ខេត្តកំពត៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តកែប និងខេត្តកំពត ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករ និង ពង្រឹងការងារសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រស្បូវអណ្តែត ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រស្បូវអណ្តែត ស្ថិតនៅក្នុងភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត មានសក្តានុពលស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៨០០ហិកតា និងស្រូវប្រាំង ៨០០ហិកតា។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ១)ប្រឡាយមេស្បូវអណ្តែតប្រវែង ៦៧៥០ម៉ែត្រ ២)ប្រឡាយរងដីចំនួន ៦ខ្សែ ប្រវែង ៨ ១៤២ម៉ែត្រ ៣)ប្រឡាយរងបេតុងចំនួន ២ខ្សែ ប្រវែង ១៤៦៦ ម៉ែត្រ និង ៤)សំណង់សិល្បការ្យសរុបចំនួន ១៧កន្លែង។
ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករប្រមាណ ៤៥៩ហិកតា ក្នុងឃុំស្តេចគង់ខាងត្បូង ឃុំស្តេចគង់ខាងលិច និងឃុំទូកមាសខាងលិច ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីបូមទឹកដើរដោយចរន្តអគ្គិសនី ដើម្បីបូមទឹកនៅភូមិសង្កែដួច ឃុំស្តេចគង់ខាងត្បូង និងប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះចំនួន ៣គ្រឿង ដើម្បីបូមទឹកនៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ព្រមទាំងប្រើប្រាស់ស្ថានីយបូមទឹកបណ្តែតហ៊ុនសែនទី៥៥ ទូកមាស ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ក្នុងភូមិកោះទន្សែ និងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស៕ដោយ៖តារា