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖តារា