ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលម្សិលមិញនេះបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់រៀបចំមុខងារ រចនាសម្ព័ន្ធ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យបានសមស្របជាមួយនឹងគោលដៅរួមរបស់រាជរដ្ឋាភិបាល។
នៅចំពោះមុខអង្គពិធី លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្មបានដាក់ចេញការងារស្នូលចំនួន ១១ចំណុចលើការវិភាគមុខងាររួមមាន (១)វិធានការសេដ្ឋកិច្ច ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការសម្រួលខ្សែច្រវាក់តម្លៃរក្សាស្ថិរភាពថ្លៃ និងតម្រង់ទិសដល់កសិករ (២)ការផ្តល់បច្ចេកទេសកសិកម្ម និងការប្រមូលផល (៣)តម្រង់ទិសសម្រួលខ្សែច្រវាក់តម្លៃ (៤)ការស្រាវជ្រាវធាតុចូលកសិកម្ម (៥)ការគ្រប់គ្រងធាតុចូលកសិកម្ម (៦)ការគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ (៧)ការផ្តល់សេវាពិសោធន៍ធាតុចូលកសិកម្មផ្សេងៗ (៨)ការផ្តល់បច្ចេកទេសកែច្នៃបឋម (៩)ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម រួមមានធនធានដី ព្រៃឈើ សត្វព្រៃ និងបរិស្ថាន (១០)ការស្រាវជ្រាវ និងបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញវិជ្ជាជីវៈកសិកម្ម (១១)ការគ្រប់គ្រងផលិតកម្មដៃគូ និងវិស័យឯកជន។
ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសេចក្តីព្រាងអនុក្រឹត្យនេះនឹងចេញជាផ្លូវការ ហេីយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត និងជាគំរូមួយដ៏ល្អសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ៕ដោយ៖តារា